ហ្វីលីពីន ប្រកាស​ជោគជ័យ​ក្នុង​សង្គ្រាម​បង្ក្រាប​គ្រឿងញៀន​ និពន្ធដោយ : សឿន វណ្ណឌេត       September-12-2016, 10:19 pm         224

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ហ្វីលីពីន ប្រកាស​ជោគជ័យ​ក្នុង​សង្គ្រាម​បង្ក្រាប​គ្រឿងញៀន​​មកទល់ពេលនេះ មនុស្ស​ជិត​បី​ពាន់​នាក់​ហើយ ដែល​ត្រូវបាន​សម្លាប់​ក្នុង​យុទ្ធនាការ​កណ្ដាប់ដៃ​ដែក​បោសសម្អាត​គ្រឿងញៀន​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte​។ ថ្វីដ្បិតតែ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះ រង​ការរិះគន់​ខ្លាំង​ពី​អន្តរជាតិ​ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស​ក្ដី ប្រជាជន​ហ្វីលីពីន ហាក់​សាទរ​ខ្លាំង​នឹង​ចំណាត់ការ​ក្ដៅ​នេះ ហើយ​ហ្វីលីពីន ក៏​ចាត់ទុក​នេះ​ជា​សមិទ្ធផល​មួយ​ផងដែរ​។

​រដ្ឋបាល​លោក​ប្រធានាធិបតី Rodrigo Duterte បានប្រកាស​ពី​ជោគជ័យ​ក្នុង​សង្គ្រាម​គ្រឿងញៀន​ដ៏​ចម្រូងចម្រាស ដោយ​ការផ្គត់ផ្គង់​គ្រឿងញៀន​នៅ​ហ្វីលីពីន​បាន​ធ្លាក់ចុះ​រហូតដល់​៩០​ភាគ​ទៅហើយ ចាប់តាំងពី​ការបង្ក្រាប​ចាប់ផ្ដើម​នៅ​ដើមឆ្នាំ​នេះ​។ សារព័ត៌មាន The Philippines Star រាយការណ៍​ថា មនុស្ស​២៩៥៦​នាក់ ត្រូវបាន​សម្លាប់​ក្នុងករណី​ពាក់ព័ន្ធ​គ្រឿងញៀន ហើយ​ច្រើនជាង​ពាក់កណ្ដាល​នៃ​ចំនួន​នោះ ត្រូវ​សម្លាប់​ដោយ​ខ្មាន់កាំភ្លើង​មិនមែន​ប៉ូលិស​។ 

​ចំណែក​របាយការណ៍​ប៉ូលិស​ជាតិ​ហ្វីលីពីន​បង្ហាញថា ជនសង្ស័យ​១៤៦៦​នាក់ ត្រូវបាន​សម្លាប់​ក្នុង​ប្រតិបត្តិការ​របស់​ប៉ូលិស ខណៈ ចំនូ​ន​១៤៩០​នាក់​ផ្សេងទៀត គឺ​សម្លាប់​ដោយ​ខ្មាន់កាំភ្លើង​ផ្សេងទៀត​។ នេះ​ក៏​ដោយសារតែ លោក​ប្រធានាធិបតី Duterte លើកទឹកចិត្ត​ឲ្យ​ប្រជាជន​ទាំងអស់ ត្រូវ​ជួយ​ប៉ូលិស​ក្នុងការ​បង្ក្រាប​គ្រឿងញៀន និង​ថែមទាំង​ផ្ដល់​សិទ្ធិ​ឲ្យ​អ្នកមាន​កាំភ្លើង អាច​បាញ់​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​បាន​ទៀតផង​។​

​នៅឯ​ទីក្រុង Zamboanga វិញ ស្នងការ​ប៉ូលិស​ជាតិ​ហ្វីលីពីន លោក Ronald dela Rosa អះអាង​ដែរ​ថា ការ​ផ្គត់​ផ្គង​ថ្នាំញៀន ត្រូវ​កាត់បន្ថយ​៩០​ភាគរយ​ហើយ​។ យ៉ាងណាក្ដី វិមាន​Malacañang របស់​ប្រធានាធិបតី​ហ្វីលីពីន ក៏​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការបាញ់សម្លាប់​នេះ និង​បានប្រកាសថា ករណី​ទាំងនោះ នឹងត្រូវ​ស៊ើបអង្កេត​ឲ្យ​ដឹង​ជាក់ស្ដែង​។

​នៅក្នុង​ប្រតិបត្តិការ​បោសសម្អាត​គ្រឿងញៀន​របស់លោក Duterte មនុស្ស​ជាង​១៦០០០​នាក់ ត្រូវបាន​ចាប់ខ្លួន និង​ជាង​៧​សែន​នាក់​ទៀត ចុះចូល​ដោយ​ស្ម័គ្រចិត្ត ដែល​ធ្វើ​គុក​នៅ​ហ្វីលីពីន​ពេញ​ហូរហៀរ​ដោយ​អ្នកទោស​ទៅហើយ​។  លោក Martin Andanar រដ្ឋមន្ត្រី​ព័ត៌មាន​ហ្វី​លីន​និយាយថា ប្រតិបត្តិការ​របស់​ប៉ូលិស គឺជា​ជោគជ័យ​មួយ ប៉ុន្តែ​ការសម្លាប់​ដែល​ពាក់ព័ន្ធ​នឹង​ជន​អន្ធពាល​ដោយសារតែ​ពួកគេ​មាន​គំនុំ​នឹង​គ្នា​នោះ គឺ​ក៏​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ដែរ ហើយ​វា​ក៏​មិន​ស្ថិតក្រោម​ច្បាប់​នោះដែរ​។

​ដោយសារតែ​ចំណាត់ការ​ក្ដៅ​លើ​ឈ្មួញ និង​អ្នក​ប្រើ​គ្រឿងញៀន​នេះហើយ ទើប​ធ្វើ​ឲ្យ​លោក Duterte ប្រទះ​សម្ដី​ខ្លាំង​ជាមួយ​មេដឹកនាំ​ពិភពលោក ដែល​រួមមាន​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ប្រមុខ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន ជាដើម​នោះ​។ លោក Duterte បាន​ប្រើពាក្យ​មិន​សមរម្យ​ខ្លាំង​ដាក់​លោក អូ​បា​ម៉ា ជុំវិញ​បញ្ហា​នេះ ដែល​ឈានដល់​ការលុបចោល​ជំនួប​ទ្វេភាគី​ទៀតផង បើជា​លោក Duterte បង្ហាញ​ការសោកស្ដាយ​ក៏ដោយចុះ​៕