វាយ​ប្រហារ​តាម​ផ្លូវ​អាកាស ស្លាប់​៩០​នាក់​នៅ​ស៊ីរី ក្រោយ​ប្រកាស​គម្រោង​បទ​ឈប់​បាញ់​ថ្មី

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ៩០​នាក់​បាន​ស្លាប់ នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស ក្នុង​ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​សៅរ៍ ទី​១០ និង ថ្ងៃ​អាទិត្យ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ។

 

វាយ​ប្រហារ​តាម​ផ្លូវ​អាកាស ស្លាប់​៩០​នាក់​នៅ​ស៊ីរី ក្រោយ​ប្រកាស​គម្រោង​បទ​ឈប់​បាញ់​ថ្មី

 

ហេតុការណ៍​នេះ​បាន​កើត​ឡើង តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​សហរដ្ឋអាមេរិក និង រុស្ស៊ី បាន​ប្រកាស​គម្រោង​បទ​ឈប់​បាញ់​ថ្មី​មួយ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង នៅ​ល្ងាច ថ្ងៃ​ច័ន្ទ ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៦ នេះ ខណៈ​ស៊ីរី​បាន​ប្រកាស​គាំទ្រ ចំពោះ​បទ​ឈប់​បាញ់ ដែល​បាន​ព្រមព្រៀង​គ្នា កាល​ពី​ថ្ងៃ​សៅរ៍ កន្លង​ទៅ។ ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​នេះ បាន​កើត​ឡើង នៅ​ក្នុង​តំបន់​ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម នៃ​ទីក្រុង​អ៊ីដលីប នៅ​ភាគ​ពាយ័ព្យ និង ទីក្រុង​អាឡេប៉ូ នៅ​ភាគ​ខាង​ជើង នៃ​ប្រទេស​ស៊ីរី។ នេះ​បើ​យោង​តាម​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរី។

 

គួរ​បញ្ជាក់​ថា ទីក្រុង​អ៊ីដលីប បាន​ទទួល​រង​ការ​វាយ​ប្រហារ​អាក្រក់​បំផុត ដោយ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ៦១​នាក់​បាន​ស្លាប់ និង ជាង​១០០​នាក់​ផ្សេង​ទៀត​រង​របួស ដោយ​សារ​ការ​វាយ​ប្រហារ​ទៅ​លើ​ផ្សារ ដែល​មាន​មនុស្ស​ច្រើន​មួយ​កន្លែង។ នេះ​បើ​តាម​សកម្មជន​ម្នាក់ ដែល​ជា​សាក្សី​បាន​ឃើញ​ហេតុការណ៍ ប្រាប់​ទៅ​សារព័ត៌មាន CNN។

 

សកម្មជន​ខាង​លើ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Omar បាន​និយាយ​ថា «យើង​បាន​លឺ​សំឡេង​ផ្ទុះ។ យន្តហោះ​បង្ក​ហេតុ​បាន​មក​ដល់ នៅ​អំឡុង​ម៉ោង ១២ និង ៣០​នាទី​ថ្ងៃ​ត្រង់ (ម៉ោង​ក្នុង​តំបន់)។ គ្រាប់​បែក ២ ឬ ៣​គ្រាប់ បាន​ធ្លាក់​ចុះ​ចំ​កណ្តាល​ផ្សារ​តែម្តង»៕

 

វាយ​ប្រហារ​តាម​ផ្លូវ​អាកាស ស្លាប់​៩០​នាក់​នៅ​ស៊ីរី ក្រោយ​ប្រកាស​គម្រោង​បទ​ឈប់​បាញ់​ថ្មី

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ CNN