ឱ្យ​កូន​ទៅ​ដឹក​ក្របី​មក​ផ្ទះ ដូច​ឱ្យ​ក្របី​វ័ធ

ឱ្យ​កូន​ទៅ​ដឹក​ក្របី​មក​ផ្ទះ ដូច​ឱ្យ​ក្របី​វ័ធ



ខេត្តស្វាយរៀង ៖ ក្របី​ឡើងក​មួយ​ក្បាល​បាន​វ័ធ​ក្មេង​ស្រី​ម្នាក់​ឲ្យ​រង​របួសធ្ងន់ ខណៈ​នាង​កំពុង​ដើរ​ដឹក​ខ្សែ​ពីមុខ​ក៏​ត្រូវ​ក្របី​វ័ធ​មួយ​ស្នែង​ចំ​ចង្កេះ​ជាប់​រួច​ហើយ​គ្រវី​បោក​នាង​ចូល​ទៅ​ក្នុង​ទឹក​ស្រែ ។​ ហេតុការណ៍​ក្របី​វ័ធ​ម្ចាស់​ឯង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១០ កញ្ញា នៅ​ចំណុច​ក្នុងភូមិ​សង្គម ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប ។

បើ​តាម​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ​សោម បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ខឹង លី​ដា អាយុ​១០​ឆ្នាំ​មាន​ទីលំនៅ​ក្នុងភូមិ​សង្គម ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប រង​របួស​ចំ​ផ្ទៃមុខ​បបូរមាត់ ឆ្អឹងជំនីរ និង​ដើមទ្រូង​ធ្ងន់ធ្ងរ ត្រូវ​បាន​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​ប្រទះ​ឃើញ​នាំ​គ្នា​មក​ជួយ​ហើយ​មានការ អាណិតអាសូរ​ក៏​បាន​នាំ​គ្នា​ជួយ​ដឹក​មក​កាន់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ ។ ក៏​ប៉ុន្តែ​ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ក្រុម​គ្រូពេទ្យបាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ។

បើ​តាម​អ្នក​ភូមិ​បាន​ប្រាប់​ថា កន្លង​មក​ការ​ឃ្វាលក្របី​ខាងលើ​នេះ គឺ​បុរស​ជា​ឪពុក​ក្មេង​ស្រី​ជា​អ្នក​ឃ្វាល ប៉ុន្តែ​ថ្ងៃ​កើតហេតុ​ឪពុក​នាង​មាន​ជំងឺ​មិន​អាច​ទៅ​ឃ្វាលក្របី​ដូច​សព្វដង​បាន ក៏​សម្រាក​នៅផ្ទះ ហើយ​ក៏​ស្រែកហៅ​កូនស្រី​២​នាក់​ឲ្យ​ជួយ​ទៅ​ដឹក​ក្របី ដែល​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​ឯ​វាលស្រែ​យក​មក​ផ្ទះ​វិញ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា កូនស្រី​២​នាក់​បងប្អូន កូន​បង​អាយុ​១០​ឆ្នាំ កូន​ប្អូន​អាយុ​៨​ឆ្នាំ នាំ​គ្នា​ទៅ​ដឹក​ក្របី​ឡើងក​មួយ​ក្បាល​នេះ​ត្រឡប់​មក​ផ្ទះ​វិញ ។

ខណៈ​កំពុង​ដើរ​ដឹក​ក្របី (​ប្អូន​ដើរ​ខាង​មុខ កូន​បង​ដើរ​ដឹក​ក្របី​តាម​ក្រោយ​) មិនដឹង​ថា​យ៉ាងម៉េច ស្រាប់តែ​ក្របី​ឡើងក​នោះ ស្ទុះ​មក​វ័ធ​ទាំង​កំរោល​គ្រវីគ្រវាត់​ប្រកាច់ប្រកិន​ក្នុង​វាលស្រែ​ដែល​មាន​អ្នកស្រុក​ឃើញ​នាំ​គ្នា​ជួយ ៕