មុន​ចាញ់​ប្រកួត​ក្នុង​ទ្រុង​យប់​មិញ ថៃ រិទ្ធី ​សម្រក​៧​គីឡូ​ ហើយ​របួស​ធ្ងន់​ទៀត​

ថៃ រិទ្ធី បាន​​ទទួល​បរាជ័យ​ត្រឹម​ទឹក​ទី២​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ​កម្មវិធី​ Full Metal Dojo នៅ​ក្រុង​បាង​កក ប្រទេស​ថៃ កាល​ពី​យប់​​ថ្ងៃ​សៅរ៍ ក្រោម​ដៃ​កីឡាករ​ហ្វីលីពីន​ Richard Corminal។

fn-2016-09-12-07-47-41-1

លោក ហ៊ុន ចន្ទរាជ គ្រូ​បង្វឹក​ប្រចាំ​ក្លិប​ Cambodian Top Team ឲ្យ Keila Daily ដឹង​ថា ​​សិស្ស​គុន​​របស់​លោក​លើស​ទម្ងន់​ដល់​ទៅ​៧​គីឡូ ពោល​គឺ​ជំនួប​នេះ​ធ្វើ​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​ ជា​ហេតុ​ធ្វើ​ឲ្យ​រូប​គេ​​សម្រក​​យ៉ាង​ច្រើន​រហូត​ដល់​​​គ្មាន​កម្លាំង​វាយ មិន​តែ​ប៉ុណ្ណោះ​ លោក​អន់​ចិត្ត​នឹង​​អាជ្ញាកណ្ដាល​យ៉ាង​ខ្លាំង​ដែល​បណ្ដោយ​ឲ្យ​​កីឡាករ​ហ្វីលីពីន​វាយ​ផ្នែក​ខាង​ក្រោយ​ក្បាល។

គ្រូ​បង្វឹក​របស់​ថៃ រិទ្ធី ថ្លែង​បែប​នេះ ៖ “តាម​ពិត​ទៅ រិទ្ធី ​អត់​មាន​កម្លាំង​គ្រប់​គ្រាន់​​ទេ​ ព្រោះ​ហាត់​បាន​តែ​២​អាទិត្យ ហើយ​​ពេល​ប្រកួត​ត្រូវ​សម្រក​ដល់​ទៅ​៧​គីឡូ​ទៀត អ៊ីចឹង​គេ​បាក់​កម្លាំង​ខ្លាំង​ណាស់​ បើ​​​មាន​លទ្ធភាព​គ្រប់​គ្រាន់ យើង​នឹង​ឲ្យ​គេ​ហាត់​ត្រៀម​១​ខែហើយ ហើយ​​​​ឲ្យ​គេ​បំប៉ន​គ្រប់​គ្រាន់ តែ​នេះ​ ខ្ញុំ​ប្រើ​ថវិកា​ផ្ទាល់​ខ្លួន​ យើង​អត់​មាន​អ្នក​ឧបត្ថម្ភ​ទេ​ រឿង​ម្យ៉ាង​ទៀត ខ្ញុំ​ខឹង​អាជ្ញាកណ្ដាល​មែន​ទែន អាជ្ញាកណ្ដាល​ហ្នឹង​ថ្មី ហើយ​ទើប​តែ​ចាប់​លើក​ទី​១​ទៀត​ ដល់​ពេល​គេ​វ៉ៃ​​រិទ្ធី​ឡើង​សន្លប់​ទៅ​ហើយ​ គាត់​អត់​បញ្ឈប់​ទៀត ទាល់​តែ​គេ​វ៉ៃ​ឡើង​ចង់​១០​កែង​ បាន​គាត់​បញ្ឈប់​។ តាម​ពិត​ទៅ ផ្នែក​ខាង​ក្រោយ​ក្បាល​ហ្នឹង​ គ្មាន​នរណាឲ្យវ៉ៃ​ទេ វា​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​”។​

លោក ហ៊ុន ចន្ទរាជ បន្ត​ថា គ្រូ​ពេទ្យ​បាន​ឆ្លុះ​មើល​ក្បាល​របស់​ថៃ រិទ្ធី និង តម្រូវ​ឲ្យ​គេ​សម្រាក​​នៅ​មន្ទីរ​ពេទ្យ​មួយ​យប់​ ហើយ​ប្រហែល​ជា​​អាច​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យនេះ ឬ ព្រឹក​ថ្ងៃ​ចន្ទ​។ គ្រូ​បង្វឹក​ដដែល​បញ្ជាក់​ថា ការ​ប៉ះ​គ្នា​ជា​លើក​ទី​២​រវាង​ថៃ រិទ្ធី និង Richard Corminal អាច​នឹង​កើត​មាន​ឡើង​៕

សូមទស្សនាវិដេអូ Thai Rithy vs Richard Corminal

The post មុន​ចាញ់​ប្រកួត​ក្នុង​ទ្រុង​យប់​មិញ ថៃ រិទ្ធី ​សម្រក​៧​គីឡូ​ ហើយ​របួស​ធ្ងន់​ទៀត​ appeared first on CamboSport.