ក្រុម U-19កម្ពុជា ប៉ះអូស្ដ្រាលី​ ម៉ោង៧យប់នេះ និងលទ្ធផលម្សិលមិញនៃពាន AFF U-19

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា(U-19) នឹងត្រូវជួបក្រុមយុវជន U-19អូស្រ្ដាលី នាវេលាម៉ោង ៧យប់នេះ នៅលើទីលានមួយនៃទីក្រុងហាណូយ ប្រទេសវៀតណាម ដែលជាជំនួបបើកឆាកពូលB នៃពានរង្វាន់ AFF U-19 Championships 2016 ។ ចំណែកម្សិលមិញក្នុងពូលA ក្រុមម្ចាស់ផ្ទះវៀតណាម បានប្រកួតស្មើក្រុម U-19សិង្ហបុរី ០-០ ខណៈក្រុម U-19ទីម័រខាងកើត យកឈ្នះ U-19ហ្វីលីពីន ២-១ ។

fn-2016-09-12-07-47-40-0

យប់នេះគឺជាគូពិសេសរបស់ U-19កម្ពុជា ដែលត្រូវប្រឈមមុខជាមួយក្រុមកីឡាករមាឌធំដូចជាអូស្ដ្រាលី ។ យ៉ាងណាមិញលោក Ohara Kazunori គ្រូបង្វឹកក្រុមយុវជនកម្ពុជា មិនបានខ្លាចញញើតជំនួបនេះឡើយ ព្រោះលោកជឿជាក់លើកូនក្រុមរបស់ខ្លួន ដែលទើបឆ្លងកាត់ការប្រមូលផ្ដុំហ្វឹកហាត់រយៈពេលជាង ១ខែ ។ តែមុនចេញដំណើរទៅវៀតណាម លោកក៏បានតឿនកូនក្រុមខ្លួនឲ្យបង្កើនការរត់ ដើម្បីប្រជែងយក ៣ពិន្ទុ ជាមួយក្រុម U-19អូស្រ្ដាលីនេះផងដែរ ។

fn-2016-09-12-07-47-41-1

ក្រៅពីក្រុម U-19កម្ពុជា ប៉ះ U-19អូស្រ្ដាលី ក្នុងពូលB ថ្ងៃនេះក៏មាន ២ប្រកួតផ្សេងទៀតផងដែរ រួមមានក្រុមយុវជន U-19ថៃ ប៉ះ U-19ឡាវ និងក្រុមយុវជន U-19មីយ៉ាន់ម៉ា ជួបជាមួយក្រុមទើបរួចពិន័យ ឥណ្ឌូនេស៊ី ។ ៣ប្រកួតនេះ សុទ្ធតែជាប្រកួតដំបូង ដើម្បីប្រជែងយកពិន្ទុដណ្ដើមកៅអីជុំបន្ដ ។

ដោយឡែកកាលពីម្សិលមិញ គឺក្រុម U-19ទីម័រខាងកើត បានទទួល ៣ពិន្ទុពីការប្រកួតដំបូងរបស់ខ្លួន ក្រោយយកឈ្នះក្រុម U-19ហ្វីលីពីន ដោយលទ្ធផល ២-១ ហើយជ័យជម្នះនេះ បានជួយក្រុមយុវជនទីម័រខាងកើតនេះ ឡើងឈរកំពូលតារាងពិន្ទុពូលA ជាបណ្ដោះអាសន្ន ដោយសារមួយប្រកួតទៀត គឺក្រុមម្ចាស់ផ្ទះវៀតណាម និងក្រុម U-19សិង្ហបុរី បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុ ក្រោយចប់ការប្រកួតពេញម៉ោងស្មើគ្នា ០-០ នោះ ៕

ប្រភពពី khmertalking

The post ក្រុម U-19កម្ពុជា ប៉ះអូស្ដ្រាលី​ ម៉ោង៧យប់នេះ និងលទ្ធផលម្សិលមិញនៃពាន AFF U-19 appeared first on CamboSport.