អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ប្ដេជ្ញា​ថា​នឹង​ដោះស្រាយ​វិវាទ​ដីធ្លី​ជនជាតិ​ដើម​ភាគតិច​ដោយ​យុត្តិធម៌

អាជ្ញាធរ​ស្រុក​ថាឡាបរិវ៉ាត់ មន្ត្រី​ភូមិបាល និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ បាន​ចុះ​ស្រាវជ្រាវ​វិវាទ​ដីធ្លី​រវាង​ជនជាតិ​ដើម​ភាគតិច និង​ពលរដ្ឋ​ចំណូល​ថ្មី​ទាក់ទិន​សំណុំ​រឿង​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច ដែល​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន និង​ឈ្មួញ​ជាប់​ពាក់ព័ន្ធ​កាប់​ព្រៃ​សហគមន៍ និង​ព្រៃ​សាធារណៈ​របស់​រដ្ឋ។

អាជ្ញាធរ​ស្រុក​ប្ដេជ្ញា​ថា នឹង​ប្រមូល​ព័ត៌មាន​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​រៀបចំ​របាយការណ៍​ទៅ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​ករណី​នេះ​ដោយ​យុត្តិធម៌។ សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ សាទរ​វិធានការ​របស់​អាជ្ញាធរ​រដ្ឋាភិបាល និង​រំពឹង​ថា ពួក​គេ​នឹង​ទទួល​បាន​យុត្តិធម៌​ឆាប់ៗ។

អាជ្ញាធរ​ស្រុក​ថាឡាបរិវ៉ាត់ ប្ដេជ្ញា​ថា​នឹង​ជួយ​ជ្រោមជ្រែង​ឲ្យ​មាន​ការ​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ​ជនជាតិ​ដើម​ភាគតិច​ស្រប​ច្បាប់ ផ្អែក​តាម​គោលការណ៍​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល និង​ព្យាយាម​ប្រមូល​ព័ត៌មាន​ដោយ​ត្រឹមត្រូវ​បញ្ជូន​ទៅ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ដោះស្រាយ​ដោយ​យុត្តិធម៌។

ការ​លើក​ឡើង​នេះ នៅ​គ្រា​ដែល​អាជ្ញាធរ​ស្រុក​ថាឡាបរិវ៉ាត់ សមត្ថកិច្ច​ពាក់ព័ន្ធ និង​ក្រុម​យុវជន​ការពារ​បរិស្ថាន រួម​ទាំង​ជនជាតិ​ដើម​ភាគតិច​កួយ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ព្រៃ​ឈើ​នៅ​ភូមិ​អន្លង់ក្រមួន និង​ព្រៃ​សហគមន៍​កាល​ពី​ថ្ងៃ​ទី​៦ និង​ទី​៧ កញ្ញា។

អភិបាល​រង​ស្រុក​ថាឡាបរិវ៉ាត់ ដែល​ចុះ​ស៊ើប​អង្កេត​ករណី​នេះ គឺ​លោក អ៊ុក ចាន់ថន មាន​ប្រសាសន៍​ថា គោល​បំណង​នៃ​ការ​ស្រាវជ្រាវ​នេះ ផ្ដោត​សំខាន់​ស៊ើប​អង្កេត​សំណុំ​រឿង​របស់​សហគមន៍​ដែល​ចោទ​ប្រកាន់​ឈ្មោះ មាស សាន និង​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​បាន​កាប់​រាន​ហ៊ុមព័ទ្ធ​ដី​សហគមន៍​មក​ធ្វើ​ជា​កម្មសិទ្ធិ​បុគ្គល។ លោក​ថា ក្រុម​ការងារ​ស្រុក​បាន​ចុះ​ពិនិត្យ​ទីតាំង​នោះ គឺ​មិន​ឋិត​ក្នុង​ដី​បរិវេណ​ដី​ព្រៃ​សហគមន៍​នោះ​ទេ។ តែ​យ៉ាង​ណា លោក​ថា​បុរស​ដែល​សហគមន៍​ប្ដឹង​នោះ បាន​អះអាង​ថា​នឹង​ប្រគល់​ដី​ទាំងនោះ​ជូន​រដ្ឋ​វិញ។ លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​បញ្ឈប់​ការ​កាប់​រាន​ដី​បន្ត​ទៀត និង​ចូលរួម​តាមដាន​ការ​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ក្នុង​ការ​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ៖ «ការ​កាប់​ព្រៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ទោះ​បី​ក្នុង​ភូមិសាស្ត្រ​សហគមន៍​ក៏ដោយ ទោះ​បី​ក្រៅ​ក៏ដោយ យើង​ជា​ប្រជាពលរដ្ឋ យើង​ត្រូវ​ការពារ​ព្រៃ​ឈើ​ទាំងអស់​គ្នា បើ​សិន​ណា​ដី​នេះ​មាន​ប្លង់​កម្មសិទ្ធិ​របស់​គាត់ សិទ្ធិ​គាត់​ត្រូវ​តែ​សម្អាត​ដី​ហ្នឹង​ហើយ»

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ លោក ថាន់ វ៉ន់ ទទូច​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​នេះ​ផ្អែក​តាម​ច្បាប់​ជា​មូលដ្ឋាន និង​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ការ​កាប់​រាន​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ និង​ដី​ព្រៃ​សហគមន៍​អស់​រាប់​ពាន់​ហិកតារ ដ្បិត​បច្ចុប្បន្ន​ចលនា​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​តំបន់​នោះ​នៅ​តែ​បន្ត​កើត​មាន។ លោក​មាន​សង្ឃឹម​តិច​ណាស់​ថា អាជ្ញាធរ​រដ្ឋាភិបាល និង​តុលាការ​ស៊ើប​អង្កេត​ដោយ​ត្រឹមត្រូវ​ដើម្បី​ចាប់​ជន​ល្មើស និង​អ្នក​ពាក់ព័ន្ធ​កាប់​រាន​ដី​ព្រៃ​ខុស​ច្បាប់​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ លោក​ស្តី​បន្ទោស​អាជ្ញាធរ​មូលដ្ឋាន​ថា កាល​ពី​ឆ្នាំ​២០១៣ មិន​អើពើ​ជួយ​ជ្រោមជ្រែង​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ​ស្រប​ច្បាប់​នោះ​ទេ បណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ​សម្រុក​កាប់​រាន​យក​ដី​តាម​អំពើ​ចិត្ត។ លោក ថាន់ វ៉ន់ ចង់​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​កំពូល​ថ្នាក់​ជាតិ​ចុះ​ដោះស្រាយ​ករណី​នេះ​ដោយ​តម្លាភាព និង​ត្រឹមត្រូវ ខណៈ​វិធានការ​ដោះស្រាយ​របស់​អាជ្ញាធរ​មូលដ្ឋាន​ហាក់​មិន​គ្រប់​ជ្រុងជ្រោយ៖ «មូលហេតុ​ទៅ​អស់ ខ្ញុំ​ចុះ​ល្បាត​ទៅ​ឃើញ​កាប់​ព្រៃ ដល់​ឃើញ​កាប់ ឲ្យ​អាជ្ញាធរ​ភូមិ​ដោះស្រាយ ដល់​ពេល​ហ្នឹង​អាជ្ញាធរ​ភូមិ និង​ឃុំ​ដោះស្រាយ ក៏​គាត់​មិន​ប្រាប់​ខ្ញុំ មិន​ដោះស្រាយ​ក៏​មិន​ប្រាប់​ខ្ញុំ។ ដល់​ពេល​គាត់​ប្រាប់ គាត់​ប្រាប់​ពី​រឿង​ថា សហគមន៍​រាជ​រដ្ឋាភិបាល​អត់​មាន​គាំទ្រ​ទេ។ ឥឡូវ​សុំ​រំលាយ។ ដល់​ចឹង​អស់​ខ្ញុំ​លង់​បាត់ លង់​នឹង​ត្រា​របស់​គាត់»

លោក ថាន់ វ៉ន់ បារម្ភ​ថា ការ​ជួយ​ជ្រោមជ្រែង​បង្កើត​ព្រៃ​សហគមន៍​ការពារ​ព្រៃ​ឈើ​របស់​អាជ្ញាធរ​មាន​លក្ខណៈ​ស្មុគស្មាញ និង​ប្រើ​រយៈពេល​យូរ បណ្ដាល​ឲ្យ​ជន​ល្មើស​ឆ្លៀត​ឱកាស​កាប់​ទន្ទ្រាន​កាន់​តែ​ធំ​ឡើង។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ពន្លឿន​ការ​ផ្តល់​សិទ្ធិ​សហគមន៍​ការពារ​ព្រៃ​ឈើ​ដោយ​ស្រប​ច្បាប់ ដើម្បី​សង្គ្រោះ​ព្រៃ​ឈើ​ដែល​នៅ​សេសសល់​ចុង​ក្រោយ។ លោក​កត់​សម្គាល់​ថា ចលនា​កាប់​រាន​ដី​ព្រៃ​សហគមន៍​ដោយ​ឈ្មួញ ពលរដ្ឋ​ចំណូល​ថ្មី និង​ពលរដ្ឋ​មូលដ្ឋាន​ជា​រូបមន្ត​ស្បែក​ខ្លា​អស់​ជាង​ពាក់​កណ្ដាល ហើយ​ក្រុម​ឈ្មួញ​បាន​សង់​ខ្ទម​ជាង ៥០ នៅ​តំបន់​នោះ និង​មាន​ដំណាំ​ដំឡូងមី និង​ស្វាយចន្ទី ជាដើម៖ «កន្លែង​ព្រៃ​សហគមន៍​ខ្ញុំ​ឆ្ងល់​ណាស់! សហគមន៍​គឺ​ការពារ​ជាតិ ហើយ​យើង​ធ្វើ គឺ​ធ្វើ​ទៅ​តាម​សម្ដេច។ មូលហេតុ​អី​បាន​តឹងតែង​ខ្លាំង​ពេក​ច្បាប់​ទម្លាប់​នេះ។ ដល់​ពេល​ធ្វើ​ទៅ​ខុស ចេះ​ចុះ ដល់​ពេល​កាប់​ឈើ​លក់​មិន​ឮ​ថា​ខុស​សោះ»

តំណាង​យុវជន​ការពារ​សង្គម និង​បរិស្ថាន​ដែល​ចុះ​អង្កេត​ករណី​នេះ លោក ជុំ ហួត រក​ឃើញ​ថា ពលរដ្ឋ​ចំណាក​ស្រុក​ផ្ដើម​រស់នៅ​តំបន់​នោះ​ជា​បន្តបន្ទាប់​តាំង​ពី​ឆ្នាំ​២០០៨ និង​បាន​សម្រុក​ដណ្ដើម​ដី​គ្នា​កាប់​រាន​តាម​អំពើ​ចិត្ត បណ្ដាល​ឲ្យ​ប៉ះពាល់​ចំណូល​សេដ្ឋកិច្ច​ជនជាតិ​ដើម​ភាគតិច​ដែល​បាន​មក​ពី​ព្រៃ​ឈើ ដូចជា​ដង​ជ័រ​ទឹក រក​ឃ្មុំ និង​បោច​វល្លិ ជាដើម។ លោក​កត់​សម្គាល់​ថា ពលរដ្ឋ​មូលដ្ឋាន​ច្រើន​តែ​លក់​ដី​ព្រៃ​ដែល​បាន​មក​ពី​ការ​កាប់​រាន​នោះ​ទំហំ ១​ហិកតារ​ដល់ ២​ហិកតារ លក់​ឲ្យ​ពលរដ្ឋ​ចំណូល​ថ្មី ហើយ​ពលរដ្ឋ​ចំណូល​ថ្មី​ក៏​សម្រុក​កាប់​ពង្រីក​ផ្ទៃដី​ជា​បន្តបន្ទាប់។ លើស​ពី​នេះ ពលរដ្ឋ​ចំណូល​ថ្មី​ភាគច្រើន​ជា​ជនជាតិ​ចាម និង​ឈ្មួញ​មាន​ឥទ្ធិពល​បាន​សម្រុក​កាប់​ទន្ទ្រាន​ដី​ព្រៃ​អស់​រាប់​រយ​ហិកតារ៖ «ចំពោះ​យោបល់​ខ្ញុំ ខ្ញុំ​ចង់​ឲ្យ​គាត់​បង្កើត​សហគមន៍​រួម ដើម្បី​ងាយ​ស្រួល​ការពារ​ព្រៃ​ឈើ ហើយ​ក៏​ដូចជា​រក​អនុផល​ព្រៃ​ឈើ​ផង​ដែរ»

កាល​ពី​ចុង​ឆ្នាំ​២០១៣ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ភូមិ​អន្លង់ក្រមួន បាន​ប្ដឹង​អាជ្ញាធរ​ភូមិ-ឃុំ និង​ឈ្មួញ​ពី​បទ​រួម​គំនិត​ផ្តល់​អាទិភាព​ឲ្យ​ជន​ល្មើស​កាប់​បំផ្លាញ​ព្រៃ​សហគមន៍។ សំណុំ​រឿង​នេះ សហគមន៍​ចោទ​ប្រកាន់​ថា មេ​ភូមិ និង​មេ​ឃុំ​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​យ៉ាង​អនាធិបតេយ្យ​កាល​ពី​ឆ្នាំ​២០១២។ មក​ទល់​ពេល​នេះ សំណុំ​រឿង​នេះ តុលាការ​កំពុង​ស៊ើប​អង្កេត​នៅ​ឡើយ។

នាយ​រង​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​ថាឡាបរិវ៉ាត់ លោក វ៉ា សុខា លើក​ឡើង​ថា សហគមន៍​ការពារ​ព្រៃ​ឈើ​មិន​មែន​ជា​ក្រុម​ការងារ​ឯករាជ្យ​នោះ​ទេ គឺ​មាន​អាជ្ញាធរ​ភូមិ-ឃុំ និង​អភិបាល​ស្រុក​សម្របសម្រួល​ជាមួយ​រដ្ឋបាល​ព្រៃ​ឈើ។ ដូច្នេះ​ករណី​ចុះ​ល្បាត​ព្រៃ សហគមន៍​ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន ចៀសវាង​បាតុភាព​កើត​ឡើង។ លោក​ប្ដេជ្ញា​ថា នឹង​បន្ត​ចូលរួម​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ​ឲ្យ​បាន​ជោគជ័យ តែ​លោក​ជំរុញ​ឲ្យ​ពលរដ្ឋ និង​សហគមន៍​ដើរ​លើ​ផ្លូវ​តែ​មួយ ឬ​ចូលរួម​សហការ​គ្នា៖ «យើង​មិន​មែន​បោះបង់​ចោល​ទេ​សហគមន៍​ព្រៃ​ឈើ តែ​គ្រាន់​តែ​ថា​សុំ​ឲ្យ​ដើរ​មក​ច្រក​ផ្លូវ​តែ​មួយ​ជាមួយ​នឹង​ក្រុម​ការងារ​អាជ្ញាធរ​ជាមួយ​ជំនាញ»

ព្រៃ​សហគមន៍​ភូមិ​អន្លង់ក្រមួន មាន​ផ្ទៃដី​ចំនួន ៨១០​ហិកតារ ឋិត​នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង បង្កើត​ឡើង​នៅ​ឆ្នាំ​២០០២ ដោយ​ពុំ​ទាន់​ចុះ​បញ្ជី​ជា​ដី​សមូហភាព​សហគមន៍​ស្រប​ច្បាប់​ឡើយ ក៏ប៉ុន្តែ​មាន​តែ​ផែនទី​កំណត់​ទំហំ​ផ្ទៃដី​គ្រប់គ្រង​ដែល​រៀបចំ​ឡើង​ដោយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​មាន​ការ​ជួយ​ជ្រោមជ្រែង​ដោយ​អង្គការ​មិន​មែន​រដ្ឋាភិបាល។ សហគមន៍​អះអាង​ថា អាជ្ញាធរ​ឃុំ​ធ្លាប់​ទទួល​ស្គាល់​ដី​ព្រៃ​សហគមន៍​នេះ និង​ធ្លាប់​ធ្វើ​លិខិត​ស្នើសុំ​ទៅ​អាជ្ញាធរ​ស្រុក ក៏ប៉ុន្តែ​ត្រូវ​បាន​អាក់ខាន ដោយ​លោក​អតីត​អភិបាល​ស្រុក​បដិសេធ។ លើស​ពី​នេះ កាល​ពី​ឆ្នាំ​២០១៣ អាជ្ញាធរ​ឃុំ​ចង់​រំលាយ​សហគមន៍​នោះ។

មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ជម្លោះ​នេះ​គឺ​ជា​ជម្លោះ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ចំណូល​ថ្មី ដែល​ប៉ះពាល់​ទំនៀមទម្លាប់ និង​ជីវភាព​រស់នៅ​ជនជាតិ​ដើម​ភាគតិច​កួយ ធ្ងន់ធ្ងរ ហើយ​អាជ្ញាធរ​លំបាក​នឹង​ស្វែងរក​ដំណោះស្រាយ ប្រសិន​បើ​វិធានការ​ដោះស្រាយ​មិន​ឯករាជ្យ និង​ពុំ​មាន​ការ​ចូលរួម​ពី​ថ្នាក់​ជាតិ។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ពុំ​មាន​ជំនឿ​សោះ​ឡើយ​ចំពោះ​ដំណោះស្រាយ​បញ្ហា​នេះ​របស់​អាជ្ញាធរ​មូលដ្ឋាន ប្រសិន​បើ​ពុំ​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​ថ្នាក់​ជាតិ​នោះ​ទេ។ លោក​មើល​ឃើញ​ថា បើ​បណ្តោយ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ អាច​នឹង​បរាជ័យ​ដោយសារ​ជនជាតិ​ដើម​ភាគតិច​បាត់បង់​ជំនឿ​លើ​អាជ្ញាធរ​រួច​ទៅ​ហើយ។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​យក​ចំណុច​រួម​មួយ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ផ្សះផ្សា​ផ្លូវ​ចិត្ត​ផង និង​ការពារ​ផល​ប្រយោជន៍​ធនធាន​ធម្មជាតិ​ផង៖ «រដ្ឋ​មាន​តួនាទី​ធ្វើ​ម៉េច​ឈាន​រក​ដំណោះស្រាយ​មួយ ជាពិសេស​អ្នក​មក​ពី​ស្ថាប័ន​រដ្ឋ​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សន្តិភាព​នៅ​សហគមន៍ និង​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ និង​ការ​កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ»

ប្រពៃណី​ចិញ្ចឹម​ជីវិត​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ដូចជា​បោច​វល្លិ រក​ឃ្មុំ បរបាញ់​សត្វ បេះ​បន្លែ​ផ្លែ​ឈើ និង​ដង​ជ័រ​ទឹក ជាដើម ប្រពៃណី​នេះ​គឺ​ជា​ដង្ហើម​នៃ​របរ​ចិញ្ចឹម​ជីវិត​របស់​ជនជាតិ​ដើម​ភាគតិច​កួយ តាំង​ពី​ដើម​មក។ ការ​ថែ​រក្សា​ព្រៃ​ឈើ​ឲ្យ​គង់វង្ស គឺ​ជា​បំណង​ប្រាថ្នា​របស់​ជនជាតិ​ដើម​ភាគតិច និង​ជា​ផ្នែក​មួយ​ជួយ​អភិរក្ស​បរិស្ថាន​ធម្មជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។