យុវ​សិស្ស​ពិការ​វាសនា​ខុស​គ្នា ​ក្នុង​ការ​ប្រឡង​បាក់​ឌុ​បឆ្នាំនេះ

យុវ​សិស្ស​ពិការ​វាសនា​ខុស​គ្នា ​ក្នុង​ការ​ប្រឡង​បាក់​ឌុ​បឆ្នាំនេះ



ខេត្ដកំពង់ចាម ៖ ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុ​ប ដែល​បាន​ធ្វើ​ឡើង​ព្រម​ៗ​គ្នា នៅ​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា ស្ថិត​នៅ​មណ្ឌល​គរុកោសល្យ និង​វិ​ក្រិត​ការ​ខេត្ត ក៏​ដូច​ជា​មណ្ឌល​ផ្សេង​ទៀត​សរុប​១១​កន្លែង យុវ​សិស្ស​ពិការ​ដៃ​ទាំង​សងខាង​ដែល​បាន​ពុះពារ​គ្រប់​ឧបសគ្គ​តូច​ធំ​ពិតជា​មាន​មោទនភាព​ណាស់​បាន​ប្រឡង​ជាប់​ដោយ​ទឹកមុខ​ញញឹមញញែម ទោះបី​មិន​ទទួល​បាន​និទ្ទេស​ល្អ​ក្ដី ។

យុវ​សិស្ស​ឈ្មោះ ហ៊ួ​ត  យូ​ឡែ​ន អាយុ​១៦​ឆ្នាំ មក​ពី​វិទ្យាល័យ​ហ៊ុន សែន ម៉េ​ង​ហួត ស្វាយ​តា​នា​ន់ ឃុំ​កោះអណ្តែត ស្រុក​ស្រី​សន្ធរ ដែល​ពិការ​ដៃ​ទាំង​២​បាន​ប្រាប់​ឱ្យ​ដឹង​ថា រូបគេ​មាន​ជំនឿ​យ៉ាង​មុតមាំ​ក្នុង​ចិត្ត​ថា «​នៅ​ថ្ងៃ​ដែល​បាន​ឈាន​ជើង​ចូល​ប្រឡង​កាលពី​ថ្ងៃ​ទី​២២​និង​២៣ សីហា កន្លង​ទៅ ដោយ​រំពឹង​ថា​នឹង​ប្រឡង​ជាប់ «​ដោយ​មើលឃើញ​ពី​សមត្ថភាព​របស់​ខ្លួន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ។ យូ​ឡែ​ន ប្រាប់​បន្ត​ទាំង​ញញឹម និង​រកកល់​បង្ហូរទឹកភ្នែក​ថា ក្នុង​បន្ទប់​លេខ​១ លេខ​តុ​ទី​៣ សម្រាប់​សិស្ស​រួម​ថ្នាក់​ទាំងអស់​ចំនួន​២៥​នាក់ គឺ​បាន​ប្រឡង​ជាប់​ចំនួន​១៥​នាក់​ក្នុង​នោះ​ស្រី​៩​នាក់ ដោយ​រូបគេ​បាន​ជាប់​និទ្ទេស E ពិតជា​មាន​ក្តី​រំភើប​ក្នុង​ចិត្ត​ណាស់ ។ សម្រាប់​គោលដៅ​បន្ត​ការ​សិក្សា យូ​ឡែ​ន នៅ​ថ្នាក់ឧត្តម​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​នៅ​រាជធានី​ភ្នំពេញ ដោយ​បាន​ស្នាក់​នៅផ្ទះ​របស់​បងប្រុស ។

យុវ​សិស្ស​ឈ្មោះ ឆុ​ន វ៉ា​ន់​ណាត អាយុ​១៩​ឆ្នាំ ត្រូវជា​មិត្តភក្តិ​របស់​ឈ្មោះ យូ​ឡែ​ន បាន​ប្រាប់​ឱ្យ​ដឹង​ថា ចាប់​តាំង​តែ​ពី​រៀន​នៅ​សាលា​បឋម​សិក្សា យូ​ឡែ​ន ប្រឹងប្រែង​រៀនសូត្រ​រហូត​ដល់​ថ្នាក់​ទី​១២ ហើយ​ថែម​ទាំង​មាន​ចរិត​សុភាព​រាបសា ហើយ​ការ​រៀន​ទាំង​ប្រចាំខែ និង​ឆ្នាំ​ទទួល​បាន​លទ្ធផល​គ្រាន់បើ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា ដោយសារ​តែ យូ​ឡែ​ន មិន​មាន​មធ្យោបាយ​មក​មើល​លទ្ធផល​ប្រឡង រូបគេ​បាន​ទៅ​ឌុ​បម​ក​មើល​ទាំងអស់​គា្ន រូបគេ​ក៏​ប្រឡង​ជាប់​ដែរ​ពិតជា​សប្បាយចិត្ត​បំផុត​ហើយ ។ 

អ្នកស្រី​ឈ្មោះ ហេង សុ​ភី អាយុ​៥៣​ឆ្នាំ ជា​ម្តាយបង្កើត​របស់ យូ​ឡែ​ន បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ពេល យូ​ឡែ​ន កើតមក​នោះ​ប្តី​របស់​គាត់​គ្រាន់តែ​ឃើញ​កូនប្រុស កើតមក​ពិការ​ដៃ​ទាំង​ពីរ​បាន​យំ​បង្ហូរទឹកភ្នែក​ខ្លោចចិត្ត​អាណិតកូន សូ​ម្បី​តែ​គាត់​ជា​ម្តាយ​ក៏​យំ​ដែរ ។

ក្រោយមក​ប្តី​គាត់​បាន​ឈឺ​ស្លាប់ ចំណែក​កូន​ទាំង​៤​នាក់​បន្ទុក​ត្រូវ​បាន​ធ្លាក់​ទៅ​លើ​គាត់​ជា​ម្តាយ រ៉ា​ប់រង​ចិ​ញ្ជឹ​ម​ទាំងស្រុង​តែ​ម្តង ។ នៅ​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា កូនប្រុស​ពៅ​ទី​៤​ឈ្មោះ​យូ ឡែ​ន បាន​ឆែក​រក​លទ្ធផល​ប្រឡង​តាម Facebook ក្នុង​ទូរស័ព្ទ​ដៃ ។ ដំបូង​មិន​បានឃើញ​ឈ្មោះ​របស់​ខ្លួន​ទេ គេ​ក៏​យំ​បង្ហូរទឹកភ្នែក​ស្ទុះ​មក​ឱប​គាត់​នៅ​លើ​ផ្ទះ ហើយ​គាត់​ក៏​បាន​យំ​តាម​កូន​ដែរ​។ បន្ទាប់​ពី​បាន​ឆែក​មើល​យ៉ាង​ល្អិតល្អន់​ដឹង​ថា​ប្រឡង​ជាប់ ក៏​សប្បាយចិត្ត​រំភើប​ថែម​ទាំង​បង្ហូរទឹកភ្នែក​ថែម​ទៀត ។

ផ្ទុយ​ពី ហ៊ួ​ត យូ​ឡែ​ន យុវ​សិស្ស​ឈ្មោះ ប៊ុ​ន គុន នៅ​ស្រុក​បាភ្នំ ខេត្ដព្រៃវែង ដែល​ពិការ​ដៃ​ត្រឹម​ស្មា​ទាំង​ពី​ហើយ​សរសេរ ដោយ​ប្រើ​ជើង​ជំនួសដៃ​នោះ មិន​មានភ័ព្វ​វាសនា​ជាប់​សញ្ញាបត្រ​ក្នុង​ការ​ប្រឡង​នោះ​ទេ ពិតជា​គួរ​ឱ្យ​អាណិត​ខ្លោចចិត្ដ​ណាស់ ។

ចំណែក​បេ​ក្ខ​នារី​ម្នាក់​ឈ្មោះ អ៊ូ​ក ស្រី​មុំ អាយុ​២១​ឆ្នាំ ដែល​ពិការ​ជើង​រួញ​ក្រញង់​ទាំង​២ និង​បាន​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ សុខ អាន ១ ឧសភា​ខាងត្បូង បាន​ប្រឡង​ជាប់​តាម​ក្ដី​ប្រាថ្នា​របស់​នាង ដោយ​ទទួល​បាន​និទ្ទេស D ។

លោក គង់ សេរី​វុ​ឌ្ឍ នាយ​រង​ការិយាល័យ​ប្រឡង​នៃ​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត បានឱ្យ​ដឹង​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​២០១៦​នេះ សម្រាប់​ខេត្តតាកែវ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​៤.៧៣៥​នាក់ (​ស្រី​២.២៩៥​នាក់​) ស្មើនឹង​៥៦,៦៤%​នៅ​ក្នុង​ចំណោម​បេក្ខជន​មក​ប្រឡង​ចំនួន​៨.៣៦០​នាក់ (​ស្រី​៣.៧០៧​នាក់​) បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ នៃ​ការ​ប្រឡង​បាក់​ឌុ​ប​ដូច​គ្នា​គឺ​កើនឡើង​០,៥៨% ។

លោកនាយ​រង​ការិយាល័យ​បន្ត​ទៀត​ថា​សម្រាប់​ខេត្តតាកែវ ក្នុង​ចំណោម​បេក្ខជន​ប្រឡង​ជាប់​ចំនួន​៤.៧៣៥​នាក់ មាន​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស​A ចំនួន​១១​នាក់ និទ្ទេស​B​ចំនួន​២០៦​នាក់ និទ្ទេស​C​ចំនួន​៤១៨​នាក់ និទ្ទេស​D ចំនួន​៦៤៤​នាក់ និង​និទ្ទេស​E ចំនួន​៣.៥៤៦​នាក់ ៕