កែវ សុខសិលា«មិន​ធ្លាប់​បញ្ជា​កូន​ក្រុម​លើ​ទីលាន​ តែ​ខ្ញុំ​នឹង​ខំប្រឹង»

អ្នក​ចាំ​ទី​វ័យ​ក្មេង កែវ សុខសិលា​ ​បង្ហាញ​ក្ដី​រំភើប​ជា​​ខ្លាំង និង​បាន​តាំង​ចិត្ត​ថា​ទោះ​មិន​ធ្លាប់​ដឹក​នាំ​កូន​ក្រុម​លើ​ទីលាន​ក៏​រូប​គេ​​ប្រឹងប្រែង​ធ្វើ​ឲ្យ​បាន​ល្អ​ ក្នុង​កា​ធ្វើ​ជា​ប្រធាន​​ក្រុម U19 កម្ពុជា​​​​​​ប្រកួត​​ពាន​រង្វាន់ AFF U-19 Championship 2016។

 

កែវ សុខសិលា«មិន​ធ្លាប់​បញ្ជា​កូន​ក្រុម​លើ​ទីលាន​ តែ​ខ្ញុំ​នឹង​ខំប្រឹង»
​​កែវ សុខសិលា​

 

កម្មវិធី​ប្រកួត​ពាន​រង្វាន់​ខាង​លើ​ នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី​វៀតណាម​ចាប់​ពី​ថ្ងៃ​ទី១១ ដល់​ថ្ងៃ​ទី២៤ ខែ​កញ្ញា ឆ្នាំ​២០១៦​ ដែល​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ BTV News ។

​ 

​អ្នក​ចាំ​ទី​វ័យ​ក្មេង​របស់​ក្លឹប​ភ្នំពេញ​ក្រោន​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ជា​រឿង​​​ពិបាក​ខ្លះ​ៗ​​​ក្នុង​ការ​រ៉ាប់រង​តំណែង​មួយ​នេះ ហើយ​មិន​ធ្លាប់​​រំពឹង​ថា​​មាន​ឱកាស​ក្លាយ​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ១៩​ឆ្នាំ​នេះ​ដែរ។ ​ការ​បញ្ជា​លើ​ទីលាន​ឬ​ប្រាប់​ទៅ​មិត្ត​រួម​ក្រុម​រូប​គេ​បាន​សិក្សា​រូប​​រាល់​​ នឹង​សង្ឃឹម​អាច​ធ្វើ​បាន​ល្អ​​ដើម្បី​ចង្អុល​ប្រាប់​មិត្ត​រួម​ក្រុម​ឲ្យ​រត់​បទ​បែន​តាម​ខ្លួន​នៅ​លើ​ទីលាន។

 

​កីឡាករ​រូប​នេះ​បន្ថែម​ថា ភាព​ស៊ីចង្វាក់​គ្នា​នៅ​លើ​ទីលាន​មិន​ទាន់​បាន​ល្អ​​១០០​%​នៅ​ឡើយ។ ចន្លោះ​ប្រហោង​នៅ​មាន​ប្រហែល ១០​% ដែល​ត្រូវ​​កែតម្រូវ​ ប៉ុន្តែ​រាល់​ចំណុច​ខ្វះខាត​ទាំង​ឡាយ​រូប​គេ​ជា​ប្រធាន​​ក្រុម នឹង​ព្យាយាម​ណែនាំ​​ក្នុង​ពេល​កំពុង​ប្រកួត​បន្ថែម​ទៀត។

 

ទាក់​ទិន​នឹង​ការ​ចាត់តាំង​ កែវ សុខ​សិលា​ ធ្វើ​ជា​ប្រធាន​ក្រុម​នេះ​លោក Kazunori Ohara ​គ្រូ​បង្វឹក​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ១៩​ឆ្នាំ​បាន​អះអាង​ថា ​សិលា​ មាន​ភាព​ជា​​អ្នក​ដឹក​នាំ​ល្អ​ម្នាក់​ ទើប​លោក​សម្រេច​ឲ្យ​កីឡាករ​ឆ្នើម​រូប​នេះ​ធ្វើ​ជា​ប្រធាន​ក្រុម៕

 

កែវ សុខសិលា«មិន​ធ្លាប់​បញ្ជា​កូន​ក្រុម​លើ​ទីលាន​ តែ​ខ្ញុំ​នឹង​ខំប្រឹង»

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា