ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​តាម​ដីកា ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ជនសង្ស័យ​២​នាក់​តាម​ដីកា ដែល​ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​។ ជនសង្ស័យ​២​នាក់​មាន​ទី​១.​ឈ្មោះ អ្នក ឌី​ណា ហៅ​ឌី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ (​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​) ទី​២.​ឈ្មោះ សើរ ផ​ល្លី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជន​ទាំង​២​នាក់ ស្នាក់​នៅ​ភូមិ​ខាងលើ​។

លោក​វរសេនីយ៍ត្រី ង៉េ​ង សុ​ជាតិ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានអោយ​ដឹង​ថា នៅ​ពេល​ដែល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជា​បន្តបន្ទាប់ គឺ​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ចាប សុ​ផា​រិ​ទ្ធិ ស្នងការ​រង​នគ​បាល​ខេត្ត​បាន​ចុះ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​។

លោក​បាន​បន្ត​ថា ក្រោយ​ពេល​ដែល​ឃាត់​ជនសង្ស័យ​២​នាក់ បាន​នាំ​យក​ទៅ​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​សារភាព​ហើយ​កម្លាំង​ចុះ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​បន្ត​ទៀត ទី​១.​ឈ្មោះ អ្នក ឌី​ណា ហៅ​ឌី ដែល​ឃាត់​នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ និង​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទី​២.​ឈ្មោះ សើរ ផ​ល្លី នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១២​ខែកញ្ញា ឆ្នាំ​២០១៦ ជនសង្ស័យ​ទាំង​២​នាក់​ឃាត់​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​លោក ថៃ គឹ​ម​មុនី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ឯក ចាប សុ​ផា​រិ​ទ្ធ ស្នងការ​រង​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ជនសង្ស័យ​២​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​២១២ ដែល​បទ​ប្រកាន់​ពី​បទ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​។ ជនសង្ស័យ​ឈ្មោះ អ្នក ឌី​ណា ហៅ​ឌី គឺ​ប្រពន្ធ​ឈ្មោះ សំ ចិ​ត្រា ហៅ​មុំ ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ខេត្ត​រយៈពេល​៣​ឆ្នាំ ដែល​ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន ពេល​កម្លាំង​បាន​ឃាត់​ប្តី​ពី​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្រុង​សិរី​សោភ័ណ​៕