សប្បាយក្លាយទុក្ខ! សម្រែកស្រែកថា «បាត់អាដាជាង​១​ម៉ោង​ហើយវ៉ើយ»

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​លង់ទឹក​ស្លាប់​ជាង​៣​ម៉ោង ទើប​រកសាក​សព​ឃើញ បង្កឱ្យភ្ញាក់​ផ្អើល​កាលពី​ថ្ងៃ​ទី​១២ ​កញ្ញា​ ២០១៦ ស្ថិតនៅ​ទំនប់​ទឹក​២០​ឧសភា ​​ក្នុង​ភូមិ​ស្រះ​កែវ ឃុំ​មេលំ ស្រុក​បរិបូណ៍ ​បន្ទាប់ពី​យុវ​ជន​រង​គ្រោះ និង​មិត្ត​ភ​ក្តិច្រើន​នាក់​ទៀត ទៅ​លេង​​ទឹក​នៅ​ទីនោះ ​។

​តាមការ​ឱ្យ​​ដឹង​ពី​លោក​ជាង សុវណ្ណ​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​បរិបូរ​ណ៌ឱ្យ​​​ដឹង​ថា ​ជន​រង​គ្រោះ​​ឈ្មោះ​មុំ សុវណ្ណ​ដា អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រាល ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ។ មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ខាងលើ​បាន​ទៅ​លេង​ទឹកនៅ​ទំនប់​២០​ឧសភា ដែល​ជា​កន្លែងកម្សាន្តមួយ​ក្នុង​ព្រំ​ប្រទល់​រវាង​ភូមិ​ស្រះ​កែវ ឃុំ​មេលំ ស្រុក​បរិបូរ​ណ៌ និងភូមិ​ថ្មកែវ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលា​ប្អៀរ ។

កន្លែង​ដែល​ជន​រង​គ្រោះ​លេង​ទឹកនោះ ​គឺ​នៅទ្វា​រទឹក​ទី​៣​ក្នុងភូមិ​ស្រះ​កែវ ​ហើយ​កំពុង​តែលេ​ង​ទឹក​នោះ មាន​ក្រុម​មិត្ត​ភ​ក្តិ​​ជន​រង​គ្រោះ បាន​​ស្រែក​ឆោឡោថា ​បាត់​មិត្ត​ភ​ក្តិ​​គេ​​ឈ្មោះ​អាដា ជាង​១​ម៉ោង​ហើយវ៉ើយ ទើប​​បង្ក​​ភ្ញាក់ផ្អើល​ឡើង ហើយ​បាន​នាំ​គ្នា​មុជទឹក​រាវរក រយៈ​ពេល​យ៉ាងយូរ​ រហូត​ដល់​​ម៉ោង​ជាង​០៥ល្ងាច ទើប​រក​សាក​សព​ជន​រង​គ្រោះ​ឃើញ​នៅ​ក្នុង​អន្លង់​ជ្រៅ ក្រោម​ទ្វារ​ទឹក​ទី​៣ ។

ប្រភពបញ្ជាក់ថា ទំនប់​ទឹក​២០​ឧសភា​នេះ ហាក់​ដូច​មាន​ «ជើងកប» ព្រោះ​រៀងរាល់​ឆ្នាំ តែង​តែឆក់​យក​ជីវិត​មនុស្ស មិន​ដែល​ខាន ដូច​​ឆ្នាំទៅ ស្លាប់​​​២​នាក់ហើយ ។ ចំណែក​កន្លែង​ដែល​យុវជន​ខាងលើ​នេះ​លង់ គឺ​មាន​អន្លង់​ជ្រៅ កន្លង​មក​អាជ្ញាធរ​ឃុំ បាន​យក​ស្លាកសញ្ញា​ទៅ​ដាក់ ដើម្បីឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ដែរ តែ​ក្រោយមក​​ស្លាក​នោះ​​ក៏​បាត់​ទៅ ។

សព​ជន​រង​គ្រោះ​ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីនៅ​លំនៅ​ឋាន ក្រោម​ក្តី​សោកសង្រេងពី​ក្រុម​គ្រួសារ​​ ។