លោក Duterte ប្រកាសដកតំណែងមន្រ្តីតែងតាំងទាំងអស់ ដោយសាររឿងពុករលួយ

លោក Rodrigo Duterte ត្រូវបានប្រជាជនហ្វីលីពីនគាំទ្រខ្លាំង និងចាត់ទុកថាជា«បុរសខ្លាំង» ដោយហៅឈ្មោះក្រៅថា «អ្នកដាក់ទណ្ឌកម្ម» ព្រោះលោកប្រើគោលនយោបាយកណ្តាប់ដៃដែកក្នុងការលុបបំបាត់បទល្មើស និងអំពើពុករលួយពីសង្គមហ្វីលីពីន។ យ៉ាងណាក្ដី ដោយមើលឃើញពីវត្តមាននៃអំពើពុករលួយនៅតែបន្តកើតឡើងនោះ លោក Duterte ប្រកាសថា តួនាទីរបស់មន្ត្រីទាំងអស់ លើកលែងតែរដ្ឋមន្ត្រី នឹងត្រូវទុកឲ្យនៅទំនេរសិន។

ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្រកាសថា រាល់តួនាទីមន្ត្រីរដ្ឋាភិបាលដែលត្រូវបានតែងតាំងទាំងអស់ នឹងត្រូវទុកឲ្យនៅទំនេរ ព្រោះអំពើពុករលួយនៅតែមាននៅតាមស្ថាប័នរបស់ពួកគេ។ យ៉ាងណាក្ដី រដ្ឋមន្ត្រីទាំងអស់ក្នុងគណៈរដ្ឋមន្ត្រីរបស់លោក នឹងស្ថិតក្រោមបទបញ្ជាថ្មីនេះឡើយ ដោយលោកបកស្រាយថា វាដូចជាលឿនពេក ដែលពួកគេត្រូវពុករលួយនោះ។

ក្នុងសន្និសីទកាសែតនៅទីក្រុង Davao នៅថ្ងៃទី២១ ខែសីហា លោកប្រធានាធិបតីនិយាយថា នៅថ្ងៃទី២២ ខែសីហា ខ្ញុំនឹងប្រកាសថា មន្ត្រីទាំងអស់នៅទូទាំងប្រទេស ដែលចូលកាន់តំណែងដោយសារការតែងតាំងរបស់ខ្ញុំ នឹងត្រូវដកចេញពីតួនាទី ហើយតំណែងទាំងនោះទុកឲ្យនៅទំនេរ។ តែលោកពន្យល់ដែរថា អ្នកដែលកាន់តំណែងជាជំនួយការ និងជាអ្នកតំណាងទាំងអស់ នឹងនៅតែបន្តកាន់តំណែងរហូតដល់ អ្នកថ្មីត្រូវបានតែងតាំងជំនួស ចំណែកមន្ត្រីជំនាញវិញ នឹងមិនត្រូវរាប់បញ្ចូលនោះទេ។

យោងតាមសារព័ត៌មាន ABS-CBN News លោក Duterte ក៏បានបង្ហាញការមិនពេញចិត្តជុំវិញការរាយការណ៍ស្ដីពីកាតបន្តកើតឡើងនៃអំពើពុករលួយនៅតាមការិយាល័យរដ្ឋាភិបាលរបស់លោក។ លោកប្រធានាធិបតី អះអាងថា នៅតាមបណ្ដាខេត្តដែលលោកទៅដល់ លោកនៅតែលឺពីអំពើពុករលួយ ដែលប្រព្រឹត្តដោយមន្ត្រី ជាពិសេសស្ថាប័នទទួលបន្ទុកអនុវត្តបទបញ្ជាតែម្ដង។

លោក Duterte បានលើកឡើងចំៗពីឈ្មោះស្ថាប័នចំនួនពីរ ដែលអំពើពុករលួយនៅតែមាន គឺការិយាល័យដឹកជញ្ជូនផ្លូវគោក (LTO) និងគណៈត្រួតពិនិត្យការដឹកជញ្ជូនផ្លូវគោក (LTFRB)។ ថ្នាក់ដឹកនាំសា្ថប័នទាំងពីរនេះត្រូវធ្វើសេចក្ដីរាយការណ៍ឲ្យលោក នៅសប្ដាហ៍ក្រោយ។ ហើយលោកក៏បញ្ជាក់ដែរថា តួនាទីរបស់ថ្នាក់ដឹកនាំប្រតិបត្តិនៅ LTO និងមន្ត្រីដែលត្រូវតែងតាំងអស់នៅទីនោះ ត្រូវទុកឲ្យទំនេរចាប់ពីម៉ោងនេះតទៅផងដែរ។

បុរសខ្លាំងហ្វីលីពីន ដែលចូលកាន់តំណែងមិនទាន់បានពីរខែផងនោះ បានសន្យាបង្កើតរដ្ឋាភិបាលមួយដែលស្អាតស្អំសម្រាប់ប្រជាជនហ្វីលីពីន ដោយបាននិយាយថា លោកពិតជាស្អប់អំពើពុករលួយ ហើយលោកក៏មិនចង់មានអំពើអាក្រក់នេះ នៅជាប់ប្រជាជនហ្វីលីពីនដែរ។ វាជាការពិត ដែលមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពពុករលួយមានច្រើននាក់ ប៉ុន្តែសម្រាប់លោក Duterte បើទោះជាច្រើនប៉ុណ្ណា ក៏លោកមិនរាថយក្នុងការបោសសម្អាត និងដកមន្ត្រីទាំងនោះចេញពីតំណែងដែរ៕

ប្រភព៖ ថ្មីៗ


លោក Duterte ប្រកាសដកតំណែងមន្រ្តីតែងតាំងទាំងអស់ ដោយសាររឿងពុករលួយ

អាមេរិក “បើកផ្លូវ” ឲ្យជនរងគ្រោះក្នុងហេតុការណ៍ភេរវកម្ម​កាលពី១៥ឆ្នាំមុន ប្តឹងប្រឆាំងប្រទេសអារ៉ាប៊ី សាអូឌី ទាមទាររកយុត្តិធម៌

លោក Duterte ប្រកាសដកតំណែងមន្រ្តីតែងតាំងទាំងអស់ ដោយសាររឿងពុករលួយ

ប្រធានភូមិគោគបន្ទាយសាកថ្មទូរស័ព្ទដាក់លើទ្រូងបណ្តាលឲ្យឆក់ស្លាប់