អាមេរិក​ពង្រាយ​យន្តហោះ B-1 ទៅ​ឧបទ្វីប​កូរ៉េ​ដើម្បី​គំរាម​ក្រុង​ព្យុងយ៉ាង​ និពន្ធដោយ : ថ្មីៗ       September-12-2016, 10:59 pm         396

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាមេរិក​ពង្រាយ​យន្តហោះ B-1 ទៅ​ឧបទ្វីប​កូរ៉េ​ដើម្បី​គំរាម​ក្រុង​ព្យុងយ៉ាង​​សហរដ្ឋអាមេរិក​ចេញ​ផែនការ​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ ទៅ​ឧបទ្វីប​កូរ៉េ​ដើម្បី​បង្អួត​សាច់ដុំ​ឆ្លើយតប​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ប៉ុន្តែ​ផែនការ​បញ្ជូន​យន្តហោះ​នេះ​នឹងត្រូវ​ពន្យារពេល​យ៉ាងហោចណាស់ ២៤​ម៉ោង ដោយសារ​បញ្ហា​អាកាសធាតុ​។

​ផែនការ​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B1-B របស់​ក្រុង​វ៉ាស៊ីនតោន​ទៅកាន់​កូរ៉េខាងត្បូង​ត្រូវ​ពន្យារពេល ដោយសារតែ​អាកាសធាតុ​មិនសូវ​ល្អ​នា​ថ្ងៃ​ចន្ទ ទី ១២ កញ្ញា​នេះ​។ ក្រុង​វ៉ាស៊ីនតោន​បញ្ជូន​សព្វាវុធ​ទៅ​ឧបទ្វីប​កូរ៉េ​នេះ គឺ​ដើម្បី​កំញើញ​កូរ៉េខាងជើង ដែល​ទើប​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​កាលពី​សប្តាហ៍​មុន​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ Yonhap ។ 

​ការពន្យារពេល បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​ធុន​ធ្ងន់​នេះ មាន​រយៈពេល​យ៉ាងហោចណាស់ ២៤​ម៉ោង​។ ហើយ​បញ្ហាសំខាន់​ដែល​តម្រូវ​ឲ្យ​មានការ​ពន្យារ​ការហោះហើ​រ ដោយសារ​អាកាសធាតុ​នៅ​មូលដ្ឋានទ័ព​អាមេរិក​នៅ​កោះ ហ្កា​ម (Guam) មិន​អំណោយផល​។ តាមពិតទៅ យន្តហោះ B1-B នេះ​នឹងត្រូវ​បញ្ជូន​ចេញពី​មូលដ្ឋានទ័ព Andersen ទៅកាន់​ឧបទ្វីប​កូរ៉េ ព្រោះ​យន្តហោះ​នេះ​ឈរជើង​បំពេញ​បេសកម្ម​នៅលើ​កោះ​ហ្កា​ម​ជំនួស​ឲ្យ​យន្តហោះ​ចាស់វស្សា B-52 រួចរាល់​ហើយ​។

​តាមពិតទៅ គម្រោង​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់​ទៅកាន់​កូរ៉េខាងត្បូង​ត្រូវបាន​ដាក់ចេញ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយពេល​កូរ៉េខាងជើង​សាកល្បង​នុយក្លេអ៊ែរ​។ បើតាម​ទី​ភា្ន​ក់​ងារ​ព័ត៌មាន Yonhap ដដែល ផែនការ​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅ​កូរ៉េខាងត្បូង​របស់​ក្រុង​វ៉ាស៊ីនតោន​នេះ ជាការ​ឆ្លើយតប​សកម្ម​ភាព​បង្ករ​រឿង​របស់​ក្រុង​ព្យុងយ៉ាង​។​

​ជា​ទម្លាប់​ទៅហើយ ឲ្យ​តែ​ពេលណា​មាន​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ សហរដ្ឋអាមេរិក​តែ​បង្ហាញ​សាច់ដុំ​យោធា ក្នុងនោះ​មាន​ពង្រាយ​យន្តហោះ​ទម្លាក់​គ្រាប់ និង​ធ្វើ​សមយុទ្ធ​យោធា     ផង​។​កាលពី​មករា សហរដ្ឋអាមេរិក​ក៏បាន​ពង្រាយ យន្តហោះ​ទម្លាក់​គ្រាប់ B-52 ដែលមាន​សមត្ថភាព​ដឹក​អាវុធ​នុយក្លេអ៊ែរ​ទៅ​ឧបទ្វីប​កូរ៉េ​ដែរ ក្រោយពេល​កូរ៉េខាងត្បូង​បាញ់​អាវុធ​នុយក្លេអ៊ែរ​លើក​ទី ៤​។ យន្តហោះ​នោះ​ហោះហើរ​ក្នុង​រយៈកម្ពស់​ទាប​បំផុត​លើទឹក​ដី​កូរ៉េខាងត្បូង ហើយ​មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​បានប្រកាសថា វា​ជាការ​គំរាម​ក្រុង​ព្យុងយ៉ាង​ដែល​ពូកែ​បង្កបញ្ហា​៕