ការស្រាវជ្រាវបានបង្ហាញថា ភាពខ្ជិលច្រអូស គឺជាសញ្ញាណ នៃភាពវៃឆ្លាតខ្ពស់!

ភាពខ្ជិលច្រអូស គឺជាទម្លាប់ និងមិនមែនជាបញ្ហាសុខភាពផ្លូវចិត្តទេ។ ភាពខ្ជិល បង្ហាញអំពីការពន្យារពេល ឬភាពយឺតយ៉ាវ។  ជាការពិតណាស់ ភាពខ្ជិលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងភាពក្រីក្រ  និងការបរាជ័យទាំងឡាយ។ ជឿទេថា អ្នកមានបញ្ហាជីវភាពភាគច្រើន ត្រូវបានគេសន្មត់ជាទូទៅថា មានភាពខ្ជិលច្រអូស មិនថាពួកគេធ្វើការតិច ឬច្រើនក៏ដោយ។

អ្នកដែល “ខ្ជិល” ភាគច្រើន មិនមែនមកពី ពួកគេខ្ជិលពីកំណើតទេ ប៉ុន្តែដោយសារតែពួកគេ មិនទាន់រកអ្វីដែលពួកគេចង់ធ្វើឃើញ  ឬក៏ព្រោះតែហេតុផលមួយទៀតគឺ ពួកគេមិនចង់ធ្វើតែម្តង។  កត្តាមួយផ្សេងទៀត ដែលអាចបណ្តាលឲ្យមាន “ភាពខ្ជិលច្រអូស” គឺភាពភ័យខ្លាច និងភាពអស់សង្ឃឹម។  ពួកគេខ្លាចមិនទទួលបានជោគជ័យ ខ្វះការឲ្យតម្លៃលើខ្លួនឯង   ហេតុនេះមានតែខ្ជិលមិនធ្វើអ្វីសោះទើបស្រណុកចិត្ត។

ប៉ុន្តែទន្ទឹមនឹងគ្នាដែរនោះ អ្នកដែលមានភាពខ្ជិលច្រអូសទាំងឡាយ ប្រាកដជាតែងតែទទួលបាននូវការស្តីបន្ទោសជាញឹកញយ ដោយសារតែមានទម្លាប់មិនល្អបែបនេះ។ ទោះជាយ៉ាងណាក៏ដោយ ថ្ងៃនេះជាថ្ងៃល្អ សម្រាប់អ្នកមានទម្លាប់ខ្ជិលទាំងឡាយ ក៏ព្រោះតែការសិក្សាស្រាវជ្រាវថ្មី បានបង្ហាញថាអ្នកដែលខ្ជិល ជាអ្នកដែលមានបញ្ហាវៃឆ្លាតខ្ពស់។ ដូច្នេះស្វែងយល់ទាំងអស់គ្នា!

ការស្រាវជ្រាវថ្មីពី Journal of Health Psychology បានបង្ហាញពីការយល់ស្រប ទៅនឹងទ្រឹស្តីដែលថា មនុស្សឆ្លាត ជាមនុស្សដែលមានភាពខ្ជិល មិនមែនជាមនុស្សដែលសកម្មទេ។ ការរកឃើញពី ការសិក្សារបស់សហរដ្ឋអាមេរិកនេះ បញ្ជាក់ពីការគាំទ្រលើគំនិតដែលថា អ្នកដែលមាន IQ ខ្ពស់ ខុសពីមនុស្សធម្មតាត្រង់ មិនងាយមានភាពធុញទ្រាន់ឡើយ ដែលនេះបណ្តាលឲ្យពួកគេ ចំណាយពេលវេលាមកគិត ជាជាងធ្វើសកម្មភាព។

រីឯអ្នកដែលសកម្មវិញ មិនសូវមានភាពខ្ជិលច្រអូស ក៏ព្រោះតែពួកគេចំណាយពេលរវល់តែធ្វើនេះធ្វើនោះ ទាក់ទងនឹងសកម្មភាពរាងកាយខាងក្រៅផ្សេងៗ ជាពិសេស ពួកគេមិនចូលចិត្តចំណាយពេលនៅគិតស្ងៀមៗទេ  និងដោយសារតែពួកគេជាមនុស្សឆាប់ធុញផងដែរ។

ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Florida Gulf Coast University បានធ្វើតេស្តសាមញ្ញមួយ អស់រយៈពេលប្រមាណ ៣ ទសវត្សន៍ ទៅលើនិស្សិតមួយក្រុម។ តេស្តនោះមានឈ្មោះថា “Need for Cognition” ដែលមានន័យជាភាសាខ្មែរថា “តម្រូវការសម្រាប់ការយល់ដឹង” ដោយបានចោទជាសំណួរ ជាលក្ខណៈស្ទង់មតិយោបល់ថា តើមាននរណាខ្លះយល់ស្របនឹងឃ្លាមួយថា “ខ្ញុំពិតជាចូលចិត្ត ធ្វើកិច្ចការងារណា ដែលជាប់ពាក់ព័ន្ធ នឹងការគិតរកដំណោះស្រាយថ្មីៗ ដើម្បីដោះស្រាយបញ្ហា” និងមួយឃ្លាទៀត “ខ្ញុំត្រូវគិតច្រើន តែពេលណាដែលខ្ញុំត្រូវគិតប៉ុណ្ណោះ”។

បន្ទាប់មកក្រុមអ្នកស្រាវជ្រាវ ដែលដឹកនាំដោយ Todd McElroy បានជ្រើសរើសបេក្ខជនបានចំនួន ៦០ នាក់ ដែលក្នុងនោះមាន ៣០នាក់ជា “អ្នកចូលចិត្តគិត” (តែងតែប្រើប្រាស់ការគិតច្រើនជានិច្ច) និង ៣០នាក់ទៀតជា “អ្នកមិនចូលចិត្តគិត” (ព្យាយាមចៀសវាង កិច្ចការ ដែលប្រើខួរក្បាលគិត)។

ក្នុងរយៈពេល ៧ថ្ងៃ ក្រុមទាំងពីរនេះ ត្រូវបានតម្រូវឲ្យពាក់នូវឧបករណ៍ម៉្យាង (accelerometer) លើ.កដៃ របស់ពួកគេ ដែលឧបករណ៍នោះ អាចតាមដានចលនា និងកម្រិតសកម្មភាពរបស់ពួកគេ និងផ្តល់ជាទិន្នន័យ ចំនួនថេរមួយ ទៅលើសកម្មភាពរាងកាយ របស់អ្នកចូលរួមពិសោធន៍ទាំងនោះ។

លទ្ធផល ក៏បានបង្ហាញថា ក្រុមអ្នកដែលចូលចិត្តគិត មិនបានធ្វើសកម្មភាពច្រើន ដូចជាក្រុមអ្នកដែលមិនចូលចិត្តគិតឡើយ (សឹងតែមិនបានធ្វើអ្វីសោះ)។ ប៉ុន្តែ ទន្ទឹមនឹងនោះដែរ ក្នុងរយៈពេលចុងសប្តាហ៍ ក្រុមទាំងពីរនេះ មានកម្រិតសកម្មភាពប្រហាក់ប្រហែលគ្នាទៅវិញ ដោយនេះជាចម្ងល់ ដែលក្រុមអ្នកស្រាវជ្រាវ នៅមិនទាន់ បកស្រាយបាននៅឡើយទេ។ 

ក្រុមអ្នកស្រាវជ្រាវបាន លើកឡើងថា នេះក៏ដោយសារតែ អ្នកដែលមិនចូលចិត្តគិតច្រើន ឆាប់មានអារម្មណ៍ធុញ ហេតុនេះទើបពួកគេចេះតែ ទៅធ្វើសកម្មភាពនេះ សកម្មភាពនោះ ដើម្បីបំបាត់ភាពអផ្សុក។

របកគំហើញនៃការសិក្សានេះ ត្រូវបានចុះផ្សាយនៅក្នុង Journal of Health Psychology និងត្រូវបានគេចាត់ទុកការរកឃើញនេះ ក្នុងន័យស្ថិតិថា “មានសារៈសំខាន់ខ្លាំង” និង “រឹងមាំ” ។

តែទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវដឹកនាំដោយលោក Todd McElroy នេះក៏បានធ្វើការពន្យល់អំពីគុណវិបត្តិ នៃភាពខ្ជិលច្រអូសដែរ។ ទោះបីជាអ្នកមិនសូវឧស្សាហ៍ មានបញ្ញាវៃឆ្លាតខ្ពស់ និងមានភាពស្រណុកសុខស្រួលក្នុងការរស់នៅ ដោយមិនចាំបាច់ធ្វើអ្វីច្រើនក៏ដោយ ក៏វាបណ្តាលឲ្យមានផលប៉ះពាល់អវិជ្ជមាន ដល់សុខភាពផងដែរ។ លោកបានលើកឡើងក្នុង អត្ថបទស្រាវជ្រាវនោះដែរថា ពួកគេត្រូវបង្កើនកម្រិតនៃការសកម្មភាពបន្ថែមទៀត ដើម្បីពង្រឹងសុខភាពរបស់ពួកគេ ឲ្យកាន់តែមានភាពប្រសើរឡើង។

យោងតាម The British Psychology Society លោក McElroy បាននិយាយថា “ទីបំផុត កត្តាដ៏សំខាន់ ដែលអាចបណ្តាលឲ្យបុគ្គលម្នាក់ៗ ឲ្យមានគំនិតគិតគូរបានល្អប្រសើរ គឺកាត់បន្ថយសកម្មភាពដែលត្រូវធ្វើជាប្រចាំថ្ងៃ។ ប៉ុន្តែចំណេះដឹងដែលកើតពីភាពខ្ជិល ក៏ជាគូនឹងភាពមិសកម្មដែរ និងបណ្តាលឲ្យមានបញ្ហាសុខភាព។ ហេតុនេះ អ្នកដែលមានគំនិតចេះគិតគូរ គួរតែចាប់ផ្តើមធ្វើសកម្មភាពឲ្យបានច្រើនវិញ” ។

ជាក់ស្តែងកម្រិត IQ ខ្ពស់មិនមែនបណ្តាលមកពី ភាពខ្ជិលតែមួយមុខនេះទេ។ បើយោងទៅតាម ការសិក្សាស្រាវជ្រាវផ្សេងទៀត មនុស្សដែលមានភាពវៃឆ្លាតខ្ពស់ ជាមនុស្សដែលចូលចិត្តប្រើពាក្យមិនពិរោះស្តាប់ ជាមនុស្សដែលតែងតែនៅដល់យប់ជ្រៅ និងជាមនុស្សដែលគ្មានសណ្តាប់ធ្នាប់៕ 

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ការស្រាវជ្រាវបានបង្ហាញថា ភាពខ្ជិលច្រអូស គឺជាសញ្ញាណ នៃភាពវៃឆ្លាតខ្ពស់!

ការស្រាវជ្រាវបានបង្ហាញថា ភាពខ្ជិលច្រអូស គឺជាសញ្ញាណ នៃភាពវៃឆ្លាតខ្ពស់!

ការស្រាវជ្រាវបានបង្ហាញថា ភាពខ្ជិលច្រអូស គឺជាសញ្ញាណ នៃភាពវៃឆ្លាតខ្ពស់!