លោក កឹម សុខា ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ខែ

លោក កឹម សុខា អនុប្រធានបក្សប្រឆាំងត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ខែកាលពីថ្ងៃសុក្រ ពីបទបដិសេធមិនចូលខ្លួនបំភ្លឺក្នុងតុលាការជាសាក្សីក្នុងរឿងក្តីពេស្យាចារដែលជាប់ពាក់ព័ន្ធនឹងស្ត្រីម្នាក់ដែលគេចោទថាជាស្រីកំណាន់របស់លោក។ អនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះមិនបានចូលរួមសវនាការរយៈពេលមួយម៉ោងរបស់លោកនៅព្រឹកនោះទេ ហើយសម្ងំនៅក្នុងទីស្នាក់ការគណបក្សកាលពីយប់ថ្ងៃសុក្រ។ មិនមានការប៉ុនប៉ងចាប់ខ្លួនលោកទេ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយថា សាលក្រម”ត្រូវតែអនុវត្ត”ប៉ុន្តែមិនបាននិយាយថានៅពេលណានឹងកើតឡើងទេ។លោក លី សុផាណា អ្នកនាំពាក្យតុលាការក្រុងភ្នំពេញបដិសេធមិននិយាយថាតើអាជ្ញាធរនឹងអនុវត្តយ៉ាងណាទេ។ អ្នកគាំទ្ររាប់រយនាក់បានឈរហៀរចូលទៅតាមផ្លូវនៅទល់មុខទីស្នាក់ការគណបក្សសង្គ្រោះជាតិកាលពីពេលព្រឹក ដោយស្រែកថា “ជយោ! គណបក្សសង្គ្រោះជាតិ”។ នៅពេលដែលលោក សុខា សាទរចំពោះសម្រែកអបអរខ្លាំងៗ លោកបានវាយប្រហារការប៉ុនប៉ងរបស់រដ្ឋាភិបាលក្នុងការទាត់លោកចោល។ លោក សុខា បាននិយាយថា “ខ្ញុំជឿថា សាធារណមតិជាតិនិងអន្តរជាតិជ្រាបហើយ ថា ការប្រើប្រាស់ប្រព័ន្ធតុលាការវាយប្រហារមកលើរូបខ្ញុំ ដែលជាប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សគូប្រកួតដ៏ធំជាងគេជាមួយនឹងគណបក្សកាន់អំណាច បច្ចុប្បន្ន មិនឲ្យចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខនេះ”។ លោកបាននិយាយបន្តថា “ការប្រើប្រាស់ប្រព័ន្ធតុលាការវាយប្រហារប្រឆាំងមកលើ សិទ្ធិនយោបាយនិងសិទ្ធិបោះឆ្នោតរបស់ខ្ញុំ មិនមែនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ភាពត្រឹមត្រូវនៃការបោះឆ្នោតប៉ុណ្ណោះទេ លើសពីនេះទៅទៀត គឺជាការវាយប្រហារទៅលើលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ កម្ពុជា”។ លោក សុខា និងក្រុមមេធាវីរបស់លោកបានធ្វើពហិការមិនចូលសវនាការទេ ដែលធ្វើឡើងជាការឆ្លើយតបនឹងការខកខានរបស់លោកមិនចូលខ្លួនបំភ្លឺក្នុងតុលាការក្រុងក្នុងនាមជាសាក្សី ជាអ្វីដែលមន្ត្រីចាត់ទុកថាជាករណីពេស្យាចារ។ ភ្លាមៗក្រោយពីម៉ោងពីររសៀល ចៅក្រមជំនុំជម្រះ លោក កែវ មុនី បានប្រកាសសាលក្រមមានពិរុទ្ធ គឺការជាប់ពន្ធនាគារ៥ខែនិងពិន័យជាប្រាក់៨០០.០០០រៀល ឬប្រហែល២០០ដុល្លារ។ លោក សុខា មានពេល៣០ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍។ យោងតាមលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រសិនបើលោកសម្រេចចិត្តមិនប្តឹងឧទ្ធរណ៍ ឬ ប្រសិនបើឧទ្ធរណ៍ត្រូវច្រានចោលនោះ លោកនឹងត្រូវគេដកតួនាទីជាតំណាងរាស្ត្រ។ លោក ឥសាន និយាយថា “ប្រសិនបើសាលក្រមចូលជាស្ថាពរ ឯកឧត្តម កឹម សុខា នឹងលែងជាសមាជិកសភាទៀតហើយ ហើយលោកនឹងមិនមានសិទ្ធិ សិទ្ធិពិសេសនិងអភ័យឯកសិទ្ធិទេ។ អ៊ីចឹងអ្វីៗនឹងងាយស្រួលណាស់នៅពេលនោះ”។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះបាននិយាយថា “យើងរង់ចាំមើលថាតើគាត់ប្តឹងឧទ្ធរណ៍ឬអត់។ ប្រសិនបើគាត់ប្រកាន់យកទស្សនថា ‘មិនឆ្លើយ មិនឆ្លង មិនឈ្លោះ’ នោះ ខ្ញុំជឿថា គាត់នឹងមិនប្តឹងឧទ្ធរណ៍ទេ”។ ទោះជាយ៉ាងនេះក្តី លោក សំ សុគង់ មេធាវីលោកសុខា បាននិយាយថា កូនក្តីរបស់លោកនឹងប្តឹងឧទ្ធរណ៍ ពីព្រោះសវនាការនោះបានធ្វើឡើងមុននឹងតុលាការកំពូលបានសម្រេចលើបណ្តឹង ដែលចោទថាមានភាពមិនប្រក្រតីខាងនីតិវិធីនៅក្នុងរឿងក្តីនេះ។ បន្ថែមលើអ្នកដែលប្រមូលផ្តុំគ្នានៅឯទីស្នាក់ការគណបក្សសង្គ្រោះជាតិ មានអ្នកគាំទ្ររាប់រយនាក់ក៏ប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការក្រុងភ្នំពេញនេះដែរ។ កងសន្តិសុខបានចាប់ខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់ឈ្មោះ អ៊ុំ តារា ដោយសារស្រែកតាមម៉េក្រូអំពាវនាវឲ្យដោះលែងលោក សុខា។ លោក តារា ត្រូវដោះលែងវិញក្រោយពីការសាកសួររយៈពេលពីរម៉ោង។ ការប្តឹងផ្លូវច្បាប់ទៅលើលោក សុខា ត្រូវគេរិះគន់ជាទូទៅថា ជាការខំប្រឹង ពាក់ព័ន្ធនឹងរឿងនយោបាយធ្វើឡើងដោយរដ្ឋាភិបាលដើម្បីបំបិទមាត់បក្សប្រឆាំង។ រឿងក្តីនេះបានឃើញមន្ត្រីបក្សប្រឆាំងផ្សេងទៀត មន្ត្រីសិទ្ធិមនុស្សបួននាក់ និង មន្ត្រីបោះឆ្នោតម្នាក់ជាប់ពន្ធនាគារ។ ក្នុងករណីរបស់លោក សុខា រដ្ឋាភិបាលបានឆ្លៀតឱកាសយកការនិយាយសាសងតាមទូរស័ព្ទអាត់សំឡេងជាច្រើនដែលលេចធ្លាយតាមអីុនធើណិត ដែលទំនងជាលោកសុខា និយាយជាមួយស្ត្រីម្នាក់ដែលក្រោយមក ត្រូវគេបង្ហាញឈ្មោះថាខុម ចាន់តារាទី ជាជាងធ្វើសក់វ័យ២៥ឆ្នាំ។ នាង ចាន់តារាទី ដំបូងឡើយបដិសេធថា នាងមិនមែនជាស្ត្រីនៅក្នុងខ្សែអាត់សំឡេង ទេ ហើយបានស្វែងរកការប្រឹក្សាផ្នែកច្បាប់ពីសមាគមសិទ្ធិមនុស្សអាដហុកក្នុងពេលមានការស៊ើបអង្កេតដែលដឹកនាំដោយនគរបាលប្រឆាំងភេរវកម្ម ដែលមានតួនាទីនៅក្នុងរឿងក្តីនេះមិនមានការពន្យល់ឲ្យច្បាស់លាស់ទេ។ មន្ត្រីសិទ្ធិមនុស្សបួនរូបដែលជាប់ពន្ធនាគារ គឺជាបុគ្គលិកអាដហុកជាន់ខ្ពស់ ដែលតាមការចោទប្រកាន់ថាបានប៉ុនប៉ងសូកប៉ាន់នាងចាន់តារាទី ក្នុងពេលធ្វើការលើករណីរបស់នាង។ ទោះជាយ៉ាងនេះក្តី សាកសួរនៅក្នុងតុលាការទាក់ទិននឹងបទចោទសញ្ចារកម្មដែលលើកឡើងដោយនគរបាលប្រឆាំងភេរវកម្មនោះ នាង ចាន់តារាទី បានសារភាពថា មានស្នេហា ជាមួយលោក សុខា ដែលបានបដិសេធមិនចូលបំភ្លឺជាសាក្សីក្នុងរឿងក្តីនេះ។ រឿងក្តីដំបូងប្រឆាំងនាង ចាន់តារាទី ទំនងរាំងស្ទះ ប៉ុន្តែ តុលាការបានជំរុញការផ្តន្ទាទោសលោក សុខា ពីបទបដិសេធមិនចូលខ្លួនបំភ្លឺជាសាក្សី ទោះបីជាមានការប្តឹងឧទ្ធរណ៍ធ្វើឡើងដោយក្រុមមេធាវីការពារក្តីរបស់លោក ដែលទទូចថា លោកមានអភ័យឯកសិទ្ធិតាមរដ្ឋធម្មនុញ្ញឲ្យរួចផុតពីការផ្តន្ទាទោសបែបហ្នឹង ក្នុងនាមជាតំណាងរាស្ត្រក៏ដោយ។ ដោយប្រើប្រាស់ខលើកលែងចំពោះអភ័យឯកសិទ្ធិសភា រដ្ឋាភិបាលលើកឡើងថា លោក សុខា បានប្រព្រឹត្តបទល្មើសជាក់ស្តែង នៅពេលដែលលោកខកខានមិនបានចូលបំភ្លឺ ហើយដូច្នេះ អាចត្រូវផ្តន្ទាទោសដោយរក្សាទុកអភ័យឯកសិទ្ធិរបស់លោកដដែល។ គណបក្សសង្គ្រោះជាតិលើកឡើងថា ការបកស្រាយរបស់គណបក្សកាន់អំណាចទៅលើខបទល្មើសជាក់ស្តែង គឺខុសច្បាប់ ហើយគ្រាន់តែចង់ជៀសវាងពីការមិនអាចលើកអភ័យឯកសិទ្ធិ ដែលតម្រូវឲ្យមានសំឡេងឆ្នោតពីរភាគបីនៅក្នុងសភាប៉ុណ្ណោះ។គណបក្សប្រជាជនកម្ពុជាមាន៦៨កៅអីនៅក្នុងសភាជាតិ ដែលមាន១២៣កៅអី។ ការិយាល័យសិទ្ធិមនុស្សសហប្រជាជាតិនៅក្រុងហ្សឺណែវ បានចេញសេចក្តី ថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ដោយនិយាយថា មូលដ្ឋានភ័ស្តុតាងខ្សោយនៃបទចោទ និងភាពខ្វះខាតខាងនីតិវិធីធ្វើឲ្យមានកង្វល់ជាខ្លាំងអំពីភាពត្រឹមត្រូវនៃដំណើរការរឿងក្តី។ សេចក្តីថ្លែងការណ៍សរសេរថា “យើងសូមជំរុញឲ្យអាជ្ញាធរប្រកាន់ខ្ជាប់ចំពោះស្តង់ដារសវនាការត្រឹមត្រូវជាអន្តរជាតិ អំឡុងពេលដំណើរការរឿងក្តីព្រហ្មទណ្ឌ រួមទាំងធានានូវតម្លាភាពក្នុងប្រព័ន្ធយុត្តិធម៌”។ ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ គណបក្សសង្គ្រោះជាតិបានចាត់ទុកសាលក្រមនេះថា “ស្ថិតក្រោមសម្ពាធនយោបាយនិងគ្មានមូលដ្ឋាន”។ សេចក្តីថ្លែងការណ៍បានកត់សម្គាល់ទៅលើវិធានការពុំធ្លាប់មានពីមុនដើម្បីចោទប្រកាន់នរណាម្នាក់ដោយសារមិនបានចូលខ្លួនបំភ្លឺជាសាក្សី ដោយលើកឡើងពីតុលាការខ្មែរក្រហមដែលមានសំណើច្រើនលើកសុំឲ្យមន្ត្រីគណបក្សប្រជាជនកម្ពុជា រួមទាំងលោក ហេង សំរិន ប្រធានសភា ដើម្បីចូលខ្លួនបំភ្លឺក្នុងតុលាការ ត្រូវគេមិនគោរពតាម។ សេចក្តីថ្លែងការណ៍បាននិយាយថា “សូម្បីតែតុលាការខ្មែរក្រហម ក្នុងករណីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលបានកោះហៅមនុស្សខ្លះទៅធ្វើជាសាក្សីហើយបុគ្គលនោះបានបដិសេធក្នុងការចូលខ្លួនទៅបំភ្លឺនៅតុលាការ ក៏មិនឃើញតុលាការចោទប្រកាន់បុគ្គលនោះដែរ ចម្លែកអីតែករណី កឹម សុខា”៕ ( រាយការណ៍បន្ថែមដោយ សេក ឧត្តម, George Wright and Colin Meyn)   […]

The post លោក កឹម សុខា ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ខែ appeared first on The Cambodia Daily.