លោក ប្រា​យុទ្ធ ប្រើពេល​២០​ឆ្នាំ​បោសសម្អាត​អំពើពុករលួយ​ឲ្យ​អស់ពី​ថៃ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-12-2016, 5:55 pm         689

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ប្រា​យុទ្ធ ប្រើពេល​២០​ឆ្នាំ​បោសសម្អាត​អំពើពុករលួយ​ឲ្យ​អស់ពី​ថៃ​​នៅ​ឆ្នាំ​២០៣៦ ប្រទេស​ថៃ នឹង​លែងមាន​អំពើពុករលួយ​ទៀតហើយ​។ នេះ​គឺជា​គោលដៅ​របស់​នាយករដ្ឋមន្ត្រី​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា ក្នុងការ​បោសសម្អាត​អំពើពុករលួយ​ឲ្យ​អស់ពី​សង្គម​ថៃ ខណៈដែល​កម្រិត​អំពើពុករលួយ​នៅ​ប្រទេស​នេះ ហាក់​មាន​កម្រិត​ខ្ពស់​នៅឡើយ បើ​ប្រៀបធៀប​នឹង​ប្រទេស​ដទៃទៀត​។​

​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​១១ ខែកញ្ញា និយាយថា ប្រទេស​ថៃ នឹង​អស់​អំពើពុករលួយ​នៅ​រយៈពេល​២០​ឆ្នាំ​ខាងមុខ​។ ជាមួយនឹង​ការដាក់​គោលដៅ​នេះ រដ្ឋាភិបាល​ថៃ ក៏​ចេញ​ជា​គោលនយោបាយ​ជាច្រើន ដើម្បី​លុបបំបាត់​អំពើពុករលួយ ដោយ​រួមទាំង​ការ​បោសសម្អាត និង​ការអប់រំ​ប្រជាជន​ពី​ផលវិបាក​នៃ​អំពើពុករលួយ​ផងដែរ​។​

​ថ្លែង​ទៅកាន់​អ្នកចូលរួម​ក្នង​ថ្ងៃ​ប្រឆាំង​អំពើពុករលួយ នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​បញ្ជាក់ថា រដ្ឋាភិបាល​របស់លោក នឹង​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង ដើម្បី​បំបាត់​ឬ​សគល់​របស់​អំពើពុករលួយ​។ ផែនការ​ទាំងនោះ​នឹង​ផ្ដោតលើ​ទិសដៅ​ជាច្រើន រាប់ទាំង​ការបង្កើន​ការយល់ដឹង​ក្នុងចំណោម​សិស្ស​និស្សិត ក៏ដូចជា​ការបង្កើន​វិធីសាស្ត្រ​ក្នុងការ​បំបាត់ និង​ការដាក់ពិន័យ​អ្នកប្រព្រឹត្ត​ផងដែរ​។​

«​ជន​ពុករលួយ ត្រូវតែ​កម្ចាត់​ចេញ​ឲ្យ​អស់ពី​ថៃ​។ ហើយ​យើង​មិនត្រូវ ធ្វើខ្លួន​ជា​ជនរងគ្រោះ​នៅ​ថ្ងៃ​អនាគត​ទៀតឡើយ​។​» នេះ​ជាការ​លើកឡើង​របស់​មេ​ដឹកនាំ​យោធា​ថៃ ទៅកាន់​ពិធី​ជួបជុំ​នៅឯ Sanam Luang ដែល​ផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍​។​

​ចំណែក​អង្គការ​ប្រឆាំង​អំពើពុករលួយ​ថៃ (ACT) ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ថៃ ចូលរួម​ឲ្យ​សកម្ម​ក្នុងការ​បោសសម្អាត​អំពើពុករលួយ​ឲ្យ​អស់ពី​ថៃ​។ ប្រធាន​អង្គការ​នេះ លោក Pramon Suthiwong និយាយថា ប្រជាជន​ទាំងអស់ ត្រូវតែ​ចូល​ដៃ​គ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដែល​ស៊ី​រូង​សង្គម​ថៃ​។

​លោក Pramon បន្តថា យើង​កំពុង​ធ្វើ​យុទ្ធនាការ​ដើម្បី​បង្កើន​ការយល់ដឹង​។ យើង​ត្រូវតែ​រក្សា​កិត្តិយស និង​កា​ត្វ​កិច្ច​របស់​យើង និង​មិនត្រូវ​ឱនក្បាល​ដាក់​ទឹកប្រាក់ ដែល​ទិញ​សេចក្ដីថ្លៃថ្នូរ​របស់​យើង​ឡើយ​។​

​បើតាម​ស​ន្ទ​ស្សន៍​អំពើពុករលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​សម្រាប់​ឆ្នាំ​២០១៥ ប្រទេស​ថៃ​មាន​ចំណាត់​ទី​៧៦ ក្នុងចំណោម​ប្រទេស​ទាំងអស់​១៦៨​។ និយាយ​ពី​តំបន់​អាស៊ាន ប្រទេស​ថៃ មាន​ចំណាត់​នៅក្រោម​ប្រទេស​ពីរ គឺ​សិង្ហ​បុរី និង​ម៉ាឡេស៊ី តែមាន​ចំណាត់​ថ្នាក់លើ​ប្រទេស​សមាជិក​ដទៃទៀត ខណៈដែល​ព្រុយ​ណេ មិនមាន​ទិន្នន័យ​ពាក់ព័ន្ធ​អំពើពុករលួយ​ឡើយ​៕