ក្តៅៗ! ​​ដំណឹងសម្រាប់អ្នកផលិតករ និងអ្ន​ក​ដឹកនាំរឿងភាពយន្ត

រាជធានីភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ ​តាម​រយៈនាយកដ្ឋាន​សិ​ល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​បាន​ដាក់ឱ្យ​​អនុ​វត្ត​​នូវ​វិធានការ​ណ៍៣​ចំណុច​ ចំពោះ​ផលិតករ អ្នកដឹកនាំ​រឿង សំដៅ​ពង្រឹងគុណភាព​ ក្នុង​ការ​ផលិតភាព​យន្តឱ្យ​​បាន​ល្អ​ប្រសើរ​ ។

យោង​​តាម​សេចក្តីជូនដំណឹង​របស់​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បៈ ដែល​បាន​ចេញ​ផ្សាយ ​កាលពីព្រឹក​ថ្ងៃ​ទី​១២ ​កញ្ញា ​​នេះ​ បាន​ឱ្យ​​ដឹង​ថា អនុវត្ត​​តាម​ស្មារតី​អង្គ​សិក្ខាសាលា​​ភាពយន្ត ក្រោម​ប្រធានបទ ដើម្បី​បង្កើន​សមត្ថ​ភាព​​ប្រកួតប្រជែង ដែល​បាន​ប្រ​ព្រឹទ្ធ​ទៅ ​កាលពី​​ថ្ងៃ​ទី​០៦ ​ធ្នូ​ ២០១៥ កន្លងមក ដោយ​បាន​ឯកភាព​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​មួយ​​ចំនួន សំដៅ​លើកកម្ពស់​សមត្ថភាព​ផលិត​ស្នាដៃ​ថ្មី ​ប្រកបដោយ​គុណភាព មាន​ភាព​ទាក់ទាញ និង​អាច​ប្រកួតប្រជែង​បាន​នៅ​លើ​ទីផ្សារ​ភាពយន្ត​ក្នុងស្រុក​នោះ នាយកដ្ឋាន​សិ​ល្បះ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​បាន​ដាក់ឱ្យ​​អនុវត្ត​​នូវ​វិធានការ​៣​ចំណុច​ដល់​ចាងហ្វាង​ផលិតកម្ម​ភាពយន្ត ផលិតករ អុ្ន​ក​ដឹកនាំ​រឿង ផលិតករ​ភាពយន្ត​វ័យក្មេង ទាំងអស់​ដូច​ត​ទៅ ៖

១-ភាព​មិន​ពេញលេញ​ ក្នុង​ការ​ផលិត​ស្នាដៃ​ភាពយន្ត​នា​ពេល​បច្ចុប្បន្ន គឺ​កង្វះ​គុណភាព​នៃ​ការ​តែង​និពន្ធ អត្ថបទ​និពន្ធ​រឿង​ ។ អត្ថ​បទ​និពន្ធ​រឿង​ល្អ​មួយ ​ត្រូវ​មាន​លក្ខ​ណៈសម្បត្តិ វិជ្ជា​ជី​វៈ ​គ្រប់គ្រាន់​អាច​ពិនិត្យ​យល់ និង​អាច​វាយតម្លៃ​បាន​អំពី​គោល​គំនិត​រឿង មាតិ​ការ និង​បរិបទ​នៃ​រឿង​នោះ​ ទើប​នាយកដ្ឋាន​ទទួល​សំណើ​​សុំ​ពិនិត្យ ដើម្បី​ផ្តល់​ការ​អនុញ្ញាត្ត​ផលិត​ ។

២​-ឆ្លង​តាម​ការ​វាយតម្លៃ​លើ​ស្នាដៃ​ដែល​មាន​កន្លង​មក អ្នកដឹកនាំ​រឿង ដែល​មិន​មាន​លក្ខ​ណៈសម្បត្តិ វិជ្ជា​ជី​វៈ​ បទ​ពិសោធន៍ និង​សមត្ថភាព​​ជំនាញ​សម​ល្មម​ទេ ​នឹង​មិន​អនុញ្ញាត​ឲ្យ​ដឹកនាំ​ផលិត​ស្នាដៃ​ភាពយន្ត​រឿង​ខ្នាត​វែង​ទៀត​ឡើយ​ ។ ចំពោះ​អ្នកដឹកនាំ​រឿង​ថ្មី ដែល​មាន​បំណង​ដឹកនាំ​ផលិតភាព​យន្ត​រឿង​ខ្នាត​វែង ត្រូវ​មាន​ស្នាដៃ​ភាពយន្ត​ខ្នាត​ខ្លី​ចំនួន​២​ស្នាដៃ​ ដែល​ផលិត​ដោយ​សាមីខ្លួន​ផ្ទាល់ ដាក់​ភ្ជាប់​ជា​ឯកសារ​សម្រាប់​ធ្វើការ​វាយតម្លៃ និង​វិនិច្ឆ័យ​សម្រេច​អំពី​សមត្ថភាព ចំណេះដឹង និង​បទ​ពិសោធន៍​របស់​ខ្លួន​មុន​នឹង​អនុញ្ញាត ​ឬ​មិន​អនុញ្ញាត​ឲ្យ​ដឹកនាំ​ផលិត​ស្នាដៃ​ភាពយន្ត​។

៣-ចាប់​អនុវត្ត​ដំណើរការ​រៀបចំ​កសាង​បញ្ជីរ​ឈ្មោះ​អ្នកដឹកនាំ​រឿង ដោយ​ឆ្លង​តាម​រយៈ​ការ​វាយតម្លៃ​លើ​ស្នាដៃ​ដែល​មាន​រួច​ហើយ ការ​បណ្តុះបណ្តាល​ជំនាញ និង​ការ​សាកល្បង​បង្កើត​ស្នាដៃ​ថ្មី​។ បញ្ជី​ឈ្មោះ​អ្នកដឹកនាំ​រឿង​ត្រូវ​តែ​មានការ​ឯកភាព គាំទ្រ និង​ទទួល​ស្គាល់​ជា​ទូទៅ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ជាតិ​ ។

ប្រភព ៖
កោះសន្តិភាព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload