មន្ត្រី​អាជ្ញាធរ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​ព្រៃ​សហគមន៍​និង​ព្រៃ​ការពារ​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​កាប់​ឈើ ក៏ដូចជា​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​កំពុង​កើតមាន​យ៉ាង​មហន្តរាយ​។ មានន័យថា​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​គឺជា​អ្នក​ឃុបឃិត​បិទបាំង​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដើម្បី​ផលប្រយោជន៍​។ បញ្ហា​នេះ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ផងដែរ ព្រោះ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ពុំ​ត្រឹមតែ​មិន​យកចិត្តទុកដាក់​ការពារ​ព្រៃឈើ​ប៉ុណ្ណោះ​ទេ គឺ​បែរជា​ប្រើ​អំណាច​គំរាមកំហែង​សកម្មជន និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ទៅវិញ​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ជនជាតិដើម​ភាគតិច​រស់នៅ​ភូមិ​មេ​មុំ និង​ភូមិរ​យ៉​លើ ឃុំរ​យ៉ ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា​មន្ត្រី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ មិន​សហការ​ជាមួយ​ពួកគាត់​ដើម្បី​ការពារ​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស​យូរអង្វែង​នោះទេ ផ្ទុយទៅវិញ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បែរជា​រើសអើង​គំរាមកំហែង​និង​រារាំង​មិន​ឲ្យ​អ្នកភូមិ​ល្បាត​ការពារ​ព្រៃ​ដែលជា​តំបន់​អភិរក្ស​ទៀតផង​។ ហេតុនេះហើយ​ទើប​ជនជាតិដើម​ភាគតិច​ក្នុងភូមិ​មេ​មុំ និង​ភូមិរ​យ៉ អំពាវនាវ​ឲ្យ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ចាត់វិធានការ​ទៅលើ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំរ​យ៉ ស្រុក​កោះ​ញែក​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​ពួកគេ​ឃុបឃិត​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​យ៉ាង​អនាធិបតេយ្យ​។ សូម្បី​តែព្រៃ​ជាទីគោរព​បូជា ព្រៃ​អារក្ស និង​ព្រៃ​បញ្ចុះសព​ជនជាតិដើម​ភាគតិច​ក្នុង​ឃុំរ​យ៉ ក៏​កំពុង​ប្រឈម​នឹង​ការ​សេចក្ដី​វិនាស​ដែរ​។

លើស​នេះ​ទៅទៀត​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​យ៉ ស្រុក​កោះ​ញែក បាន​ឲ្យ​ដឹងថា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​តំបន់​នេះ មិន​យកចិត្តទុកដាក់​ការពារ​ព្រៃឈើ​តាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​គឺ​ពួកគេ​ឃុបឃិត​ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ ព្រៃ​ការពារ ព្រៃ​អភិរក្ស និង​ព្រៃ​តំណម​របស់​ជនជាតិដើម​ភាគតិច​ស្ទើរ​រលត់រលាយ​អស់​ទៅហើយ​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី និង​ក្រុម​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក​ជាបន្ទាន់ ព្រោះ​សព្វថ្ងៃ​បទល្មើស​កាប់​ឈើ​ក្នុងស្រុក​នេះ​នៅតែ​កើតឡើង​យ៉ាង​រាលដាល​។ ការដែល​ឈ្មួញ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក​យ៉ាង​រលូន គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់លំដាប់​ថ្នាក់ ដូច្នេះ​លោក ឆេង គឹម​ស៊ុន មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទេ​៕

%e1%9e%86%e1%9f%81%e1%9e%84-%e1%9e%82%e1%9e%b9%e1%9e%98%e1%9e%9f%e1%9f%8a%e1%9e%bb%e1%9e%93

លោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ

411 ka-5