ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត​ទាមទារ​ដំណោះស្រាយ

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ប្រមាណ ៦០​នាក់​តំណាង​ឲ្យ ១៩៥​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ក្រុង ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ជម្លោះ​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស។

ក្រុម​អ្នក​តវ៉ា​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ក្រុង​ប៉ោយប៉ែត លើក​ឡើង​ថា អាជ្ញាធរ​ក្រុង​ហាក់​គ្មាន​ចេតនា​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ពួក​គាត់​នោះ​ឡើយ។

តំណាង​អ្នក​តវ៉ា​ម្នាក់​រស់នៅ​សង្កាត់​ប៉ោយប៉ែត លោក ជា សុត្ថា ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១២ កញ្ញា ថា ពួក​គាត់​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ក្រុង​ប៉ោយប៉ែត ដើម្បី​តាមដាន​នូវ​លទ្ធផល​នៃ​ការ​ដោះស្រាយ​ពី​សំណាក់​អាជ្ញាធរ​ក្រុង។ លោក​អះអាង​ថា កាល​ពី​ថ្ងៃ​ទី​១០ កញ្ញា កន្លង​ទៅ អាជ្ញាធរ​ក្រុង និង​មន្ត្រី​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​ដល់​ទីតាំង​ដី​ទំនាស់​នៅ​ភូមិ​ទួលប្រាសាទ សង្កាត់​ប៉ោយប៉ែត ហើយ​បាន​សន្យា​ជាមួយ​ពួក​គាត់​ថា នឹង​ដោះស្រាយ​ជូន​ពួក​គាត់​នៅ​សាលា​ក្រុង​នៅ​ថ្ងៃ​ទី​១២ កញ្ញា។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ក្រុង​ពុំ​បាន​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​ឡើយ៖ «ពួក​ខ្ញុំ​ខឹង​នឹង​អភិបាល​ក្រុង​ប៉ោយប៉ែត ណាស់ ពីព្រោះ​បើ​សិន​ជា​មិន​ដោះស្រាយ ហេតុ​អី​បាន​ជា​អាជ្ញាធរ​ណាត់​ពួក​ខ្ញុំ​ឲ្យ​មក​និយាយ​គ្នា ដើម្បី​ដោះស្រាយ​លុប​ចោល​ការ​ធ្វើ​កសិកម្ម​របស់​ភាគី​ទំនាស់​នោះ ឲ្យ​ឈប់​មក​រំលោភ​លើ​ដី​ប្រជាពលរដ្ឋ​ទៀត​ធ្វើ​អី»

ឆ្លើយ​តប​នឹង​ការ​តវ៉ា​នេះ អភិបាល​រង​ក្រុង​ប៉ោយប៉ែត លោក នង ធឿន មាន​ប្រសាសន៍​យ៉ាង​ខ្លី ដោយ​លោក​ជំរុញ​ឲ្យ​ទៅ​សួរ​លោក​អភិបាល​ក្រុង​ប៉ោយប៉ែត ដែល​លោក​ថា​ជ្រាប​ច្បាស់​លើ​ការងារ​នេះ៖ «បាទ! ខ្ញុំ​បេសកកម្ម​ទៅ​ប្រជុំ​នៅ​ភ្នំពេញ ដល់​អ៊ីចឹង​ខ្ញុំ​អត់​ដឹង​ទេ។ សូម​បង​ព្យាយាម​ទាក់ទង​ទៅ​លោក​អភិបាល​ក្រុង​ទៅ»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១២ កញ្ញា។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់​សម្គាល់​ថា ករណី​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ១៩៥​គ្រួសារ​ជាមួយ​សមាគម​អភិវឌ្ឍន៍​កសិកម្ម​ជាតិ បាន​អូស​បន្លាយ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ចុះ​ដោះស្រាយ​ជូន​ពួក​គាត់​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​ដោះស្រាយ​កន្លង​មក អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ច្រើន​ឆ្លើយ​តប​ជាមួយ​ពលរដ្ឋ​ថា​នឹង​ដោះស្រាយ ដើម្បី​ជា​លេស​យក​រួច​ខ្លួន​ជា​ប្រចាំ៖ «យើង​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​ទៅ​លើ​អភិបាល​ក្រុង​ប៉ោយប៉ែត ដែល​ទុក​ទំនាស់​ចោល​ជាច្រើន ដែល​ពលរដ្ឋ​តែង​ធ្វើ​ការ​តវ៉ា​គ្រប់​រូបភាព ដើម្បី​ឲ្យ​អាជ្ញាធរ​ដោះស្រាយ ប៉ុន្តែ​អភិបាល​ក្រុង​ហាក់​គ្មាន​ឈឺ​ឆ្អាល​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឡើយ»

អ្នក​ភូមិ​អះអាង​ថា ផ្ទៃដី​ទំហំ​ជាង ៣៤​ហិកតារ​នៅ​ភូមិ​ចាន់គិរី និង​ភូមិ​ទួលប្រាសាទ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ អ្នក​ភូមិ​ចាប់​ផ្ដើម​មាន​ទំនាស់​ជាមួយ​សមាគម​អភិវឌ្ឍន៍​កសិកម្ម​ជាតិ​តាំង​ពី​ឆ្នាំ​២០០២ មិន​ទាន់​ដោះស្រាយ​បាន​នៅ​ឡើយ។ ពលរដ្ឋ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦ ពួក​គាត់​បាន​ទៅ​ទប់ស្កាត់​គ្រឿងចក្រ​ដែល​បាន​ឈូស​ឆាយ​នៅ​តំបន់​ដី​ជម្លោះ​នោះ ហើយ​អាជ្ញាធរ​ក្រុង​បាន​ចុះ​ទៅ​សម្រួល​ដល់​ទីកន្លែង ដោយ​ប្រាប់​ពួក​គាត់​ឲ្យ​មក​ដោះស្រាយ​នៅ​សាលា​ក្រុង​វិញ។

បន្ទាប់​ពី​ការ​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា អាជ្ញាធរ​ក្រុង​បាន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​តវ៉ា​ចូល​ជួប​ពិភាក្សា​នៅ​សាល​ប្រជុំ​សាលា​ក្រុង ប៉ុន្តែ​ពុំ​បាន​ដោះស្រាយ​អ្វី​ជូន​ពួក​គាត់​នោះ​ទេ។ ក្រុម​អ្នក​តវ៉ា​បញ្ជាក់​ថា ពួក​គាត់​នឹង​តវ៉ា​ជា​ថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។