ផលិតករ​បារាំង​ចាយ​លុយ​ផ្ទាល់​ខ្លួន​៥០​ម៉ឺន​ដុល្លារ ផលិត​រឿង​ជីវិត​ក្មេង​រើស​សំរាម​នៅ​កម្ពុជា

ផលិតករ​បារាំង​ម្នាក់ បាន​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​ប្រមាណ​ជា ៥០ ម៉ឺន​ដុល្លារ ដើម្បី​ផលិត​រឿង​មួយ​ដែល​រៀប​រាប់​ពី​ជីវិត​របស់​ក្មេង​រើស​សំរាម​នៅ​តំបន់​ស្ទឹង​មាន​ជ័យ នៅ​កម្ពុជា ខណៈ​ចំណូល​ទាំង​ស្រុង​បាន​ពី​ការ​ចាក់​បញ្ចាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស នឹង​ត្រូវ​បរិច្ចាគ​ឲ្យ​អង្គការ​ក្នុង​ស្រុក​មួយ។

 

លោក Xavier de Lauzanne មិន​ត្រឹម​តែ​ចំណាយ​ធនធាន​ផ្ទាល់​ខ្លួន​ដ៏​ច្រើន​នោះ​ទេ ថែម​ទាំង​ចំណាយ​ពេល​ដល់ ៤ ឆ្នាំ​ទៀត​ផង ក្នុង​ការ​ផលិត​ភាព​យន្ត​ឯកសារ​ជីវិត​ពិត​រឿង «ស្រកា​មាស ឬ Little Gems» ដែល​ទើប​សម្ពោធ​កាល​ពី​ថ្ងៃ​សុក្រ ថ្ងៃ​ទី​៩ កញ្ញា សប្ដាហ៍​មុន​នេះ នៅ​សាល​មហោ​ស្រព​ចតុមុខ។ ការ​ចំណាយ​នេះ គឺ​ដោយ​សារ​តែ​លោក​រំជួល​ចិត្ត​អាណិត​ក្មេងៗ និង​ពេញ​ចិត្ត​នឹង​ការ​លះបង់​របស់​ប្ដី​ប្រពន្ធ​ស្ថាបនិក​អង្គការ​​ដើម្បី​ភាព​​ញញឹម​នៃ​កុមារ (ប៉េ អេស អឺ)។

 

 

«ស្រកា​មាស» នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​តាម​បណ្តា​រោង​ភាព​យន្ត​ទំនើបៗ​នៅ​កម្ពុជា ដោយ​ថវិកា​ដែល​បាន​ពី​ការ​លក់​សំបុត្រ​នឹង​យក​ទៅ​ប្រើប្រាស់​ដើម្បី​គាំទ្រ​ដល់​កម្មវិធី​របស់​អង្គការ ប៉េ អេស អឺ។ បន្ទាប់​ពី​កម្ពុជា រឿង​នេះ​ក៏​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ប្រទេស​បារាំង​ផង​ដែរ។

– Major Cineplex by cellcard ថ្ងៃ​ទី ១៣-១៦ កញ្ញា
– Platinum Cineplex ថ្ងៃទី ១៥-១៨ កញ្ញា
– Legend Cinema ថ្ងៃទី ១៦-១៩ កញ្ញា

 

ផលិតករ​បារាំង​ចាយ​លុយ​ផ្ទាល់​ខ្លួន​៥០​ម៉ឺន​ដុល្លារ ផលិត​រឿង​ជីវិត​ក្មេង​រើស​សំរាម​នៅ​កម្ពុជា

 លោក Xavier de Lauzanne ផលិតករ​បារាំង

 

ភាពយន្ត​នេះ​បង្ហាញ​ពី​ខ្សែ​ជីវិត​កម្សត់​ពិត​របស់​កុមារ​ដែល​​ដើរ​តែ​ស្ពាយ​ការ៉ុង​រើស​សំរាម​នៅ​កន្លែង​ចាក់​សំរាម​ស្ទឹង​មាន​ជ័យ តែ​បែរ​ជា​​មាន​ឱកាស​ស្ពាយ​កាតាប​ចូល​រៀន និង​ធ្វើ​ការ បន្ទាប់​ពី​ត្រូវ​អង្គការ ប៉េ អេស អឺ ជួយ​ទំនុក​បម្រុង​ទាំង​អាហារ កន្លែង​ស្នាក់​នៅ និង​ការ​រៀន​សូត្រ។ សាច់​រឿង​បញ្ចប់​ជាមួយ​ក្ដី​សង្ឃឹម ដោយ​រឿងរ៉ាវ​នៃ​ដំណើរ​ផ្សង​ព្រេង​ដ៏​អស្ចារ្យ​នេះ​បាន​ជួយ​ដល់​កុមារ​កម្ពុជា​ប្រមាណ​ជាង​១ម៉ឺន​នាក់​ឲ្យ​ទទួល​បាន​អាហារ អប់រំ រហូត​ដល់​អាច​កសាង​អនាគត​ដ៏​​ភ្លឺ​ស្វាង​នា​ពេល​អនាគត។ រឿង​នេះ ក៏​រៀបរាប់​អំពី​ដំណើរ​ផ្សង​ព្រេង​របស់​ប្ដី​ប្រពន្ធ​បារាំង​​ស្ថាបនិក​អង្គការ ប៉េ អេស អឺ គឺ​លោក Christian និង​លោក​ស្រី Marie France des Pallières មក​កម្ពុជា រហូត​ដល់​បង្កើត​អង្គការ​នេះ​ឡើង​នៅ​ឆ្នាំ​១៩៩៥៕

 

អត្ថបទ៖ សុផាត