​ប្រកាស​សាលដីកា​ស្ថាពរ​លើ​បណ្តឹងសាទុក្ខ​ក្នុង​សំណុំរឿង ០០២/០១ ​ ​ ​ ប្រឆាំងនឹង នួន ជា និង​ខៀវ សំផន នៅ​ថ្ងៃ​ពុធ​ទី​២៣ ខែវិច្ឆិកា

ភ្នំពេញ​:
អង្គជំនុំជម្រះ​តុលាការ​កំពូល​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) បាន​ជូនដំណឹង​ថា ខ្លួន​នឹង ប្រកាស​សាលដីកា​ស្ថាពរ​លើ​បណ្តឹងសាទុក្ខ​ក្នុង​សំណុំរឿង ០០២/០១ ប្រឆាំងនឹង នួន ជា និង​ខៀវ សំផន នៅ​ថ្ងៃ​ពុធ​​ទី​២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលា​ម៉ោង ៩ ព្រឹក​នៅក្នុង​សាល​សវនាការ​របស់ អ​.​វ​.​ត​.​ក​។

​សំណុំរឿង ០០២/០១ គឺជា​ការជំនុំជម្រះ​លើកទីមួយ​នៃ​ការជំនុំជម្រះ​យ៉ាងតិច​ពីរ ប្រឆាំងនឹង នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនីស្ត​កម្ពុជា ​និង​ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។

បទ​ចោទ​នៅក្នុង​សំណុំរឿង ០០២/០១ នេះ​គឺ​ផ្តោតលើ​បទឧក្រិដ្ឋ​កម្ម​ប្រឆាំងនឹង​មនុស្សជាតិ ដែល​រង​ការចោទប្រកាន់​ក្នុងអំឡុងពេល​ជម្លៀស​ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ ក្នុង​ខែមេសា ឆ្នាំ ១៩៧៥ និង​ការផ្លាស់​ទី​ដោយ​បង្ខំ​បន្ត​បន្ទាប់ពី​តំបន់​ដទៃទៀត រួមទាំង​ការកាប់សម្លាប់​ដែល​រង​ការចោទប្រកាន់​នៅ​ទួល​ពោធិ៍​ជ្រៃ ក្នុង​ខេត្តពោធិ៍សាត់​។

​នៅ​ថ្ងៃទី ៧ ខែ សីហា ២០១៤ អង្គជំនុំជម្រះ​សាលាដំបូង រកឃើញថា ជនជាប់ចោទ​មាន​ពិរុទ្ធភាព​ពីបទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ និង​បានសម្រេច​ប្រកាស​ទោស​ដាក់ពន្ធនាគារ​ជនជាប់ចោទ​ទាំងពីរ​អស់​មួយជីវិត​។ នួន ជា និង ខៀវ សំផន បានធ្វើ​បណ្តឹងសាទុក្ខ​ប្រឆាំងនឹង​សាលក្រម​របស់​អង្គជំនុំជម្រះ​សាលាដំបូង ដោយ​ម្នាក់ៗ​បាន​លើក​ទឡ្ហីករណ៍​បណ្តឹងសាទុក្ខ​រៀងៗ​ខ្លួន​ចំនួន ២២៣ និង ១៤៨​។

បន្ថែម​លើ​នេះ សហ​ព្រះរាជអាជ្ញា បានដាក់​បណ្តឹងសាទុក្ខ ដោយ​កម្រិត​ត្រឹមតែ​ស្វែង រក​ដំណោះស្រាយ​ដែល​ប្រកាស​​ដោយ​អង្គជំនុំជម្រះ​តុលាការ​កំពូល ទាក់ទង​នឹង​ភាព​អាច​អនុវត្តបាន​នូវ​ទម្រង់​ពង្រីក​បន្ថែម​នៃ​សហ​ឧក្រិដ្ឋកម្ម​រួម ដែល​​ហៅថា “​សហ​ឧក្រិដ្ឋកម្ម​រួម​ទម្រង់​ទី III” (JCE III) នៅ​ចំពោះមុខ អ​.​វ​.​ត​.​ក​៕s​/m