សហព័ន្ធចំបាប់ រកឃើញអ្នកខ្លាំងប្រចាំខេត្តកំពង់ឆ្នាំង ត្រៀមមកប្រកួតកីឡាជាតិ

សហព័ន្ធកីឡាចំបាប់កម្ពុជា បានរកឃើញជើងខ្លាំងចំបាប់ចំនួន១៦នាក់ទៀត ដើម្បីត្រៀមឡើងមកប្រកួតកីឡាជាតិតំណាងឲ្យខេត្តកំពង់ឆ្នាំង ដែលនឹងត្រូវនៅពហុកីឡដ្ឋានជាតិ នាថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។

mm2

បើតាមលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានឲ្យដឹងថា អ្នកទាំង១៦នាក់នេះ គឺមាន១០នាក់(ស្រី១នាក់) ជាអ្នកលេងចំបាប់បុរាណ ដែលបានទទួលចំណាត់ថ្នាក់លេខ១ និងលេខ២ខ្លះ ក្នុងការប្រកួតចំបាប់ជ្រើសរើសឯកប្រចាំខេត្តកំពង់ឆ្នាំង កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លងមកនេះ។

mm3

ចំណែកអត្តពលិក៦នាក់ទៀត ដែលបានមកហ្វឹកហាត់នៅភ្នំពេញ ត្រូវដាក់ឲ្យលេងចំបាប់ក្រិចកូរ៉ូម៉ាំងតំណាងឲ្យខេត្តនេះតែម្តង ព្រោះពួកគេមានដើមកំណើតមកពីខេត្តកំពង់ឆ្នាំង ហើយការប្រកួតនៅខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមចំនួន៥០នាក់នោះ ក៏គ្មានអ្នកចូលរួមប្រកួតលើប្រភេទចំបាប់សម័យក្រិចកូរ៉ូម៉ាំងដែរ។

mm4

បន្ថែមលើនេះ សហព័ន្ធកីឡាចំបាប់កម្ពុជា ក៏ជ្រើសរើសបានកីឡាការិនីវ័យ១៦ឆ្នាំឈ្មោះ ស៊ឹម សុភាល័យ ដើម្បីត្រៀមយកមកបណ្តុះបណ្តាលបន្ថែមជាមួយក្រុមយុវជនថ្នាលចំបាប់ នៅក្នុងសាលដំបូលទូកនៃពហុកីឡដ្ឋានជាតិ ផងដែរ ខណៈការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯក នៅខេត្តពោធិ៍សាត់ កាលពីសប្តាហ៍មុន សហព័ន្ធ ជ្រើសរើសបានកីឡាករមានទេពកោសល្យ ត្រៀមយកបង្វឹកបន្ថែមផងដែរ។

mm5

គួរបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកតាមខេត្តនេះ ត្រូវបានធ្វើឡើងក្រោមការចង្អុលបង្ហាញរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីយកអ្នកមានសមត្ថភាពមកប្រកួតកីឡាជាតិ លើកទី១ ក្រោមការឧត្ថម្ភពីលោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ហើយនៅចុងសប្តាហ៍នេះសហព័ន្ធ នឹងបន្តទៅរៀបចំការប្រកួតនៅខេត្តកណ្តាល និងខេត្តព្រៃវែង ដែលយកមកធ្វើរួមគ្នា នៅវិហារសួគ៌ តែម្តង៕

The post សហព័ន្ធចំបាប់ រកឃើញអ្នកខ្លាំងប្រចាំខេត្តកំពង់ឆ្នាំង ត្រៀមមកប្រកួតកីឡាជាតិ appeared first on CamboSport.