ផ្តន្ទាទោស​ជនជាតិ​ស្បែក​ខ្មៅ​៩​នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​ជិត​១​គីឡូក្រាម

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ស្បែក​ខ្មៅ​៩​នាក់​ក្នុង​នោះ​ម្នាក់​កំពុង​គេចខ្លួន និង​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី​៥​ឆ្នាំ​ដល់​១៣​ឆ្នាំ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​មួយ​គីឡូក្រាម ។

ជនជាតិ​ស្បែក​ខ្មៅ​ទាំង​៨​នាក់​នឹង​ត្រូវ​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា ក្រោយ​អនុវត្ត​ទោស​ចប់ រីឯ​ជនជាតិ​ស្បែក​ខ្មៅ​ជាប់ចោទ​ម្នាក់​ទៀត​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ស្វែងរក​ចាប់ខ្លួន ។

លោក ឃី ឆៃ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ បាន​ផ្តន្ទាទោស​ក្រុម​ជនជាប់ចោទ​ទាំង​១០​នាក់ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​) ចំនួន ៨០២,៤៤​ក្រាម ប្រព្រឹត្ត​នៅ​ភោជនីយដ្ឋាន KFC សាខា​ផ្សារ​សុ​វ​ណ្ណា កាលពី​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៥ តាម​មាត្រា​៤០ ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ។ នៅ​ក្នុង​សវនាការ​កន្លង​ទៅ​ជនជាប់ចោទ​ជា​ជនជាតិ​ស្បែក​ខ្មៅ​ទាំង​៨​នាក់ បាន​បដិសេធ​ថា ពួក​គេ​មិន​បានដឹង​រឿង និង​មិន​បាន​ធ្វើ សកម្មភាព​ជួញដូរ​គ្រឿងញៀន ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​នោះ​ទេ ។

ដោយឡែក​ជនជាប់ចោទ​ឈ្មោះ ម៉​ន វិ​ន​យ៉ុ​ន បាន​សារភាព​ថា នាង​ស្គាល់ឈ្មោះ Tony MMaduka Chukwounye ជា​ជនជាតិ​ស្បែក​ខ្មៅ​រហូត​បាន​ក្លាយជា​សង្សា​នឹង​គ្នា ។ នាង​បន្ត​ថា ឈ្មោះ Tony MMaduka Chukwounye បាន​ឲ្យ​នាង​យក​ប្រអប់​ទូរស័ព្ទ iPhone ទៅ​ប្រគល់​ឲ្យ​បុរស​ក្មេង​ៗ​នៅ​ក្នុង​ភោជនីយដ្ឋាន KFC រៀងរាល់ថ្ងៃ និង​ជា​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ៗ ដោយ​ឈ្មោះ Tony MMaduka Chukwounye បាន​ឲ្យ​លុយ​នាង​ក្នុង​មួយ​ថ្ងៃ​១០០​ដុល្លារ ។ នាង​បដិសេធ​ថា នាង​មិន​បានដឹង​ថា ក្នុង​ប្រអប់​ទូរស័ព្ទ iPhone នោះ​មាន​គ្រឿងញៀន​នោះ​ទេ ទើបតែ​ដល់​ថ្ងៃ​សមត្ថកិច្ច​ឃាត់ខ្លួន​ទើប​ដឹង​ថា វា​ជា​ប្រអប់​គ្រឿងញៀន ៕