លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ បណ្ដោយ​ឲ្យ​កូនចៅ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ករណី​លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​យកលុយ​ថ្លៃ​ធ្វើ​ប័ណ្ណឆ្លងដែន​លើស​សៀវភៅ​បន្ទុក​បានកើត​ឡើងជា​យូរ​មកហើយ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​រិះគន់​យ៉ាងខ្លាំង​។ ជាពិសេស​លោក ខូង ទីន មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រក​អូរ​ស្មាច់​ផងដែរ ក៏ប៉ុន្តែ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ មិនទាន់​ចាត់វិធានការ​លើ​មន្ត្រី​រូបនេះ​នៅឡើយ​ទេ​។ ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន មិនគួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ ខេត្តឧត្ដរមានជ័យ​នោះទេ​។

ប្រជាពលរដ្ឋ​ដែល​ចេញចូល​ឆ្លងដែន​តាម​ច្រក​អូរ​ស្មាច់ បាន​ឲ្យ​ដឹងថា​មន្ត្រីនគរបាល​អន្តោប្រវេសន៍​បាន​យក​ថ្លៃ​ធ្វើ​ប័ណ្ណ​ព្រំដែន​សម្រាប់​ពួកគាត់​ដែលមាន​ទីលំនៅ​ជាប់​បន្ទា​ត់​ព្រំដែន​កម្ពុជា​-​សៀម ក្នុង​មួយ​ក្បាល​៥​ម៉ឺន​រៀល ចំណែក​ពលរដ្ឋ​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​គេ​យក​ដល់​ទៅ​៧​ឬ​១០​ម៉ឺន​រៀល​។ បញ្ហា​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់​ក្រោម​ការគ្រប់គ្រង​របស់លោក ខូង ទីន កំពុង​ប្រព្រឹត្ត​ខុសច្បាប់​យ៉ាងច្បាស់​ក្រឡែត និង​ជា​អំពើពុករលួយ​មិនអាច​ប្រកែក​បានឡើយ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ មិនត្រូវ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ខូង ទីន និង​បក្ខពួក​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​ទេ ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​។

នៅ​ច្រក​អូរ​ស្មាច់​នេះដែរ មានការ​ជំរិត​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងដែន​យ៉ាង​ពេញបន្ទុក ជាពិសេស​មាន​ជាប់​ពាក់ព័ន្ធ​នឹង​នគរបាល​អន្តោប្រវេសន៍​ក្រោម​ការគ្រប់គ្រង​របស់លោក ខូង ទីន តែម្តង​។ ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​បាននាំគ្នា​តវ៉ា​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ដោះស្រាយ​រឿង​មន្ត្រី​គយ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក៏ដូចជា​នគរបាល​អ​ន្តោ​ប្រវេសន៍​ដែល​ជំរិត​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​។ ក្នុងនោះ​អំពើពុករលួយ​នៃ​ការ​យកលុយ​លើស​សៀវភៅ​បន្ទុក​សម្រាប់​ការធ្វើ​ប័ណ្ណឆ្លងដែន​នៅ​ច្រក​អូរ​ស្មាច់ គឺជា​ការទទួលខុសត្រូវ​របស់លោក ខូង ទីន ទាំងស្រុង​ព្រោះ​បើ​គ្មាន​ការបើក​ដៃ​ឬ​បទបញ្ជា​ពី​លោក ខូង ទីន ទេនោះ​គឺ​មន្ត្រីក្រោមឱវាទ​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​៕

pic243 ka-7777