បទល្មើស​គ្រឿងញៀន​និង​ល្បែងស៊ីសង​ក្នុង​ខេត្តកណ្ដាល ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​អសន្តិសុខ​សង្គម​

​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​តាខ្មៅ និង​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ក៏ដូចជា​ល្បែងស៊ីសង​ច្រើន​ប្រភេទ​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក ហើយ​សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​ទាល់តែសោះ​។ ទាក់ទង​នឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​អំពើ​ឃាតកម្ម អំពើហិង្សា​ក្នុង​គ្រួសារ ក៏ដូចជា​អំពើចោរកម្ម​លួច​ប្លន់ កំពុង​កើតឡើង​កាន់តែខ្លាំង រីឯ​ការបង្ក្រាប​របស់​សមត្ថកិច្ច​នៅមានកម្រិត​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល និង​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ចាត់វិធានការ​ពង្រឹង​សន្តិសុខ​សង្គម​ឡើងវិញ ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។

កាលពី​ព្រលប់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ ជនសង្ស័យ​ជា​មេខ្លោង​ជួញដូរ​ចែកចាយ​គ្រឿងញៀន​ចំនួន​៣​នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​កណ្ដាលស្ទឹង ចាប់ខ្លួន​ជាមួយ​គ្រឿងញៀន​ប្រភេទ​មេ​តុំ​ហ្វេ​តា​មីន​៤​កញ្ចប់​ធំ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​២ រថយន្ត​កាមរី​បា​ឡែ​ន​១​គ្រឿង និង​វត្ថុតាង​មួយចំនួនទៀត​។ ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​មេខ្លោង​ជួញដូរ​គ្រឿងញៀន​នេះ ធ្វើឡើង​នៅ​ឃុំ​កំពង់​តា​ឡុង ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​គាំទ្រ​យ៉ាងខ្លាំង​ក្លា​ផងដែរ​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បឹង​ខ្យា​ង បាន​លើកឡើងថា​បទល្មើស​ចែកចាយ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កើតឡើង​កាន់តែច្រើន ដូច្នេះ​ពួកគាត់​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​ជាប្រចាំ​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​តាខ្មៅ និង​ស្រុក​កណ្ដាលស្ទឹង បាន​អំពាវនាវ​ឲ្យ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល យកចិត្តទុកដាក់​បន្ថែ​ម​ទៀត​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម ព្រោះ​បច្ចុប្បន្ន​អំពើចោរកម្ម​លួច​ប្លន់ ល្បែងស៊ីសង​ខុសច្បាប់ និង​សកម្មភាព​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន កំពុង​បំផ្លាញ​សន្តិសុខ​សង្គម​។ ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កៀនស្វាយ និង​ស្រុក​ល្វាឯម ខេត្តកណ្ដាល ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​តាម​បណ្ដា​ឃុំ​មួយចំនួន​ល្បែងស៊ីសង​ដូចជា បញ្ជល់មាន់ បៀ​អាប៉ោង និង​បទល្មើស​គ្រឿងញៀន​កំពុង​កើតឡើង​យ៉ាង​រាលដាល ហើយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​មូលដ្ឋាន​ពុំមាន​លទ្ធភាព​ក្នុងការ​បង្ក្រាប​ឡើយ​។ ដូច្នេះ​មានតែ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល និង​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល​ទេ ដែល​អាច​ចាត់វិធានការ​ពង្រឹង​សន្តិសុខ​ក្នុង​ខេត្ត​នេះ ឲ្យ​បាន​ប្រសើរ​ឡើងវិញ​៕

13507020_541881642666444_7484450765343945990_n ae-6-576x1024 ae-1-3