សិស្ស​​​ភាគ​ច្រើន​ចាប់​អារម្មណ៍​លើ​ជំនាញ​​​វេជ្ជសាស្ត្រ​ ក្នុង​ពិព័រណ៍​សកលវិទ្យាល័យ

​កម្មវិធី​​​​ពិព័រណ៍​សកលវិទ្យាល័យ​​ ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​វិមាន​ពហុកីឡាដ្ឋាន​ជាតិ​​​​នា​ថ្ងៃ​សៅរ៍​ ​​១០​ កញ្ញា ២០១៦​​កន្លង​ទៅ​ ​​មាន​វត្ត​មាន​សាធារណជន​ជា​ច្រើន​​បាន​ទៅ​​ចូល​រួម​ទស្សនា​ ជា​ពិសេស​សិស្ស​ទី​១២​ដែល​ត្រៀម​ខ្លួន​សម្រាប់​​ការ​​រើស​ជំនាញ​សិក្សា​នៅ​ថ្នាក់​ឧត្ដមសិក្សា​ឲ្យ​បាន​ត្រឹម​ត្រូវ​។

 

សិស្ស​​​ភាគ​ច្រើន​ចាប់​អារម្មណ៍​លើ​ជំនាញ​​​វេជ្ជសាស្ត្រ​ ក្នុង​ពិព័រណ៍​សកលវិទ្យាល័យ

 

នៅ​ក្នុង​​កម្មវិធី​ខាង​លើ ស្តង់​សកលវិទ្យាល័យ​​​ជាង​៥០​​​បាន​​​ផ្ដល់​ព័ត៌មាន​សិក្សា​​លម្អិត​ ទាំង​ព័ត៌មាន​អាហារូបករណ៍ និង​ព័ត៌មាន​​ជំនាញ​សិក្សា​ទៅ​ដល់​​អ្នក​ចាប់​អារម្មណ៍​​​សិក្សា​។ ទន្ទឹម​​នឹង​នោះ​ អ្នក​ចូល​រួម​ក៏​បាន​បង្ហាញ​ពី​មតិ​ផ្ទាល់​ខ្លួន​ក្រោយ​ពេល​​​​ ចូល​រួម​កម្មវិធី​ខាង​លើ។

 

​យុវតី​ ឱម សុគន្ធ​អាន់យ៉ា សិស្ស​​រៀន​ថ្នាក់​ទី​១១ នៃ​​សាលា​បញ្ញា​សាស្ត្រ​អន្តរជាតិ​ បាន​​និយាយ​រៀប​រាប់​ថា ក្រោយ​ពី​បាន​ចូល​រួម​​កម្មវិធី​ខាង​លើ ជំនាញ​ដែល​ខ្លួន​​​​ចាប់​អារម្មណ៍​ជាង​គេ​សម្រាប់​​បំណង​រៀន​នៅ​សកលវិទ្យាល័យ​​គឺ​ ឱសថសាស្ត្រ​និង​វេជ្ជសាស្ត្រ​​។

 

យុវតី​អាន់យ៉ា​​បាន​បន្ត​ថា ដោយ​សារ​តែ​​ខ្លួន​​​ធ្លាប់​មាន​បទ​ពិសោធន៍​​​​​​​​នៅ​ជា​មួយ​ជីដូន​ជា​អ្នក​លក់​ថ្នាំ​ពេទ្យ និង​​ចិត្ត​ស្រលាញ់​​ ​ធ្វើ​ឲ្យ​​កញ្ញា​​ពេញ​ចិត្ត​លើ​ជំនាញ​ខាង​លើ​​នោះ។

 

ងាក​ទៅ​ស្ដាប់​យុវតី ម៉ៅ រ៉ូស្ស​ម៉ារី​ សិស្ស​ថ្នាក់​ទី​១២​មក​ពី​​សាលា​ប៊ែល​ធី​អន្តរជាតិ​ ​បាន​លើក​ឡើង​ពី​​ចំណាប់​អារម្មណ៍​ផ្ទាល់​ថា បន្ទាប់​ពី​ចូល​រួម​កម្មវិធី​ខាង​លើ​​ កញ្ញា​ចាប់​​អារម្មណ៍​លើ​ជំនាញ​សិក្សា​ផ្នែក​​ទន្តពេទ្យ​ ដោយ​សារ​​ខាង​​សកលវិទ្យាល័យ​​បាន​​ណែនាំ​​ពី​​ព័ត៌មាន​សិក្សា​ច្រើន​ដល់​រូប​គេ។

 

យ៉ាង​ណា​មិញ​ នៅ​ពេល​សួរ​ថា កញ្ញា​ផ្ទាល់​ពេញ​ចិត្ត​​​​ជំនាញ​សិក្សា​អ្វី​​ជាង​គេ​ពេល​ទៅ​រៀន​នៅ​សកលវិទ្យាល័យ យុវតី​​រូប​នេះ ប្រាប់​ថា ខ្លួន​​ផ្ទាល់​ចង់​រៀន​ផ្នែក​ច្បាប់​​ ព្រោះ​​ជា​ជំនាញ​​មួយ​ដែល​ខ្លួន​ស្រលាញ់។

 

​គួរ​រំលឹក​ផង​ដែរ​ថា ​​​គោល​បំណង​សំខាន់​​នៃ​ពិព័រណ៍​សកលវិទ្យាល័យ​ដែល​​សហការ​គាំ​ទ្រ​ដោយ​ ក្រសួង​អប់​រំ​យុវជន​ និង​កីឡា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជ​ធានី​ភ្នំ​ពេញ​ គឺ​ដើម្បី​ផ្ដល់​បទ​ពិសោធ​​ដល់ សិស្ស​​​​ទើប​ប្រលង​ចប់​បាក់​ឌុប​​ ដើម្បី​​ឲ្យ​ពួក​គេ​អាច​ជ្រើស​រើស​ជំនាញ​សម្រាប់​ថ្ងៃ​អនាគត​ឲ្យ​បាន​ត្រឹម​ត្រូវ៕​​​​

 

 

អត្ថបទ៖ មាន រតនា​