អស់សង្ឃឹមរលីង ! ខំធ្វើការ​ថែម​ម៉ោង​រហូត​ដល់​ថ្ងៃ​បើក​ប្រាក់ខែ ស្រាប់តែ​…

រាជធានី​ភ្នំពេញ ៖ ម្នាក់​ៗ​អស់សង្ឃឹមរលីង និង​សម្តែង​ការ​ហួសចិត្ត​គ្រប់​គ្នា​ខណៈ​រោងចក្រ​ដំណើរការ​ធម្មតា ហើយ​ថ្មី​ៗ​នេះ​ធ្វើការ​ថែម​ម៉ោង​រហូត​ទៀត ស្រាប់តែ​ដល់​ថ្ងៃ​បើក​ប្រាក់ខែ​បែរជា​ថៅកែ​វេច​បង្វិចរ​ត់បា​ត់ទៅ​វិញ ។

កម្មករ​-​កម្មការិនី​បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល និង​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​កូដកម្ម​នៅ​នឹង​មុខ​រោងចក្រ​នោះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ ដើម្បី​ទាមទារ​សុំ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​ជូន​ពួក​គេ​ទាំងអស់​គ្នា ។

កម្មរ​បាន​ឲ្យ​ដឹង​ថា រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ យីហោ នា​នី​ហ្គា​មេន មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ភូមិ​កប់​ភ្លុក សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺជា​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ មាន​ថៅកែ​ជា​ជនជាតិ​ចិន ដែល​មាន​កម្មករ​-​កម្មការិនី​បម្រើ​ការងារ​នៅ​ក្នុង​នោះ​ចំនួន​២២៥​នាក់ ហើយ​កន្លង​មក​រោងចក្រ​មួយ​នេះ​បាន​ដំណើរការ​ជា​ធម្មតា​មិន​មាន​សញ្ញា​ណាមួយ​គួរ​ឲ្យ​សង្ស័យ​ថា ត្រូវ​ក្ស័យធន​ឡើយ មិនតែប៉ុណ្ណោះ​នៅ​រយៈពេល​៩​ថ្ងៃ​ចុង​ក្រោយ​នេះ ថៅកែ​បាន​តម្រូវ​ឲ្យ​សម្រុក​ធ្វើការ​ថែម​ម៉ោង​យ៉ាង​សកម្ម​ថែម​ទៀត​ផង និង​ប្រាប់​កម្មករ​ថា នឹង​ត្រូវ​បើកប្រាក់​ឈ្នួល​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៦ ។ ប៉ុន្តែ​ពេល​ដល់​ថ្ងៃ​កំណត់ មិន​ត្រឹមតែ​មិន​បាន​បើកប្រាក់​ឈ្នួល​ឲ្យ​ប៉ុណ្ណោះ​ទេ ស្រាប់តែ​ថៅកែ​វេច​បង្វិច​រត់​ចោល​ពួក​គេ​បាត់​ស្រមោល គ្មាន​អាល័យ ហើយ​មិន​ត្រឹមតែ​គ្មាន​ប្រាក់​ឈ្នួល​ប៉ុណ្ណោះ​ទេ ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​បំណាច់​ផ្សេង​ៗ​ក៏​គ្មាន​ដែរ មិនតែប៉ុណ្ណោះ​ពួក​គេ​ទាំងអស់​គ្នា​ត្រូវ​ប្រឈម​មុខ​ទៅ​នឹង​ការ​គ្មាន​ប្រាក់​ចាយវាយ គ្មាន​ប្រាក់​សម្រាប់​ទូទាត់​ថ្លៃ​ឈ្នួល​ផ្ទះ ថ្លៃ​ធ្វើ​ដំណើរ​ឡើយ ដូច្នេះ​មាន​តែ​ធ្វើការ​ទាមទារ​សុំ​ឲ្យ​អាជ្ញា និង​មន្ត្រី​ពាក់ព័ន្ធ​នានា​ជួយ​តែ​ប៉ុណ្ណោះ ព្រោះ​ថៅកែ​ខាងលើ​រកស៊ី​តាម​បែប​ធ្វើ​នំ​អត់​ម្សៅ ដោយ​ទីតាំង​អគារ​រោងចក្រ ព្រមទាំង​ម៉ាស៊ីន​សង្វា​ក់​ផលិតកម្ម សុទ្ធតែ​ជួល​គេ​ទាំងអស់ ទើប​នៅ​ពេល​ចង់​រត់​ក៏​រត់​បាត់​បែប​នេះ ៕