ក្រសួង នឹង​ពិនិត្យ​ទាំង​សេណា​រី​យ៉ូ និង​អ្នកដឹកនាំ​រឿង មុន​ឲ្យ​ផលិត​កុន​ខ្នាត​វែង និពន្ធដោយ : ខន ចំប៉ា       September-12-2016, 9:19 pm         69

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួង នឹង​ពិនិត្យ​ទាំង​សេណា​រី​យ៉ូ និង​អ្នកដឹកនាំ​រឿង មុន​ឲ្យ​ផលិត​កុន​ខ្នាត​វែង​នាយកដ្ឋាន​សិល្បៈ​ភាព និង​ទស្សនីយភាព​វប្បធម៌ នឹង​ចាប់ផ្តើម​អនុវត្តន៍​វិធានការ​មួយចំនួន មុននឹង​អនុញ្ញាត​ឲ្យ​ផលិត​ភាពយន្ត​ខ្នាត​វែង ចាប់ពី​ដើមខែ​ធ្នូ ឆ្នាំ​២០១៦​នេះ​តទៅ​។ ការអនុវត្ត​វិធានការ​នេះ គឺ​ក្នុង​គោលដៅ​លើកកម្ពស់​សមត្ថភាព​ផលិត​ស្នាដៃ​ភាពយន្ត​ថ្មី ប្រកបដោយ​គុណភាព មាន​ភាព​ទាក់ទាញ និង​អាច​ប្រកួត​នៅលើ​ទីផ្សារ​ក្នុងស្រុក​បាន​។ បើតាម​សេចក្តីជូនដំណឹង​របស់​នាយកដ្ឋាន​សិល្បៈ​ភាព និង​ទស្សនីយភាព​វប្បធម៌ ចេញផ្សាយ​នៅ​ថ្ងៃទី​១២ ខែកញ្ញា​នេះ វិធានការ​ទាំងនោះ​រួមមាន​ការពិនិត្យ​លើ​ការ​តែង​និពន្ធ​អត្ថបទ​និពន្ធ​រឿង​(Script) និង​អ្នកដឹកនាំ​រឿង​។

​ការ​តែង​និពន្ធ​អត្ថបទ​និពន្ធ​រឿង​(Script) ត្រូវមាន​លក្ខណៈសម្បត្តិ​វិជ្ជាជីវៈ​គ្រប់គ្រាន់ អាច​ពិនិត្យ​យល់ និង​អាច​វាយតម្លៃ​បាន​អំពី​គោល​គំនិត​រឿង មាតិកា និង​បរិបទ​នៃ​រឿង នោះ​ទើប​នាយកដ្ឋាន​នឹង​ទទួលសំណើសុំ​ពិនិត្យ ដើម្បី​ផ្តល់​ការអនុញ្ញាត​ផលិត​។ នាយកដ្ឋាន បាន​បញ្ជាក់ថា ការមិន​ពេញលេញ​ក្នុង​ការផលិត​ស្នាដៃ​ភាពយន្ត​នាពេល​បច្ចុប្បន្ន គឺ​កង្វះ​គុណភាព​ក្នុងការ​តែង​និពន្ធ​អត្ថបទ​និពន្ធ​រឿង​(Script) ដែល​វា ជា​ធាតុ​ផ្សំ​សំខាន់បំផុត​នៅក្នុង​កិច្ចដំណើរការ​ផលិត ប្រកបដោយ​ជោគជ័យ​នៃ​ស្នាដៃ​ភាពយន្ត​មួយ​។

​យោងតាម​ការវាយតម្លៃ​លើ​ស្នាដៃ​ដែលមាន​កន្លងមក អ្នកដឹកនាំ​រឿង​ដែល​មិនមាន​លក្ខណៈសម្បត្តិ វិជ្ជាជីវៈ បទពិសោធន៍ និង​សមត្ថភាព​ជំនាញ​សមល្មម​ទេ នឹងមិន​អនុញ្ញាត​ឲ្យ​ដឹកនាំ​ផលិត​ស្នាដៃ​ភាពយន្ត​ខ្នាត​វែង​ទៀតឡើយ​។ ចំពោះ​អ្នកដឹកនាំ​រឿង​ថ្មី ដែលមាន​បំណង​ដឹកនាំ    ផលិតភាព​យន្ត​ខ្នាត​វែង ត្រូវមាន​ស្នាដៃ​ភាពយន្ត​ខ្លី​ចំនួន​២ ដែល​ផលិត​ដោយ​សាមីខ្លួន​ផ្ទាល់ ដាក់​ភ្ជាប់​ជា​ឯកសារ​សម្រាប់ធ្វើ​ការវាយតម្លៃ និង​វិនិច្ឆ័យ​សម្រេច​ពី​សមត្ថភាព ចំណេះដឹង និង​បទពិសោធន៍​របស់ខ្លួន មុននឹង​អនុញ្ញាត ឬ​មិន​អនុញ្ញាត​ឲ្យ​ដឹកនាំ​ផលិត​ស្នាដៃ​ភាពយន្ត​។

​នាយកដ្ឋាន នឹង​ចាប់​អនុវត្ត​ដំណើរការ​រៀបចំ​កសាង​បញ្ជី​ឈ្មោះ​«​អ្នកដឹកនាំ​រឿង​» តាមរយៈ​ការវាយតម្លៃ​ស្នាដៃ​ដែលមាន​រួចហើយ ការបណ្តុះបណ្តាល​ជំនាញ និង​ការសាកល្បង​បង្កើត​ស្នាដៃ​ថ្មី​។ បញ្ជី​ឈ្មោះ​អ្នកដឹកនាំ​រឿងនេះ ត្រូវតែមាន​ការឯកភាព គាំទ្រ និង​ទទួលស្គាល់​ជាទូទៅ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ជាតិ​៕