លោក ហ៊ុន សែន ចល័តកម្លាំងប្រដាប់អាវុធដោយព្រមានកំចាត់ចោលបាតុកម្មបក្សប្រឆាំង

ការចល័តកម្លាំងប្រដាប់អាវុធនេះគឺកើតឡើងក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ប្រកាសបិទផ្លូវចរចាដោយទុកឲ្យតុលាការចាត់ការតាមនិតិវិធី និងព្រមានកចាត់ចោលសកម្មភាពដែលបង្ករអស្ថិរភាពដល់ពលរដ្ឋនិងប្រទេស។

វ៉ាស៊ីនតោន — កងកម្លាំងប្រដាប់អាវុធជាច្រើនត្រូវបានដាក់ឲ្យចល័តចុះឡើង ចាប់ពីមុនពាក់កណ្តាលយប់ម៉ោង ក្នុងប្រទេសកម្ពុជាគឺ យប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦។ ការណ៍នេះ កើតឡើងតែប៉ុន្មានម៉ោង ក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមានបង្ក្រាបការប៉ុនប៉ងធ្វើបាតុកម្មរបស់គណបក្សជំទាស់ដឹកនាំដោយលោក សម រង្ស៊ី និង លោក កឹម សុខា។ សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបានថ្លែងប្រាប់ VOA ពីប្រទេសកម្ពុជា។

«ការប្រើកងកម្លាំងហ្នឹងគឺគេបើកចុះបើកឡើងទេ។ ប្រហែលជា១០ ទៅ ២០នាទីទេ គេបើកមួយជុំ។ តែប្រហែលជាម៉ោង១២យប់ គេឈប់នៅមុខនៅមុខទីស្នាក់ការ គណបក្សសង្គ្រោះជាតិ តែម្តង ដែលមានរថយន្តជាច្រើន ហើយរថយន្តនីមួយៗមាន ទាហ៊ានប្រហែល២០ ទៅ៣០នាក់ ប្រហែលជា១០គ្រឿង។ រថយន្តផ្សេងទៀតដែល មានពណ៌ខ្មៅ ពណ៌ស ដែលមានសារ៉ែននៅលើ ហើយមិនឮសារ៉ែនទេ គ្រាន់តែមានភ្លើងភ្លឹបភ្លែត នៅលើផងដែរ ខ្លះមាន៦ ទៅ១០នាក់អញ្ចឹងទៅ។ ហើយខាងក្រោយ គណបក្សមានកងម៉ារីនដែរ‍។ គឺយើងមើលការប្រើកម្លាំងប្រដាប់អាវុធនេះ មិនមែនជាដំណោះស្រាយល្អទេសម្រាប់ប្រទេសកម្ពុជា»។

នេះជាការអះអាងរបស់លោក ស ស៊ីណា ពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់ ភ្នែក។

លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិដែលបានបញ្ជាក់ពីស្ថានការណ៍នៅ យប់នេះ ឈានចូលដល់ព្រព្រលឹមថ្ងៃទី១៣ កញ្ញា ក៏បានបង្ហោះខ្សែវីដេអូពីការថតការចល័តកងកម្លាំងប្រដាប់អាវុធនោះផងដែរ។

ការចល័តកម្លាំងប្រដាប់អាវុធនេះគឺកើតឡើងក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ប្រកាសបិទផ្លូវចរចាដោយទុកឲ្យតុលាការចាត់ការតាមនិតិវិធី និងព្រមានកចាត់ចោលសកម្មភាពដែលបង្ករអស្ថិរភាពដល់ពលរដ្ឋនិងប្រទេស។

«ពីរថ្ងៃជាប់គ្នារួចមកហើយ ដែលមេដឹកនាំបក្សប្រឆាំងបានគំរាមដល់ស្ថិរភាពជាតិ តាមរយៈការរៀបចំធ្វើមហាបាតុកម្ម ដើម្បីទាមទាររបស់ដែលហៅថាដំណោះស្រាយ នយោបាយ។ ខ្ញុំសុំប្រាប់ទៅវិញថាទេ! មិនមានដំណោះស្រាយនយោបាយណាដែល អាចរកឃើញតាមរយៈបក្សនយោបាយនោះឡើយ ព្រោះវាជាសមត្ថកិច្ចរបស់ តុលាការ។ បុគ្គលដែលធ្វើខុស កុំយក ប្រទេសជាតិធ្វើជាចំណាប់ខ្មាំង កុំយកបក្ស នយោបាយ ធ្វើជាជម្រកបិទបាំងនូវកំហុសរបស់ខ្លួន‍»។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងបន្ថែមថា លោកបានបញ្ជាដល់គ្រប់កម្លាំងមានសមត្ថកិច្ចត្រៀមខ្លួនកំចាត់ចោលនូវរាល់សកម្មភាពខុសច្បាប់ទាំងអស់ដើម្បីការពារ នូវភាពសុខសាន្តរបស់ប្រជាជន។ លោកបន្ថែមថា ដោយតម្លៃណាក៏ដោយ គឺត្រូវការពារស្ថេរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យខានតែបាន ព្រោះវាជាតម្រូវការរបស់ជាតិនិងប្រជាជន។

មេដឹកនាំស្តីទីគណបក្សជំទាស់ គឺលោក កឹម សុខា បានអះអាងប្រាប់ VOA ក្នុងកិច្ច សម្ភាស កាលពីថ្ងៃអាទិត្យថា ការធ្វើបាតុកម្មទូទាំងប្រទេស ជាជម្រើសចុងក្រោយ បើគ្មានការផ្តល់យុត្តិធម៌ និង គ្មានដំណោះស្រាយតាមការជជែកគ្នារវាងអ្នកនយោបាយទាំងពីរគណបក្សទេ។

តុលាការបានកាត់ទោសលោកកឹម សុខា ឲ្យជាប់គុក៥ខែពាក់ព័ន្ធនឹងការមិនធ្វើតាមតុលាការ រឿងសំណុំរឿងមួយពាក់ព័ន្ធនឹងរឿងអាស្រូវសេ្នហា ដែលលោកចាត់ទុកថា ចំណាត់ការតុលាការ ជារឿងខុសច្បាប់ រំលោភអភ័យឯកសិទ្ធសភា និងច្បាប់ផ្សេងៗ។ លោកមិនទាន់ត្រូវបានចាប់ខ្លួនទៅផ្តន្ទាទោសនោះទេ៕

ប្រភព៖ VOA


Related Posts