មន្ត្រី​បរិស្ថាន និង​យោធា​ខេត្តសៀមរាប រង​ការ​ចោទប្រកាន់​រំលោភ​យក​ដី​៤១០​ហិ​កតា​របស់​ពលរដ្ឋ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ជាង​២០​នាក់​តំណាង​ឱ្យ​ពលរដ្ឋ​ចំនួន​៣០២​គ្រួសារ បាន​លើកគ្នា​មក​កាន់​រដ្ឋ​សភាជាតិ ដើម្បី​សុំ​ព​ន្លឿ​ន​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី និង​សុំ​ការ​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បន្ថែម​ទៀង​ផង​ដែរ ក្រោយ​ពេល​ដែល​មន្ត្រី​បរិស្ថាន និង​មន្ត្រី​យោធា​ខេត្តសៀមរាប​មួយ​ចំនួន​បាន​រំលោភ​យក​ដី​របស់​ពួក​គាត់​ចំនួន​៤១០​ហិ​កតា យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ជា​យូរណាស់​មក​ហើយ​នៅ​មិន​មាន​ដំណោះស្រាយ​នោះ ។

លោក ឃុន សំ​អុល អាយុ​៥៥​ឆ្នាំ តំណាង​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ស្រះ​ខ្វាវ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប  ក្នុងថ្ងៃនេះ​ដែរ​ពួក​គាត់​ទាំងអស់​គ្នា​ជា​តំណាង​ប្រជាពលរដ្ឋ​ចំនួន​៣០២​គ្រួសារ បាន​លើកគ្នា​មក​កាន់​រដ្ឋ​សភាជាតិ ដើម្បី​សុំ​ឱ្យ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ជាតិ មេត្តា​ជួយ​ព​ន្លឿ​ន​នូវ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ដល់​ពួក​គាត់ ដែល​មាន​ទំហំ​ចំនួន​៤១០​ហិ​កតា នៅ​ត្រង់​ចំណុច​ក្បាល​អូរ​ទំនប់​បុស្ស​ព្រាល ដែល​នៅ​សល់​ពី​ការ​ដាំ​កូន​ឈើ ហើយ​ត្រូវ​ក្រុម​មន្ត្រី​បរិស្ថាន និង​មន្ត្រី​យោធា​ខេត្តសៀមរាប​មួយ​ចំនួន​បាន​ឃុបឃិត​គ្នា​រំលោភ​យក​ទៅ​ធ្វើ​ជ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​មាន​បញ្ហា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ និង​នៅ​តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ ដោយ​កាលពី​ពេល​កន្លង​មក​បាក​យក​ញត្តិ​មក​ដាក់​សុំ​ការ​អន្តរ​គម​ន៍​ម្តង​រួច​មក​ហើយ​នោះ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា កាលពី​ឆ្នាំ​១៩៨៧ យើងខ្ញុំ​បាន​នាំ​គ្នា​មក​បិទ​ទំនប់​២​ខ្សែរ គឺ​ទំនប់​បុស្ស​ព្រាល និង​ទំនប់​អ្នកតា​ជិះ​ក្របី ដើម្បី​យក​ទឹក​មក​ធ្វើស្រែ​រហូត​មក​ដល់​ឆ្នាំ​២០០២-២០០៣ អាជ្ញាធរ​ខេត្តសៀមរាប​បាន​ដកហូត​ដី​នោះ​ពី​ពួក​គាត់ ដើម្បី​ដាំ​កូន​ឈើ​ជា​ឧទ្យាន​ជាតិ តែ​ការ​ដាំ​កូន​ឈើ​របស់​អាជ្ញាធរ​ដាំ​បាន​តែ​មួយ​ចំនួន​ប៉ុណ្ណោះ ហើយ​ដី​ដែល​នៅ​សេសសល់​ពី​ការ​ដាំ​ដើមឈើ​ប្រមាណ​៤១០​ហិ​កតា ដែល​មាន​ព្រំប្រទល់​ខាងជើង​ទល់​នឹង​អូរ​ទទឹងថ្ងៃ ខាងត្បូង​ទល់​នឹង​ដី​ដាំ​កូន​ឈើ ខាងកើត​ទល់​នឹង​ផ្លូវ​ឡើង​ភ្នំ​គូលែន និង​ខាងលិច​ទល់​ផ្លូវ​ឡើង​ទួល​តា​ពេន​នោះ ត្រូវ​បាន​មន្ត្រី​បរិស្ថាន និង​មន្ត្រី​យោធា​ខេត្តសៀមរាប បាន​បែងចែក​គ្នា​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទៅ​វិញ ហេតុ​ដូចនេះ​ហើយ​យើង​ង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ទាំង​៣០២​គ្រួសារ សូម​ទាមទារ​ដី​នោះ​មក​វិញ ដើម្បី​ប្រកប​របរ​ចិញ្ចឹមជីវិត ។ អាស្រ័យ​ដូច​បាន​ជំរាប​ខាងលើ​នេះ សូម​សម្តេច​ប្រធានរដ្ឋសភា​ជាតិ មេត្តា​ជួយ​ព​ន្លឿ​ន​ការ​ដោះស្រាយ​នូវ​ប​បញ្ហា​ដីធ្លី​នេះ ជូន​ដល់​ពួក​គាត់​ដែល​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ផង ព្រោះ​ពួក​យើងខ្ញុំ​កំពុង​តែ​រស់នៅ​ក្នុង​ជីវភាព​ខ្វះខាត​យ៉ាង​ខ្លាំង ។

ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​ទាំង​ជាង​២០​នាក់​តំណាង​ឱ្យ​៣០២​គ្រួសារ ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​មក​ពី​ខេត្តសៀមរាប ដើម្បី​សុំ​កា​ព​ន្លឿ​ន​ក្នុង​ការ​ដោះស្រាយ​នេះ​ដែរ អ្នកតំណាង​២​នាក់​ត្រូវ​បាន​រដ្ឋ​សភាជាតិ​អនុញ្ញាត​ឱ្យ​ចូល​ទៅ និង​ធ្វើការ​រំសាយ និង​បាន​យក​ញត្តិ​មួយ​ច្បាប់​ទៀត​ទៅ​រក​ការ​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ទៀត​ផង​ដែរ ៕