បុរសម្នាក់ប្លន់ធនាគារដើម្បីឲ្យបានជាប់គុក ព្រោះមិនចង់នៅជាមួយប្រពន្ធ

បុរសអាមេរិកវ័យ៧០ឆ្នាំឈ្មោះ Lawrence Jonh Ripple បានសម្រេចចិត្តជ្រើសរើសយកការជាប់ពន្ធនាគារ ជាជាងការរស់នៅក្នុងផ្ទះជាមួយភរិយារបស់ខ្លួន។ នេះបើតាមការផ្សាយរបស់កាសែត USA Today។

កាលពីថ្ងៃទី២ ខែកញ្ញា បុរសចំណាស់ Lawrence Jonh Ripple បានចូលទៅក្នុងធនាគារមួយនៅក្រុង Kansas City សហរដ្ឋអាមេរិក។ បុរសរូបនោះ បានហុចក្រដាសមួយសន្លឹកទៅបុគ្គលិកធនាការ ដោយសរសេរថា គេមានកាំភ្លើងក្នុងដៃ និងចង់បានលុយ។

លោក Eric Beltz ដែលជាភ្នាក់ងារស៊ើបអង្កេតពិសេស បានរៀបរាប់ថា ក្រោយទទួលបានលុយ២៩២៤ដុល្លារអាមេរិករួចហើយ Ripple មិនបានចាកចេញទៅណាឡើយ ដោយគាត់ទៅអង្គុយនៅកន្លែងរង់ចាំ ហើយប្រាប់បុគ្គលិកសន្តិសុខឲ្យចាប់ខ្លួន។

លោក Beltz អះអាងថា លោក Ripple មិនមែនប្លន់ធនាគារដើម្បីលុយនោះឡើយ ពីព្រោះធនាការដែលគាត់ប្លន់គឺខុសពីប៉ុស្តិ៍ប៉ូលិសតែមួយផ្លូវប៉ុណ្ណោះ។ ក្រោយការចាប់ខ្លួន Ripple បានពន្យល់ប្រាប់ប៉ូលិសថា គាត់មិនចង់រស់នៅជាមួយភរិយាទៀតឡើយ ដូច្នេះគាត់សុខចិត្តជាប់គុក។ ក្រោយមក គាត់បានសំណូមពរឲ្យប៉ូលិសយកលុយទៅសងធនាគារវិញ។

គេមិនដឹងថា គាត់មានរឿងអ្វីកើតឡើងនោះឡើយ ប៉ុន្តែប្រហែលជាពីរសប្តាហ៍មុនការប្រព្រឹត្តសកម្មភាពប្លន់គាត់បានបង្ហោះរូបភាពល្អូកល្អិនជាមួយភរិយា ហើយថែមទាំងដាក់ជា Facebook Profile ទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ បំណងប្រាថ្នារបស់ Ripple មិនបានសម្រេចឡើយ ដោយចៅក្រមម្នាក់បានសម្រេចដោះលែងគាត់វិញក្រោយជាប់ឃុំមួយសប្តាហ៍ ដោយសារតែលទ្ធផលស៊ើបអង្កេត រកឃើញថាសកម្មភាពរបស់គាត់មិនទាក់ទងនឹងអំពើប្លន់នោះឡើយ។ នេះបើយោងតាមកាសែត The Washington Post៕

ប្រភព៖ ថ្មីៗ


Related Posts