រុស្ស៊ី ​និង​ចិន​ចាប់ផ្ដើម​សមយុទ្ធ​ទ័ព​សមុទ្រថ្ងៃនេះ​

យោង​តាម​ការ​ចុះផ្សាយ​ពត៌មាន​ដោយ​គេហទំព័រ​ Press TV ​កាលពី​​ថ្ងៃទី១៣​ ខែសីហា​កន្លង​ទៅនេះ​បានឱ្យ​ដឹងថា​ មហា​យក្ស​សព្វាវុធ​មានរុស្ស៊ី​ និងចិន​បាន​ព្រមព្រៀង​ណាត់​ជួប​គ្នា​បង្ហាញ​សាច់ដុំ​ទ័ព​ជើង​ទឹក​លើ​ដែន​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុង​មាន​ជម្លោះ​ ដោយ​បាន​ប្រតិបត្តិ​នូវ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​ប្រទេស​ទាំងពីរ​រយៈពេល​១សប្ដាហ៍ ​ដែល​សមយុទ្ធ​ដ៏ធំ​មិនធ្លាប់​មាននេះ​គឺនឹង​ត្រូវចាប់​ផ្ដើម​នៅភាគ​ខាងត្បូង​នៃប្រទេសចិន​ ខេត្តក្វាងទុង​ចាប់ពី​ថ្ងៃច័ន្ទ​ ទី១២​នេះតទៅ ​។​
សម​យុទ្ធ​ទ័ព​សមុទ្រ​រួមគ្នា​នេះ​ ត្រូវបាន​ភាគី​ខាងចិន​ប្រាប់ថា​មិនមែន​ធ្វើឡើង​ដើម្បី​គម្រាម​ ឬ​សម្ញែង​អំណាច​ដាក់​នរណា​ឡើយ ​ប៉ុន្តែ​គឺ​ធ្វើ​ឡើង​ដើម្បី​បង្វឹក​ទ័ព​អំពី​យុទ្ធសាស្រ្ត​ការពារ​ដែន​ប្រជុំកោះ ​និង​ប្រតិបត្តិ​ការណ៍​ទាំង​ដែនអាកាស​ និងដែន​ទឹក​ដើម្បី​រក្សាបូណ៌ភាព​ទឹក​ដី​នៃ​ប្រទេសទាំងពីរ​ ។ ​សម្ភារៈ​សង្គ្រាម​ដែល​ត្រូវ​យក​ទៅ​ធ្វើ​សមយុទ្ធ​នោះ​ត្រូវ​បាន​រាយការណ៍​ថារួមមាន​៖ នាវា​ចម្បាំង​ខ្នាត​មធ្យម​ និងខ្នាត​យក្ស,​ នាវាមុជ​ទឹក,​ យន្តហោះ​ប្រដេញ​, និង​នាវា​យក្ស​ផ្ទុក​យន្ត​ហោះ​ចម្បាំង​ និង​កន្ទុំរុយ​ខ្នាតធំ​ ។ ​រុស្ស៊ី​ក៏បាន​និយាយ​ដែរថា​៖ ​យើង​ធ្វើ​សមយុទ្ធ​នេះ​គឺដើម្បី​បង្វឹក​ទ័ព​អំពី​ការទប់ទល់​នឹង​ការឈ្លាន​ពាន​, ការ​ការពារ​ដែនដី​, និងការ​ទប់ទល់​នឹង​ប្រតិបត្តិ​ការណ៍​នាវា​មុជ​ទឹក​របស់​សត្រូវ​ ។​
សូម​ជម្រាប​ជូន​ថា​ចាប់​តាំង​ពីថ្ងៃ​ដែល​សេដ្ឋកិច្ច​របស់ចិន​ចាប់​ផ្ដើម​ងើប​រីកលូតលាស់​ឡើងមក​ ការវិវត្តន៍​យ៉ាងលឿន​នៃវិស័យ​យោធា​របស់ចិន​ក៏មាន​សន្ទុះ​ខ្លាំងក្លា​ផងដែរ ​ទន្ទឹមនឹង​នេះចាប់​តាំង​ពីឆ្នាំ២០១២​មកដល់​ពេលនេះ​ ចិនបាន​ប្រើ​អំណាច​ដ៏ក្មេង​ខ្ចី​របស់​ខ្លួន​ប្រកាស​ក្ដោប​ក្ដាប់​នូវ​ដែន​សមុទ្រ​ចិនខាងត្បូង​ទាំងស្រុង​ ដែល​ធ្វើឱ្យ​បង្ក​ជាជម្លោះ​ជាមួយ​នឹង​ប្រទេស​ជិតខាង​មានដូចជា​៖ ​ហ្វីលីពីន​ វៀតណាម​ តៃវ៉ាន់​ ប៊្រុយណេ ​និងម៉ាឡេស៊ី​ ហើយការ​ធ្វើសមយុទ្ធ​របស់មហាអំណាច​ទាំងពីរ​នៅក្នុង​ដែន​សមុទ្រចិន​ខាងត្បូង​នេះ​ក៏គ្មាន​បំណង​អ្វីឆ្ងាយ​ក្រៅពី​ចង់សម្ញែង​សាច់ដុំ​ដាក់ប្រទេស​តូច​ៗ​ដែល​កំ​ពុង​ជាប់​ក្នុង​ជម្លោះ​ជាមួយ​នឹងចិន​ដែរ​ ៕​

រុស្ស៊ី ​និង​ចិន​ចាប់ផ្ដើម​សមយុទ្ធ​ទ័ព​សមុទ្រថ្ងៃនេះ​រុស្ស៊ី ​និង​ចិន​ចាប់ផ្ដើម​សមយុទ្ធ​ទ័ព​សមុទ្រថ្ងៃនេះ​
ដោយ៖ ឈូកស
ប្រភព៖ presstv