ព្រៃ​លិច​ទឹករាប់​សិប​ហិ​កតា រង​ការ​កាប់​បំផ្លាញ​ពី​ជនខិលខូច

ខេត្តកំពង់ឆ្នាំង ៖ មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ មក​ថា មានការ​កាប់ និង​ដុត​បំផ្លាញ​ព្រៃ​លិច​ទឹក នៅ​ជិត​ផ្លូវ​ធ្វើ​ថ្មី ដែល​ត​ភ្ជាប់​ពី ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ទៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បណ្តាល​ឲ្យ ព្រៃ​លិច​ទឹក ជា​ជម្រក​ត្រី​ពង​កូន​រាប់​សិប​ហិ​កតា ត្រូវ​បាន​បំផ្លាញ​ខ្ទេច ពី​ជនខិលខូច​ដែល​ឆ្លៀតឱកាស ទន្ទ្រាន យក​ធ្វើ​កម្មសិទ្ធិ​។

ប្រភព​ពី​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹង​ថា ព្រៃ​លិច​ទឹក​ទាំងនោះ​ស្ថិត​ក្នុង ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ត្រូវ​បាន​ក្រុម​ជនខិលខូច និង​ឈ្មួញ​ទិញ​ដី​ផង បាន​ឃុបឃិត​គ្នា កាប់ និង​ដុត​ព្រៃ​ទាំងនោះ បន្ទាប់​មក គេ​ប្រើ​ត្រាក់ទ័រ​ឈូស​ពង្រាបដី​ទាំងនោះ​យក​ធ្វើ​ជា​កម្មសិទ្ធិ ដោយ​ពុំ​មាន​មន្ត្រី​ជំនាញ​ណា ចុះ​ធ្វើ​អន្តរាគមន៍​ឡើយ ដែល​កត្តា​ទាំងនេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ សង្ស័យ​លើ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ថា បាន​ចូល​ដៃ​ចូល​ជើង បើក​ឲ្យ​ក្រុម​ឈ្មួញ និង​ជនខិលខូច​ទាំងនោះ​ធ្វើ​ស្រេច​តែ​នឹង​ចិត្ត​។

ជុំវិញ​បញ្ហា​នេះ លោក សោម ភិ​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល បាន​បដិសេធ​ថា លោក​មិន​បានដឹង​រឿង​នេះ​ទេ តែ​រឿង​នេះ មាន​២​បញ្ហា ទី​១-​បើសិន​ដី​នោះ​ជា​ដី​ព្រៃ​លិច​ទឹកតែ​ម្តង គាត់​មិន​អាច​ធ្វើ​បែប​នេះ​បាន​ទេ​គាត់​ខុស​ហើយ តែបើ​ដី​នោះ​ជា​ដី​ដែល​គាត់​ធ្លាប់​បង្កបង្កើន​ផល​ពី​មុន​មក គឺ​គាត់​អាច​ធ្វើ​បាន តែ​ហាម​កាប់​ព្រៃ​លិច​ទឹកបាន​ទេ តែបើ​មាន​មែន​គួរតែ​អាជ្ញាធរ​ទៅ​ទប់ស្កាត់ ហើយ​រឿង​នេះ គាត់​នឹង​ប្រាប់​សង្កាត់​រដ្ឋបាល​ជលផល ទៅ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ទៅ​ទប់ស្កាត់​។

លោក​ក៏​បាន​លើក​ឡើង​ថា បញ្ហា​នេះ​អាជ្ញាធរ​ភូមិ ឃុំ​គួរតែ​ជួយ​មើល​មិន​ត្រូវ​បណ្តែតបណ្តោយ​បែប​នេះ​ទេ ពឹង​លើ​មន្ត្រី​លោក​ឈរជើង​នៅ​ឯ​ប្រឡាយ​មាស​ឯណោះ​គឺ​អត់​ជួយ​មើល​គ្នា​សោះ ហើយ​តាម​ការ​ណែនាំ​របស់​លោក​អភិបាលខេត្ត ត្រូវ​នាំ​គ្នា​ជួយ​មើល​។ ទោះ​យ៉ាងណា​លោក​ថា មិន​អី​ទេ​ចាំ​លោក​ឲ្យ​មន្ត្រី​លោក​ទៅ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ស្រុក​ដាក់​កម្លាំង​ចុះ​មើល​។

  សូម​រំ​ឮ​កថា ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ក្នុង​ពិធី​ប្រកាស​តែងតាំង អភិបាលស្រុក​កំពង់លែង​ថ្មី កាលពី​ពេល​កន្លង​ទៅ​នេះ បាន​ប្រកាស​ថា ហាម​ដាច់ខាត​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក ព្រោះ​កន្លង​មក ធ្លាប់​មាន​ត្រាក់ទ័រ បាន​មក​ឈូស​ឆាយដី​នោះ អស់​ខ្លះទៅ​ហើយ និង​បាន​ប្រកាស​ថា បើ​អ្នក​ណា​ហ៊ាន​ប៉ះពាល់ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

ចំណែក​ឯកឧត្តម អេ​ង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក ប្រធាន​រដ្ឋបាល​ជលផល​វិញ កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៦ ក្នុង​ឱកាស​លែង​កូន​ត្រី និង​មេ​ពូជ​ត្រី ជាង​៣​ម៉ឺន​កូន​បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍ សូម​រួម​គ្នា​ថែរក្សា​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​យ៉ាង​សំខាន់​សម្រាប់​ត្រី​ពង​កូន ៕