​អាមេរិកប្រារព្ធខួប១៥ឆ្នាំនៃភេរវកម្ម១១កញ្ញា២០០១

ថ្ងៃអាទិត្យនេះ ជាថ្ងៃខួប១៥ឆ្នាំនៃភេរវកម្មក្រុងញូវយក ថ្ងៃ១១កញ្ញា ឆ្នាំ២០០១ នៅអាមេរិក។ ១៥ឆ្នាំមុននេះ ក្រុមអាល់កៃដា បានប្រើយន្តហោះវាយប្រហារអគារសំខាន់ៗ នៅក្រុងញូវយក សម្លាប់មនុស្ស២៩៧៧នាក់។ មនុស្សជាង៦០០០នាក់បានរងរបួស។ រហូតពេលនេះ គេមិនទាន់រកឃើញអត្តសញ្ញាណសាកសពជនរងគ្រោះ១១១៣នាក់ នៅឡើយទេ។

ក្នុងថ្ងៃខួប១៥ឆ្នាំ ថ្ងៃអាទិត្យនេះ បេក្ខជនប្រធានាធិបតី ហ៊ីលឡារី គ្លីនតុន និងដូណាល់ ត្រាំ ចូលរួមឧទ្ទិសដល់ជនរងគ្រោះ នៅGround Zéro។ ប្រធានធិបតីអូបាម៉ាវិញ ឧទ្ទិសដល់ជនរងគ្រោះនៅមន្ទីរប៉ង់តាហ្កូន ជាមួយរដ្ឋមន្ត្រីការពារជាតិ អាស្ហតុន ខាថឺ។ ប៉ង់តាហ្កូនក៏ជាផ្ទាំងស៊ីប នៃការវាយប្រហារភេរវកម្ម កាលពីថ្ងៃ១១កញ្ញាឆ្នាំ២០០១ដែរ។

១៥ឆ្នាំក្រោយភេរវកម្មក្រុងញូវយក អាមេរិកនៅតែមិនអាចបញ្ចប់សង្គ្រាមប្រឆាំងភេរវកម្ម
ថ្ងៃខួប១៥ឆ្នាំ ភេរវកម្ម១១កញ្ញានេះ ជាខួបចុងក្រោយ ក្នុងអាណត្តិរបស់លោកអូបាម៉ាដែរ។ លោកអូបាម៉ាប្រកាន់នយោបាយសន្តិភាព តែក៏មិនអាចអោយអាមេរិកបញ្ឈប់ការធ្វើសង្គ្រាមនៅក្រៅប្រទេសបាន។ សង្គ្រាមនៅតែបន្តមានអចិន្ត្រៃយ៍ ប្រឆាំងក្រុមភេរវជនរដ្ឋអ៊ីស្លាម នៅដើមបូព៌ា ដូចយើងសង្កេតឃើញសព្វថ្ងៃ។

ត្បិតថា ធ្វើក្នុងដែនកំណត់ តែអាមេរិក នៅតែបន្តប្រតិបត្តិការ ដាក់ចេញយន្តហោះដ្រូន ដាក់កងកម្លាំងពិសេស រឺបណ្តុះបណ្តាលទាហានជាដើម។ អាមេរិកបន្តជួយសម្ភារៈ រឺជាយោបល់ តាមប្រទេសស៊ីរី អ៊ីរ៉ាក់ អាហ្វហ្កានីស្ថាន លីប៊ី រឺក៏យេម៉ែន។ ខាងចារកិច្ចCIA FBI រឺNSAឯណោះវិញ ក៏មានតម្លើងថវិកាសឹងទ្វេដងដែរ។

គេពិបាកបន្ទោសលោកអូបាម៉ាបានទាំងស្រុង ព្រោះសង្គ្រាមដែលនៅបន្តអចិន្ត្រៃយ៍នេះ វាជាផលវិបាកបន្សល់ទុកដោយអាណត្តិរបស់ប្រធានាធិបតីមុន គឺលោកចច ដាប់ប៊ែលយូ ប៊ុស្ហ។ ប្រធានាធិបតីប៊ូស មិនដូចលោកអូបាម៉ាទេ។ លោកប៊ូស ប្រកាន់នយោបាយថា បើឯងវាយអញ អញក៏វាយឯងភ្លាមៗដែរ ថ្ងៃក្រោយយ៉ាងណានោះ ចាំគិតគ្នាតាមក្រោយទៀត។

ក្រុមអាល់កៃដា បង្កភេរវកម្ម១១កញ្ញាសម្លាប់ពលរដ្ឋអាមេរិក ក្នុងទឹកដីអាមេរិកខ្លួនឯង។ រដ្ឋាភិបាលលោកប៊ូស អាម៉ាសមុខ ដែលមិនអាចការពារសន្តិសុខក្នុងទឹកដីខ្លួនបាន ម្ល៉ោះហើយលោកប៊ូសប្រហែលក្តៅចិត្តមិនតិចទេ កាលនោះ ក៏ធ្វើសង្គ្រាមប្រឆាំងក្រុមអាល់កៃដាតែម្តងទៅ។

សង្គ្រាមប្រឆាំងក្រុមអាល់កៃដា និងក្រុមតាលីបង់ នៅអាហ្វហ្កានីស្ថាន មានប្រទេសអឺរ៉ុបចូលរួមជួយដែរ។ លោកប៊ូសឡើងប្រជាប្រិយភាពដោយសារភាអង់អាច ទៅវាយក្រុមភេរវជនដើម្បីសងសឹកនេះឯង។ ហើយលោកប៊ូសក៏បន្តយកលេសវាយរហូតដល់អ៊ីរ៉ាក់ទៀត។

តែអន្តរាគមន៍យោធាផ្សេងៗ បន្តពីថ្ងៃ១១កញ្ញា២០០១នោះ មិនបាននាំស្ថិរភាពអ្វី ដូចការសង្ឃឹមទុករបស់អាមេរិកទេ មានតែចូលរួមបង្កើនអស្ថិរភាពទៅវិញ ធ្វើអោយអាហ្វហ្កនីស្ថានខ្ទេចខ្ទាំ ធ្វើអោយអ៊ីរ៉ាក់ដែលធ្លាប់មានអារ្យធម៌រុងរឿង ដុនដាប រហូតមានការករកើតក្រុមជីហាតរដ្ឋអ៊ីស្លាមដ៏ខ្លាំងក្លាដូចសព្វថ្ងៃនេះ។ ផលវិបាកគឺថា ក្រុមភេរវជនគំរាម និងបង្កអសន្តិសុខ រាលដាលរហូតដល់ទ្វីបអឺរ៉ុបទៅទៀត។

លោកអូបាម៉ាខំថ្លឺងថ្លែងមិនអោយអាមេរិកបន្តដើរលើផ្លូវខុស តែខំបញ្ចៀសណាស់ ក៏ពិបាកណាស់ដែរ ព្រោះពេលនេះ ជម្លោះដើមបូព៌ា លាយឡំជាមួយប្រតិបត្តិការកំចាត់ក្រុមភេរវជន បានវិវត្តន៍ទៅរកភាពស្មុគស្មាញ។

អាមេរិកមិនបិទភ្នែកចំពោះជនជ្រុលនិយមអ៊ីស្លាមក្នុងស្រុកទេ
លោកអូបាម៉ាធ្លាប់លើកឡើងថា ក្រុមភេរវជនមិនមែនជាការគំរាមអត្ថិភាពសម្រាប់អាមេរិកទេ។ ក្នុងទឹកដីអាមេរិក ការគំរាមរបស់ក្រុមជីហាត គ្រាន់តែជាការគំរាមមួយ ក្នុងចំណោមការគំរាមផ្សេងៗបែបយ៉ាង ហិង្សាដោយការប្រើប្រាស់អាវុធ រឺហិង្សាបង្កឡើងដោយក្រុមបរិស្ថានជ្រុលនិយម ដែលគេមិនបានលើកមកនិយាយជាចំបងតែប៉ុណ្ណោះ។

ទោះអះអាងយ៉ាងនេះក្តី ក៏លោកអូបាម៉ាមិនបិទភ្នែកដែរ។ ផ្នែកសន្តិសុខជាតិត្រៀមខ្លួនជានិច្ចប្រឈមនឹងក្រុមអ៊ីស្លាម ជ្រុលនិយមក្នុងស្រុក ពិសេសក្រោយមានភេរវកម្មសម្លាប់មនុស្ស នៅរង្គសាលរដ្ឋផ្លរីត កាលពីខែមិថុនា។

យោងតាមអ្នកជំនាញ សង្គ្រាមសម័យថ្មី មិនមែនបង្កឡើងរវាងតែប្រទេស២រឺ៣ទេ គឺអាចកើតឡើង រវាងប្រទេសមួយ រឺរដ្ឋមួយ និងក្រុមភេរវជនមួយក្រុមបានដែរ។ ហេតុនេះហើយ ទើបសព្វថ្ងៃ ក្រុមភេរវជន អាល់កៃដា រឺក៏អង្គការរដ្ឋអ៊ីស្លាម បានក្លាយជាតួអង្គសត្រូវ របស់អាមេរិក អឺរ៉ុប រឺក៏ប្រទេសនៅដើមបូព៌ាជាដើម។

ទិសដៅប្រឆាំងអាមេរិក របស់មេក្រុមអាល់កៃដា បិន ឡាដិន នៅតែជោគជ័យ ?
កាលពីខែឧសភា ឆ្នាំ២០១១ អាមេរិកបានសម្រេចជោគជ័យកំចាត់បាន អ៊ូសាម៉ា បិន ឡាដិន។ អ៊ូសាម៉ា បិន ឡាដិនស្លាប់ទៅហើយមែន តែគំនិតមេក្រុមអាល់កៃដារូបនេះ ប្រហែលជាបានទទួលជោគជ័យទៅវិញទេ ព្រោះសព្វថ្ងៃ អាមេរិកនិងសហគមន៍អន្តរជាតិនៅមិនទាន់កំចាត់ក្រុមភរវជនបាន នៅឡើយ។

យោងតាម អូម៉ា ជាកូនប្រុសម្នាក់របស់បិន ឡាដិន កាលពីនៅរស់ បិនឡាដិន ចង់អោយអាមេរិកត្រលប់ទៅអាហ្វហ្កានីស្ថានវិញ។ ភេរវកម្ម១១កញ្ញាឆ្នាំ២០០១ ជាផែនការរាប់ឆ្នាំរបស់ក្រុមអាល់កៃដា ដើម្បីធ្វើអោយអាមេរិកខឹង ម្ល៉ោះហើយអាមេរិកខឹងក៏បញ្ជូនទ័ពទៅវាយក្រុមភេរវជននៅអាហ្វហ្កានីស្ថាន ដូចបំណងបិនឡាដិនមែន។ ទិសដៅបិនឡាដិន និងក្រុមភេរវជន គឺថា សង្គ្រាមធ្វើអោយទាហានអាមេរិកក្នុងសមរភូមិភ័យខ្លាច ហើយកាលណាមានសង្គ្រាមច្របូកច្របល់រញ៉េរញ៉ៃ ក្រៅទឹកដីអាមេរិក នោះក្រុមភរវជនដូចជាអាល់កៃដា រឺតាលីបង់ អាចមានលទ្ធភាពសម្រេចអ្វីមួយពិសេសក៏ថាបាន។

លោកអូបាម៉ាមិនទាន់អាចបិទទ្វារពន្ធនាគារហ្កាតាណាម៉ូបានទាំងស្រុង
ប៉ុន្មានថ្ងៃមុននេះ ក្រសួងការពារជាតិបានប្រាប់ថា បានបិទមន្ទីរឃុំឃាំងមួយកន្លែង នៅហ្កាតាណាម៉ូ។ អាមេរិកនឹងប្រែក្លាយមន្ទីរឃុំឃាំងនេះ ទៅជាមន្ទីរពេទ្យវិញ។ នៅហ្កាតាណាម៉ូសព្វថ្ងៃ មានសល់អ្នកទោស៦១នាក់ គឹនៅតិចតួច។ កាលពីដើម មានអ្នកទោសរហូត៧៨០នាក់។

នៅដំណាច់ឆ្នាំ២០១៦ នេះដែរ អាមេរិកនឹងបន្ថយទាហាននៅហ្កាតាណាម៉ូ ៤០០នាក់។ សព្វថ្ងៃ អាមេរិកមាននៅទីនោះ ១៩៥០នាក់។

ការដែលមិនអាចបិទទ្វាគុកទាំងស្រុង ក៏ដោយសារពិបាករកប្រទេសដែលសុខចិត្តទទួលយកអ្នកទោស អោយទៅរស់នៅ។ ហើយបញ្ហាមួយទៀតនោះ គឹផលវិបាកផ្លូវច្បាប់។ ជនសង្ស័យដែលអាចជាប់ពាក់ព័ន្ធនឹងភេរវកម្មថ្ងៃ១១កញ្ញា ហើយដែលអាមេរិកចាប់ឃុំនៅហ្កាតាណាម៉ូនោះ មិនបានឆ្លងកាត់ការកាត់ទោសតាមច្បាប់ទេ ដូច្នេះ អាចមានជនគ្មានទោសក្នុងនោះដែរ។

កន្លងមក លោកអូបាម៉ា បានដោះលែងអ្នកទោសដែលជាប់ត្រឹមការសង្ស័យ មួយចំនួនអោយមានសេរីភាពឡើងវិញ។ ទោះមិនបានសម្រេចគោលនយោបាយបិទគុកទាំងស្រុង មិនបានអោយអាមេរិកបញ្ចប់សង្គ្រាមទាំងស្រុង ក៏លោកអូបាម៉ាបានធ្វើអ្វីដែលលោកអាចធ្វើបាន។ ពោលយ៉ាងហោច គេអាចថា លោកមានចិត្តសន្តិភាព ជាងប្រធានាធិបតីប៊ូស អាណត្តិមុនបានដែរ៕

ប្រភព៖ RFI


​អាមេរិកប្រារព្ធខួប១៥ឆ្នាំនៃភេរវកម្ម១១កញ្ញា២០០១

ស.រ.អា និងជប៉ុន ពិចារណាបន្ថែមទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង បន្ទាប់ពីការសាកល្បងអាវុធនុយក្លេអ៊ែរ

​អាមេរិកប្រារព្ធខួប១៥ឆ្នាំនៃភេរវកម្ម១១កញ្ញា២០០១

កូរ៉េខាងត្បូងគំរាមកម្ទេចកូរ៉េខាងជើងឲ្យក្លាយទៅជាផេះ រលាយបាត់ពីផែនទីពិភពលោក