​​ចិននិងរុស្ស៊ីបើកធ្វើសមយុទ្ធទ័ពជើងទឹករួមគ្នានៅសមុទ្រចិនខាងត្បូង

ចិននិងរុស្ស៊ីនឹងបើកធ្វើសមយុទ្ធទ័ពជើងទឹករួមគ្នា នៅថ្ងៃចន្ទនេះ នៅក្នុងសមុទ្រចិនខាងត្បូង ហើយសមយុទ្ធនេះនឹងមានរយៈពេល ៨ថ្ងៃ។ នេះបើយោងតាមសេចក្តីប្រកាសរបស់កងទ័ពជើងទឹកចិន កាលពីថ្ងៃអាទិត្យ។ សមយុទ្ធនេះបើកធ្វើ នៅក្នុងពេលដែលជម្លោះក្នុងសមុទ្រចិនខាងត្បូងកំពុងតែមានសភាពតានតឹងខ្លាំង និងជាពិសេស ក្រោយពីមានសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលក្រុងឡាអេ ដែលកំណត់ឲ្យចិនចាញ់ក្តីហ្វីលីពីន។

សមយុទ្ធដែលគេឲ្យឈ្មោះថា “Joint Sea-2016” គឺជាសមយុទ្ធទ្រង់ទ្រាយបំផុត ដែលមិនធ្លាប់មាន រវាងចិន និងរុស្ស៊ី។ នេះបើយោងតាមសេចក្តីប្រកាសរបស់កងទ័ពជើងទឹកចិន ដែលបានបញ្ជាក់បន្ថែមថា សមយុទ្ធនេះមានការចូលរួមពីសំណាក់នាវាចម្បាំង នាវាមុជទឹក ព្រមទាំងយន្តហោះចម្បាំងជាច្រើនគ្រឿង ហើយនៅក្នុងសមយុទ្ធនេះ កងទ័ពចិន និងរុស្ស៊ី នឹងធ្វើការហាត់សមអំពីការធ្វើប្រតិបត្តិការទ័ពរួមគ្នា ទាក់ទងនឹងប្រតិបត្តិការសង្រ្គោះ ការការពារទល់នឹងការវាយប្រហារពីសត្រូវ ប្រតិបត្តិការប្រមាញ់នាវាមុជទឹកសត្រូវ ប្រតិបត្តិការវាយលុកដណ្តើមកាន់កាប់កោះ ព្រមទាំងប្រតិបត្តិការយោធាជាច្រើនផ្សេងទៀត។

គួរបញ្ជាក់ថា គម្រោងធ្វើសមយុទ្ធរួមគ្នានេះ ត្រូវបានប្រកាសឲ្យដឹងតាំងពីខែកក្កដាកន្លងទៅ ដោយនៅពេលនោះ រដ្ឋាភិបាលក្រុងប៉េកាំងបានអះអាងថា សមយុទ្ធនេះរៀបចំធ្វើឡើង ដើម្បីពង្រឹងទំនាក់ទំនងយោធា រវាងចិន និងរុស្ស៊ី ហើយមិនមានគោលដៅប្រឆាំងនឹងប្រទេសណាមួយនោះទេ។

ក៏ប៉ុន្តែ បើទោះបីជាយ៉ាងណា សមយុទ្ធដែលធ្វើឡើងនៅក្នុងសមុទ្រចិនខាងត្បូង ក្នុងបរិបទនៃជម្លោះដ៏តានតឹងបែបនេះ ចង់ឬមិនចង់ ប្រាកដជានឹងធ្វើឲ្យគេសំឡឹងឃើញថា គឺជាការបង្ហាញសាច់ដុំដាក់ប្រទេសដែលជាប់ជម្លោះ ហើយម្យ៉ាងទៀត ការណ៍ដែលចិនចាប់ដៃជាមួយរុស្ស៊ីនៅក្នុងការធ្វើសមយុទ្ធនេះ ទំនងជាដើម្បីឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលកំពុងតែព្យាយាមចងសម្ព័ន្ធភាពជាមួយប្រទេសក្នុងតំបន់ ដើម្បីមកប្រជែងជាមួយចិន។

ជាទូទៅ គេសង្កេតឃើញថា ចិន និងរុស្ស៊ី ដែលសុទ្ធសឹងជាប្រទេសសមាជិកអចិន្រ្តៃយ៍មានសិទ្ធិវ៉េតូ ក្នុងក្រុមប្រឹក្សាសន្តិសុខអ.ស.ប តែងតែប្រកាន់ជំហរស្រដៀងគ្នា នៅក្នុងសំណុំរឿងអន្តរជាតិធំៗ ហើយទំនាក់ទំនង រវាងប្រទេសទាំងពីរនេះហាក់ដូចជាមានភាពកាន់តែស្និទ្ធស្នាលខ្លាំងឡើង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស គឺនៅក្រោយពីចិនមានការប្រឈមមុខខ្លាំងជាមួយអាមេរិក នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ចំណែកឯរុស្ស៊ីក៏មានភាពចម្រូងចម្រាសខ្លាំងជាមួយអាមេរិក នៅក្នុងវិបត្តិអ៊ុយក្រែន និងស៊ីរី៕

ប្រភព៖ RFI


Related Posts