គម្រោង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការនាំ​អង្ករ​ចេញ​មួយឆ្នាំ​១​លាន​តោន​កំពុង​ប្រឈម​នឹង​បរាជ័យ​

គម្រោង​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ការនាំ​អង្ករ​ចេញទៅ​ក្រៅប្រទេស​មួយឆ្នាំ​១​លាន​តោន​កំពុង​ប្រឈម​នឹង​បរាជ័យ ហើយ​ការធ្លាក់ចុះ​នៃ​តម្លៃ​ស្រូវ​អង្ករ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ក​សិ​ករ​កម្ពុជា ក៏ដូចជា​ប៉ះពាល់​ដល់​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ ព្រមទាំង​ការវិនិយោគ​ផ្នែក​វិស័យ​កសិកម្ម​។ យោងតាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំ​អង្ករ​ចេញ​បាន​ឲ្យ​ដឹងថា​រយៈពេល​៨​ខែ​ដើមឆ្នាំ​២០១៦​នេះ កម្ពុជា​នាំ​អង្ករ​ចេញ​បាន​៣២០០៧៦​តោន​គឺ​ធ្លាក់ចុះ​៦,៤​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​។ ប្រការនេះ​កំពុងតែ​ធ្វើ​ឲ្យ​ក្រុមហ៊ុន អាជីវករ​នាំចេញ​អង្ករ​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង ព្រោះ​មិន​ត្រឹម​តែមាន​ផលប៉ះពាល់​ដល់​ការវិនិយោគ​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ប៉ះពាល់​ដល់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ក៏ដូចជា​កសិករ​ដែល​ជា​អ្នក​ផលិត​ស្រូវ​ផងដែរ​។

​ជុំវិញ​បញ្ហា​ខាងលើនេះ​តំណាង​ក្រុមហ៊ុន​និង​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​មួយចំនួន​បាន​ឲ្យ​ដឹងថា ការនាំចេញ​អង្ករ​របស់​កម្ពុជា​មិនទាន់​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​ដូចជា សៀម និង​យួន​បានឡើយ ព្រោះ​ក្រសួង​ពាក់ព័ន្ធ​មិនទាន់មាន​វិធាន​ច្បាស់លាស់​សម្រាប់​ដោះស្រាយ​នៅពេល​មាន​បញ្ហា​កើតឡើង​។ បច្ចុប្បន្ន​ដោយសារតែ​ការនាំ​អង្ករ​ចេញ​មានការ​ធ្លាក់ចុះ​ធ្វើ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន ក៏ដូចជា​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​មួយចំនួន​ត្រូវ​ប្រឈម​នឹង​ខាតបង់​ជា​បន្តបន្ទាប់ ព្រោះ​ក្រុមហ៊ុន​ខ្លះ​បាន​ខ្ចីបុល​ថវិកា​ពី​ធនាគារ​ឬ​ស្ថាប័ន​មេក្រូ​ហិរញ្ញវត្ថុ​ដែលមាន​ការប្រាក់​ខ្ពស់​។ អ្នក​ដែល​រង​ផលប៉ះពាល់​ដោយសារ​គម្រោង​នាំ​អង្ករ​ចេញ​មួយឆ្នាំ​១​លាន​តោន គឺ​ប្រជាកសិករ​តែម្តង​ព្រោះ​ផល​ស្រូវ​មានតម្លៃ​ទាប មិនអាច​ទូទាត់​ចំណាយ​ក្នុង​ការផលិត​។

​ថ្មីៗ​នេះ​ប្រជាកសិករ​រស់នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់ និង​តាម​បណ្ដា​ស្រុក​មួយចំនួន​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​តម្លៃ​ស្រូវ​ដែលមាន​ការធ្លាក់ចុះ​យ៉ាងគំហុក ធ្វើ​ឲ្យ​ពួកគាត់​គ្មាន​លុយ​សង​ទៅ​ធនាគារ ក៏ដូចជា​សង​ទៅ​ឈ្មួញកណ្ដាល​។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​នៅពេល​ពួកគាត់​ប្រមូល​ផល​ស្រូវ​ផ្កាម្លិះ​ក្រអូប ឈ្មួញ​ដើរ​ទិញ​ក្នុង​១​គីឡូក្រាម​តែ​៨៥០​រៀល​ប៉ុណ្ណោះ ដែល​កាលពី​ឆ្នាំមុន​មានតម្លៃ​ជាង​១០០០​រៀល​។ មិនតែប៉ុណ្ណោះ​នៅតាម​ភូមិ​ខ្លះ​ឈ្មួញ​មិន​ទិញស្រូវ​ពី​កសិករ​ទៀតផង ដោយ​គេ​អះអាងថា​គ្មាន​ផ្សារ​សម្រាប់​លក់​ចេញ​ព្រោះ​សៀម​មិន​ទទួល​ទិញ​ដូច​កាលពីមុន ហើយ​បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កសិករ​យ៉ាង​ខ្លាំង​។ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពិនិត្យឡើងវិញ​ផង​ព្រោះ​ក្នុងខណៈដែល​កម្ពុជា មិនអាច​នាំ​អង្ករ​ចេញ​មួយឆ្នាំ​១​លាន​តោន​តាម​ការគ្រោងទុក គឺ​ប្រជាកសិករ​កម្ពុជា​កំពុង​ត្រូវ​ខាតបង់​ដោយសារ​តម្លៃ​ស្រូវ​ធ្លាក់ចុះ​យ៉ាងគំហុក​៕

6033eb69-be04-4945-ba5e-d1a2dd5d9ffd_w640_r1_s04tthat-0039​ ​