ឃើញរទេះអូសនេះធម្មតាៗ តែកុំច្រឡំ…

ខេត្តបន្ទាយមានជ័យ ៖ ឈើ​គ្រញូង​ជាង​កន្លះ​តោន ត្រូវ​បាន​មន្ត្រី​គយ​នៃ​ការិយាល័យ​គយ​និង​រដ្ឋាករ ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ប្រចាំ​ទីលាន​ត្រួតពិនិត្យ​ទំនិញ​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត និង​សង្កាត់​ប៉ោយ​ប៉ែ​ត ឆែកឆេរ​រក​ឃើញ​ខណៈ​ឈ្មួញ​លួច​ដឹក​បង្កប់​តាម​រទេះអូស​ចេញពី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​១០ កញ្ញា ។

មន្ត្រី​គយ​ប្រចាំ​ទីលាន​ត្រួតពិនិត្យ​ទំនិញ​តាម​រទេះ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ដំបូង​ឃើញ​រទេះ​នោះ ​ហាក់​ខុស​ពី​ធម្មតា ដោយ​មានការ​សង្ស័យ​ក៏​ហៅ​ឱ្យ​ចូល​ទីលាន លុះ​ធ្វើការ​ត្រួតពិនិត្យ​ក៏​រក​ឃើញ​ឈើ​គ្រញូង​ចំនួន​១៥​កំណាត់​ស្មើនឹង​612​គីឡូក្រាម ហើយ​អ្នក​អូស​រទេះ​ក៏​គេចខ្លួន​បាត់​ខណៈ​មន្ត្រី​ជំនាញ​រវល់​ឆែក​រទេះ​នោះ ។

មន្ត្រី​ដដែល​ប្រាប់​ថា ពេល​នេះ​កំពុង​រង់ចាំ​បញ្ជា​ពី​ថ្នាក់លើ​ដើម្បី​ចាត់ការ​បន្ត ៕