អ្នក​ប្រដាល់​កាន់​​បរិញ្ញាបត្រ​ច្បាប់ ឃឹម ឌីម៉ា លែង​ចង់​វ៉ៃ​ដណ្ដើម​ខ្សែ​ក្រវ៉ាត់​

អ្នក​ប្រដាល់ ឃឹម ឌីម៉ា ​ដែល​ចប់​បរិញ្ញាបត្រ​ច្បាប់​នៅ​សាកល​វិទ្យាល័យ​បៀលប្រាយ​ បាន​បញ្ជាក់​ថា​ខ្លួន​លែង​ចង់​វាយ​ដណ្ដើម​ខ្សែ​ក្រវ៉ាត់​ទៀត​ហើយ ព្រោះ​បច្ចុប្បន្ន​មាន​ការងារ​រវល់​ច្រើន ​មិន​សូវ​មាន​ពេល​ហ្វឹកហាត់​គ្រប់គ្រាន់។

 

អ្នក​ប្រដាល់​កាន់​​បរិញ្ញាបត្រ​ច្បាប់ ឃឹម ឌីម៉ា លែង​ចង់​វ៉ៃ​ដណ្ដើម​ខ្សែ​ក្រវ៉ាត់​ ឃឹម ឌីម៉ា (ក្រហម)

 

ក្រោយ​យក​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ នឹងគ្រាកាន ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន PNN ​រួច​មក ឃឹម ឌីម៉ា ​បាន​បញ្ជាក់​ថា​រូបគេ​លែង​ចង់​វាយ​ដណ្ដើម​ខ្សែ​ក្រវ៉ាត់​ទៀត​ហើយ ពោល​គឺ​ចង់​តែ​វាយ​ធម្មតា​ៗ ​តាម​ប៉ុស្តិ៍​នានា​ប៉ុណ្ណោះ។ ចំពោះ​មូលហេតុ​អ្វី កូន​នាគ​ខ្មៅ​ជាយ​ដែន ​រូប​នេះ​បញ្ជាក់​ថា​ខ្លួន​មាន​ការងារ​រវល់​ច្រើន ហើយ​ក៏​មិន​សូវ​បាន​ហ្វឹកហាត់​ឱ្យ​ខ្លាំងក្លា​ទៀត ដូច្នេះ​មិន​ចង់​វាយ​ដណ្ដើម​ខ្សែ​ក្រវ៉ាត់​នោះ​ទេ។

 

ជើង​ខ្លាំង​ប្រចាំ​នៅ​កម្ពុជា​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥​គីឡូក្រាម​ខាង​លើ​នេះ ​បន្ថែម​ថា​ការងារ​ PM (កង​អន្តរាគមន៍​ពិសេស​) ​របស់​ខ្លួន​ក៏​រវល់​ណាស់​ដែរ ដោយ​ពេល​ខ្លះ​រក​ពេល​សម្រាក​ពុំ​បាន​ផង ខណៈ​ដែល​រឿង​រក​ការងារ​ទាក់ទង​នឹង​មុខ​វិជ្ជា​ច្បាប់​វិញ ​រូបគេ​ក៏​មិន​ទាន់​នឹង​បាន​រក​ទៀត។

 

ទាក់ទិន​នឹង​មិន​ឡើង​វ៉ៃ​ដណ្ដើម​ខ្សែ​ក្រវ៉ាត់​នេះ ឌីម៉ា ​បង្ហើប​ទៀត​ថា​ធ្លាប់​មាន​គេ​ទាក់ទង​ទៅ​វាយ​នៅ​ក្រៅ​ស្រុក​ផង​ដែរ ប៉ុន្តែ​ខ្លួន​នៅ​តែ​រក្សា​ជំហរ​មិន​ទៅ​ដដែល៕

 

អត្ថបទ៖ មុន្នី រម្យ