អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់លោក ហុង គឹម​សេង អធិការនគរបាល​ស្រុក​អូរ​ជុំ​នោះទេ​

​ថ្មីៗ​នេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហុង គឹម​សេង អធិការនគរបាល​ស្រុក​អូរ​ជុំ ខេត្តរតនគិរី មាន​អត្តលេខ​១៩២១២ ត្រូវបាន​មន្ត្រីនគរបាល​ស្រុក​អូរ​ជុំ ៥៥​នាក់​ផ្ដិតមេដៃ​ប្ដឹងទៅ​ថ្នាក់លើ​ដើម្បី​ឲ្យ​ចាត់វិធានការ​ដោះស្រាយ​។ ទង្វើ​របស់លោក ហុង គឹម​សេង អធិការនគរបាល​ស្រុក​អូរ​ជុំ អាចមាន​ការបើក​ដៃ​ពី​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី​ផងដែរ បើ​មិន​ដូច្នេះ​ទេ​ប្រហែល​លោក ហុង គឹម​សេង មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​។ ដូច្នេះ​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនត្រូវ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់លោក ហុង គឹម​សេង នោះទេ​ព្រោះ​ទង្វើ​របស់​អធិការនគរបាល​ស្រុក​អូរ​ជុំ​រូបនេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​បំពេញការងារ​របស់​ម​ន្ត្រី​ក្រោម​ឱវាទ ក៏ដូចជា​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទៀតផង​។

នៅក្នុង​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៦ មន្ត្រីនគរបាល​ក្នុងស្រុក​អូរ​ជុំ ចំនួន​៥៥​នាក់​បាន​ផ្ដិតមេដៃ​ហើយ​បាន​រៀបរាប់​យ៉ាង​ល្អិតល្អន់​នៅ​រឿងអាស្រូវ​ពុករលួយ​ចំនួន​៥​ចំណុច​របស់លោក ហុង គឹម​សេង​។ តាមរយៈ​ការ​លាតត្រដាង​នោះបាន​បង្ហាញថា ច្រើន​ឆ្នាំ​កន្លងទៅនេះ​លោក ហុង គឹម​សេង ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ និង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន ដើម្បី​ស្វែងរក​ផលប្រយោជន៍​យ៉ាង​ក្រអឺតក្រទម​។ ដូច្នេះ​ស្នងការ​នគរបាល​ខេត្តរតនគិរី ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់ តាម​ពាក្យបណ្ដឹង​របស់​មន្ត្រីនគរបាល​ទាំង​៥៥​រូប​ដើម្បី​រក​ឲ្យ​ឃើញ​ការពិត​ជាក់ស្ដែង​។

តាមរយៈ​ពាក្យបណ្ដឹង​នោះបាន​បង្ហាញ​ផងដែរ អំពី​ករណី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​តា​វែង ស្រុក​វ៉ើ​ន​សៃ ឆ្លងកាត់​ស្រុក​អូរ​ជុំ ចូល​ក្រុង​បាន​លុង ព្រោះ​សកម្មភាព​ដឹកឈើ​ខុសច្បាប់​ទាំងនោះ គឺជា​ប្រភព​ចំណូល​របស់លោក ហុង គឹម​សេង និង​បក្ខពួក​មួយ​ក្ដាប់​តូច​។ មិនតែប៉ុណ្ណោះ​ដោយ​អាង​អំណាច​របស់ខ្លួន​ជា​អធិការនគរបាល​ស្រុក​អូរ​ជុំ ទើប​លោក ហុង គឹម​សេង ប្រើ​ពាក្យសំដី​គំរាមកំហែង​មិន​សមរម្យ​ទៅលើ​មន្ត្រ​ក្រោម​ឱវាទ​ស្រេច​តែ​អំពើ​ចិត្ត ហេតុនេះហើយ​ទើប​មន្ត្រីក្រោមឱវាទ​អត់ធ្មត់​តទៅទៀត​លែង​បាន​។ ជាពិសេស​ករណី​លោក ហុង គឹម​សេង យកលុយ​ពី​អ្នក​ថត​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ក្នុង​ឆ្នាំ​២០១៥​និង​២០១៦ សរុប​ជាង​៥១​លាន​រៀល​គឺជា​អំពើពុករលួយ​ដែល​មិនអាច​ប្រកែក​បានឡើយ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់ ព្រោះ​វិធានការ​ទៅលើ​លោក ហុង គឹម​សេង អធិការនគរបាល​ស្រុក​អូរ​ជុំ អាចជា​ការព្រមាន​ដល់​អធិការនគរបាល​ដទៃទៀត ដែល​ប្រព្រឹត្ត​ប្រហាក់ប្រហែលគ្នា​នេះ​ផងដែរ​៕

neth-savoeun

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ

img_20160911_192642-1