សិស្ស​និទ្ទេស ​A ម្នាក់​គត់​ក្នុង​ខេត្ត​ប៉ៃលិន ចង់​ស្រវា​អាហារូបករណ៍​ក្នុង​ស្រុក​មុន​បរទេស

ព្រហ្ម សុខ​ចាន់​វាសនា ជា​សិស្ស​​ម្នាក់​គត់​ដែល​បាន​​និទ្ទេស A ក្នុង​ខេត្ត​ប៉ៃលិន រហូត​​តំណាង​រាស្ត្រ​ប្រ​ចាំ​ខេត្ត​នេះ​គឺ​អ្នក​ស្រី បាន ស្រី​មុំ​នឹង​ផ្ដល់​ជា​រង្វាន់​ម៉ូតូ Scoopy ថ្មី​មួយ​គ្រឿង​ជា​ការ​លើក​ទឹក​ចិត្ត។ សម្រាប់​វាសនា​ចង់​រៀន​ជំនាញ​ទន្តពេទ្យ​តែ​ចង់​យក​អាហារូបករណ៍​ក្នុង​ស្រុក​សិន ទើប​គិត​គូរ​អាហារូបករណ៍​បរទេស​ជា​ក្រោយ។

 

សិស្ស​និទ្ទេស ​A ម្នាក់​គត់​ក្នុង​ខេត្ត​ប៉ៃលិន ចង់​ស្រវា​អាហារូបករណ៍​ក្នុង​ស្រុក​មុន​បរទេស

 

កូន​ទី២​ក្នុង​ចំណោម​បង​ប្អូន​៣​នាក់​រូប​នេះ និយាយ​ថា ទន្តពេទ្យ​ជា​ជំនាញ​មួយ​ដែល​គេ​ស្រលាញ់ តែ​នឹង​រៀន​ជំនាញ​នេះ​នៅ​ស្រុក​ខ្មែរ​សិន បើ​ទោះ​សិស្ស​ពូកែ​ភាគ​ច្រើន​តែង​ស្រវា​អាហារូបករណ៍​បរទេស​ក៏​ដោយ។ ហេតុ​ផល​គឺ សិស្ស​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ក្រុង​ទេព​និម្មិត​ចង់​បាន​បទពិសោធន៍​​ក៏​ដូច​ជា​ចំណេះ​ដឹង​ពី​ការ​រៀន​ក្នុង​ស្រុក​សិន បើ​ទៅ​បរទេស​ភ្លាមៗ​គឺ​ពិបាក។

 

“​​បើ​យើង​ដឹង​ខ្លះ​ៗ​ពី​របៀប​រៀន​នៅ​ខ្មែរ​សិន ដូច្នេះ​យើង​ដឹង​យើង​ចេះ​បាន​ច្រើន​ជាង តែ​បើ​ទៅ​ក្រៅ​ឆៅ​ៗ​ភ្លាមៗ​ចឹង ខ្លាច​ចាប់​មិន​ទាន់ ព្រោះ​មិន​ទាន់​ចេះ​ពី​ជំនាញ​នេះ​បាន​ស៊ី​ ជម្រៅ។ ចឹង​ហើយ ខ្ញុំ​ចង់​រៀន​ក្នុង​ស្រុក​សិន​ ចាំ​ឆ្លៀត​យក​អាហារូបករណ៍​នៅ​ក្រៅ​ពេល​ចប់​បរិញ្ញាបត្រ”។ វាសនា​បញ្ជាក់។​

 
​យុវជន​អាយុ​១៨ឆ្នាំ​បន្ត​ថា ប្រទេស​ដែល​គេ​ចង់​ទៅ​រៀន​គឺ​ចិន ហើយ​នា​ថ្ងៃ​អនាគត​ វាសនា​សង្ឃឹម​ថា​នឹង​ក្លាយ​ជា​ទន្តពេទ្យ​ល្អ​ម្នាក់៕

 

សិស្ស​និទ្ទេស ​A ម្នាក់​គត់​ក្នុង​ខេត្ត​ប៉ៃលិន ចង់​ស្រវា​អាហារូបករណ៍​ក្នុង​ស្រុក​មុន​បរទេស
អត្ថបទ៖ លឹម សុ​នា​

រូបភាព៖ ផ្តល់ឲ្យ