បាយ​ពង​ទា២​គ្រាប់​ជាមួយ​ឪពុក អាច​ឲ្យ​បេក្ខជន​ដ៏កម្សត់​​ជាប់​បាក់​ឌុប​ទាំង​នឹក​ស្មាន​មិន​ដល់

មិន​មែន​បាយ​ហាង មិន​មែន​បាយ​ប្រអប់ តែ​ជា​បាយ​ខ្ចប់​តាម​ថង់​វេច​មក​ពី​ផ្ទះ មាន​ត្រឹម​ពង​ទា ២​គ្រាប់ ធ្វើ​ឲ្យ​បេក្ខជន សឿម សា តាំង​ចិត្ត​ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៦ ទាំង​នឹក​ស្មាន​មិន​ដល់។

 

បាយ​ពង​ទា២​គ្រាប់​ជាមួយ​ឪពុក អាច​ឲ្យ​បេក្ខជន​ដ៏កម្សត់​​ជាប់​បាក់​ឌុប​ទាំង​នឹក​ស្មាន​មិន​ដល់

 សឿម សា និង​ឪពុកពេលបាយថ្ងៃត្រង់ជិតមណ្ឌលប្រឡងវិទ្យាល័យ ១០មករា ឆ្នាំ​១៩៧៩

 

សឿម សា គឺ​ជា​កូន​ប្រុស​ពៅ​ក្នុង​ត្រកូល​គ្រួសារ​អ្នក​ស្រែ​ចម្ការ​មួយ​នៅ​ខេត្ត​សៀមរាប ដែល​ស្គាល់​តែ​ពាក្យ​ថា​ហត់​នឿយ ប្ដូរ​មក​វិញ​ត្រឹម​កម្រៃ​តិច​តួច​ស្ដួច​ស្ដើង​ប៉ុណ្ណោះ។ ដោយសារ​ទឹក​ចិត្ត​ស្រលាញ់​ការ​រៀន​សូត្រ សឿម សា បាន​ប្ដេជ្ញា​ថា​មិន​បោះបង់​ឡើយ ទោះ​គ្រួសារ​ក្រ​លំបាក​យ៉ាង​ណា​ក៏​ដោយ ខុស​ពី​បងៗ​៣នាក់​ទៀត​ដែល​ត្រូវ​បញ្ចប់​​ជីវិត​សិក្សា​ពាក់​កណ្ដាល​ផ្លូវ។ ឪពុក​ម្ដាយ​ឃើញ​បែប​នេះ ក៏​ជំ​រុញ​ឲ្យ​កូន​ពៅ​របស់​ខ្លួន​ បន្ត​ការ​សិក្សា​រហូត​ដល់​ថ្នាក់​បាក់​ឌុប​នៅ​វិទ្យាល័យ​បន្ទាយ​ស្រី និង​ប្រឡង​ជាប់​និទ្ទេស E ក្នុង​ឆ្នាំ​២០១៦ នៅ​មណ្ឌល​វិទ្យាល័យ ១០មករា ឆ្នាំ​១៩៧៩។

 

ងាក​ទៅ​ថ្ងៃ​ប្រឡង​បាក់​ឌុប សឿម សា បាន​និយាយ​ថា គ្មាន​ម្ហូប​អ្វី​ដើម្បី​ទទួល​ទាន​ឲ្យ​មាន​កម្លាំង​ដូច​គេ​ឡើយ គឺ​មាន​តែ​ពង​ទា ២​គ្រាប់​ខ្ចប់​ជាមួយ​បាយ​មក​ពី​ផ្ទះ។ ប៉ុន្តែ​វា​ជា​អាហារ​ថ្ងៃ​ត្រង់​ដ៏​មាន​ន័យ​បំផុត ព្រោះ​អាច​យល់​ពី​ទឹក​ចិត្ត​ឪពុក​ដែល​ខំ​តស៊ូ​អត់​ឃ្លាន​ជាមួយ​កូន។ “ថ្ងៃ​នោះ អត់​មាន​អី​ទេ​បង មាន​តែ​ពង​ទា ២​គ្រាប់​ហ្នឹង ហូប​ជាមួយ​ពុក… ខ្ញុំ​អាណិត​គាត់​ណាស់ ចឹង​ហើយ​បាន​ខំ​ប្រឹង តែ​មិន​នឹក​ស្មាន​ថា​ជាប់​ផង ព្រោះ​មិន​ដែល​មាន​លុយ​រៀន​គួរ​ជាប់​លាប់​ដូច​គេ”។ សឿម សា រៀប​រាប់។ ​

 

យុវជន​វ័យ ២០​ឆ្នាំ​រូប​នេះ បាន​ប្រាប់​ថា ឪពុក​របស់​ខ្លួន​ត្រូវ​ក្រោក​តាំង​ពី​វេលា​ទៀប​ភ្លឺ ដើម្បី​ជូន​ខ្លួន​មក​ដល់​មណ្ឌល​ប្រឡង ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង ៣០​គីឡូម៉ែត្រ ពោល​គឺ​ពី​ស្រុក​បន្ទាយ​ស្រី មក​ដល់​ក្រុង​សៀមរាប។ ពេល​សួរ​ថា​បាន​អ្វី​ជិះ​មក​ប្រឡង? សឿម សា បាន​ឆ្លើយ​បែប​កំប្លែង​ថា៖ “មាន​អី​បង ខ្ចី​ម៉ូតូ​ពូ​ជិះ ២នាក់​ពុក… ម៉ូតូ​នៅ​ផ្ទះ​មាន​ដែរ តែ​មិន​គ្រប់​គ្រឿង គ្មាន​លេខ គ្មាន​កញ្ចក់ ខ្លាច​គេ​ចាប់ (សើច…)”។

 

ចំពោះ​សំលៀក​បំពាក់​ថ្មី អម​ដោយ​ស្បែក​ជើង​ប៉ាតា ដែល​គ្រប់​គ្នា​ឃើញ​ក្នុង​រូប សឿម សា បាន​ប្រាប់​ថា ទើប​ទិញ​ដើម្បី​ត្រៀម​ជា​ពិសេស​សម្រាប់​ថ្ងៃ​ប្រឡង​បាក់​ឌុប​ក្នុង​ក្រុង​សៀមរាប។ “ខោអាវ ស្បែក​ជើង​​ហ្នឹង ទើប​ទិញ​មុន​ប្រឡង​តើ​បង ត្រៀម​ចូល​ក្រុង ខ្លាច​ចូល​គេ​មិន​ចុះ ព្រោះ​អី​ខោ​អាវ​មុន​ចាស់​ៗ​ពេក អីចឹង​ហើយ​បាន​ពុក​ទិញ​ឲ្យ​ថ្មី”។ សឿម សា និយាយ។ ​​

 

ចាប់​ផ្ដើម​សាកសួរ​ពី​រឿង​ជីវភាព សឿម សា បាន​ប្រែ​ពី​សម្ដី​លះ​លាយ​កំប្លែង មក​ដក​ដង្ហើម​វែង រួច​និយាយ​ថា៖ “ពុក​ម៉ែ​ខ្ញុំ ធ្វើ​ស្រែ មិន​សូវ​ជា​ស្រួល​ប៉ុន្មាន​ទេ… បង​ៗ​ខ្ញុំ​ឈប់​រៀន​អស់​ហើយ ព្រោះ​ទុក​ឲ្យ​ខ្ញុំ​បាន​រៀន​ស្រួល។ សឿម សា បាន​បន្ត​ទៀត​ថា៖ “រឿង​រៀន​ត ខ្ញុំ​អត់​ទាន់​ដឹង​ទេ ព្រោះ​មិន​ទាន់​បាន​សួរ​ពុក​ខ្ញុំ… គាត់​អាច​ជួយ​បាន​ខ្លះ​ៗ​ទេ​មើល​ទៅ ប្រហែល​មិន​អាច​បាន​ទាំង​អស់​ទេ”។

 

នា​ពេល​អនាគត សឿម សា មាន​ក្ដី​ស្រមៃ ចង់​ក្លាយ​ជា​គ្រូ​បង្រៀន ឬ​ប៉ូលិស​ម្នាក់ ហើយ​ជំនាញ​ដែល​ចង់​រៀន​មិន​ទាន់​ច្បាស់​ក្នុង​ចិត្ត​ឡើយ ប៉ុន្តែ​ឲ្យ​តែ​ទាក់​ទង​នឹង​ភូមិវិទ្យា ឬ​ប្រវត្តិវិទ្យា គឺ​រូប​គេ​ចូល​ចិត្ត​ទាំង​អស់។ “គ្រូ​បង្រៀន​ក៏​បាន ប៉ូលិស​ក៏​បាន តែ​ទាល់​តែ​បាន​រៀន​ត បើ​មិន​ចឹង​ទេ​គឺ​មាន​តែ​នៅ​ធ្វើ​ស្រែ​ដដែល”។ សម្ដី សឿម សា។

 

ចំណែក​លោក សំ សឿម ជា​ឪពុក​បាន​និយាយ​ថា កូន​ប្រុស​ពៅ​របស់​ស្រលាញ់​ការ​រៀន​សូត្រ ទើប​អាច​បន្ត​បាន​ដល់​សព្វ​ថ្ងៃ ឯ​បង​ៗ ៣នាក់​ទៀត រៀន​ដល់​ថ្នាក់​ទី១០ ទី១១ ដែរ​តែ​ឈប់​អស់ ព្រោះ​គ្មាន​សមត្ថភាព​បន្ត។ លោក​បាន​បញ្ជាក់​ទៀត​ថា សឿម សា អាច​រៀន​បាន ដោយសារ​មាន​បង​ៗ​នោះ​ជា​អ្នក​ជួយ​ខ្លះ​ដែរ។ ចំពោះ​ការ​បញ្ជូន​មក​រៀន​នៅ​ភ្នំពេញ លោក​កំពុង​ស្ទាក់​ស្ទើរ​ចិត្ត​នៅ​ឡើយ បើ​ទោះ​បី​ទទួល​បាន​អាហារូបករណ៍​សិក្សា​ឥត​បង់​ថ្លៃ​ពី​សាកលវិទ្យាល័យ​ធនធានមនុស្ស​ក៏​ដោយ ព្រោះ​គិត​ថា​ឆ្ងាយ និង​គ្មាន​លុយ​កាក់​សម្រាប់​ការ​ស្នាក់​នៅ ហូប​ចុក​ក្នុង​ទីក្រុង៕

 

អត្ថបទ៖ គង់ វិសាល