អីក៏សាហាវម្ល៉េះ! បុកអូស៧០ម៉ែត្រទើបរបូតមនុស្ស

ខេត្តកំពត ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឱ្យមនុស្ស៣នាក់ជិះម៉ូតូឌុបគ្នា​ស្លាប់ភ្លាមៗ ក្រោយ​ពី​ត្រូវ​រថ​យន្ត​មួយ​គ្រឿងម៉ាក​តាកូម៉ាបើក​បុក​យ៉ាង​ពេញទំហឹង​ ក្នុងចំណោមជនរងគ្រោះ៣នាក់នោះ គឺមានកូន​ង៉ែត​ម្នាក់​ដេក​ស្លាប់ផ្កាប់មុខ​យ៉ាង​អាណោច​អាធ័មបំផុត ។

ហេតុការណ៍នេះ ​កើតឡើង​កាលពីវេលាម៉ោង០៣ និង​៤០នាទីរសៀលថ្ងៃទី​១១ កញ្ញា ២០១៦ ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៣១ ត្រង់​ចំណុចភូមិដើមពោធិ៍ ឃុំសុភី ស្រុកកំពង់ត្រាច ខេត្តកំពត ។

ប្រភពឱ្យដឹងថា ជនរងគ្រោះ​ដែលត្រូវរថយន្តបុក​ស្លាប់ទាំង៣នាក់ ១-​ឈ្មោះចាន់ កែវ ភេទស្រី​ អាយុ​៣១ឆ្នាំ (ជាអ្នក​បើកម៉ូតូ) ២-ឈ្មោះមិន ជូរី ភេទស្រី អាយុ​២៥​ឆ្នាំ និង៣-ទារកអាយុ​ទើប៣ខែ ទាំង៣នាក់មានទីលំនៅក្នុងភូមិឈើទាល ឃុំស្តេចគង់ខាង​លិច ស្រុកបន្ទាយមាស ខេត្តកំពត (ទាំង៣នាក់ទើបត្រឡប់​មកពី​ចាក់ថ្នាំ​ឱ្យ​កូនប្រុសខាងលើ) ។ ចំណែក​ខាងរថយន្ត​បង្ក អ្នកបើក​រត់ចូលព្រៃបាត់ ទុកតែរថយន្តម៉ាកតាកូម៉ា ពាក់ស្លាកលេខ​ភ្នំពេញ2AF-2951 ។

ប្រភពបន្តថា ក្នុងហេតុការណ៍នេះ គេមិនដឹង​មូល​ហេតុច្បាស់លាស់ទេ ដោយគេឃើញរថយន្ត​បានបុក​អូសម៉ូតូនិងស្ត្រីឈ្មោះចាន់ កែវ (ជាអ្នកឌុប)ចម្ងាយ៧០ម៉ែត្រឯណោះ រួចទើបឈប់រថយន្ត ហើយឃើញអ្នកបើកមាន២នាក់រត់ចូលព្រៃបាត់ បន្សល់ទុកតែ​រថយន្ត​ចោល​ជាមួយ​សាកសពជនរងគ្រោះ ។

ទោះបីជាបែបណា សមត្ថកិច្ច​​កំពុង​ស្រាវជ្រាវ​រក​អ្នកបើក​រថយន្តបង្ក ដើម្បី​​ដោះស្រាយតាមច្បាប់ ។