​លោក សម រង្ស៊ី បញ្ជាក់ថា​ប្រាក់​ឈ្នួល​តិច​បំផុត​សម្រាប់​កម្មករ ហើយ​គួរតែ​ដំឡើង​បន្ថែមទៀត​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្មីៗ​នេះ បាន​បញ្ជាក់ថា លោក​សូម​គាំទ្រ ការទាមទារ របស់​សហជីព តំណាង​ឲ្យ​កម្មករ​នៅ​ប្រទេស​កម្ពុជា ដែល​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ពី​១៤០​ដុល្លារ ដល់​១៨០​ដុល្លារ​យ៉ាងតិច សម្រាប់​ឆ្នាំ​២០១៧​ខាងមុខ​។ លោក សម រង្ស៊ី បាន​ថ្លែងថា បើ​ប្រៀបធៀប​ជាមួយ​ប្រាក់​ឈ្នួល​នៅ​ប្រទេស​ក្នុង​តំបន់​ឃើញថា​ប្រាក់​ឈ្នួល​តិច​បំផុត​សម្រាប់​កម្មករ​នៅ​ប្រទេស​កម្ពុជា ដូចនេះហើយ​គួរតែ​ដំឡើង​បន្ថែម​។​

​ការទាមទារ​ខាងលើនេះ ត្រូវបាន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់ថា ត្រឹមត្រូវ​ណាស់ ពីព្រោះ ៖ ទី​១- ប្រាក់ខែ​គោល ១៤០ ដុល្លារ​ដូច​សព្វថ្ងៃ មិនអាច​រស់​បានទេ​។ ទី​២- មិនអាច​ប្រៀបធៀប​ប្រាក់ខែ​កម្មករ​នៅ​ប្រទេស​កម្ពុជា ទៅនឹង​ប្រាក់ខែ​កម្មករ​នៅ​ប្រទេសជិតខាង​បានទេ ពីព្រោះ​ទំនិញ​នៅ​ប្រទេស​កម្ពុជា ថ្លៃ​ជាង​នៅ​ប្រទេសជិតខាង​ឆ្ងាយ​ណាស់ (​ដោយសារតែ​ការ​ជំរិត​ទារលុយ​ក្រៅ​ប្រព័ន្ធ​ពន្ធដារ​របស់​រដ្ឋ សិទ្ធិផ្តាច់មុខ​ក្នុង​អាជីវកម្ម​ជាច្រើន​បានមកពី​អំពើពុករលួយ និង​ការប្រើប្រាស់​ប្រាក់​ដុល្លារ​ជាទូទៅ​ក្នុង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​សព្វថ្ងៃ​)​។ ទី​៣- នៅ​ប្រទេស​កម្ពុជា សេវាសាធារណៈ​ដូចជា​ប្រព័ន្ធ​អប់រំ និង​ប្រព័ន្ធ​សុខាភិបាល តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ចំណាយលុយ​ច្រើនជាង​នៅ​ប្រទេសជិតខាង​។ ទី​៤- នៅ​ប្រទេស​កម្ពុជា​មិនមាន​សេវា​សង្គមកិច្ច ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ដូច​នៅ​ប្រទេសជិតខាង​ទេ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា សរុបសេចក្តី​ទៅ កម្មករ​នៅ​ប្រទេស​កម្ពុជា ត្រូវ​ទទួលបាន​ប្រាក់​ឈ្នួល​អប្បបរមា ១៨០ ដុល្លារ យ៉ាងតិច​ក្នុង​មួយខែ ដើម្បី​អាចរ​ស់បាន​ដោយ​រួច​ផុតពី​ភាព​វេទនា ហើយ​ទោះជា​ទទួលបាន​ប្រាក់ខែ​ប៉ុណ្ណឹង​ក៏ដោយ (១៨០ ដុល្លារ​) ក៏​ជីវភាព​រស់នៅ​របស់​ក​ម្មករ​ខ្មែរ នៅតែ​ទាប​ជាង​ជីវភាព​រស់នៅ​របស់​ក​ម្មករ​នៅ​ប្រទេសជិតខាង ដូច​បាន​ពន្យល់​ខាងលើ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា ថៅកែ​រោងចក្រ អាច​ដំឡើង​ប្រាក់ខែ​យ៉ាង​ងាយ​តាម​ការទាមទារ​របស់​កម្មករ បើ​យើង​បំបាត់​ទម្លាប់​អាក្រក់​ដែល​តម្រូវ​ឲ្យ​ថៅកែ​ទាំងនោះ យកប្រាក់​ចំណេញ​មួយផ្នែកធំ​របស់ខ្លួន​ជា​សំណូក​សូកប៉ាន់ ទៅ​ឲ្យ​អ្នកដឹកនាំ​ពុករលួយ​នៃ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​៕

14238276_1191031830953548_8168287578129473594_n​ ​