ក្លឹប​ក្រសួង​ការពារ​ជាតិ ត្រៀម​តំឡើង​ប្រាក់​ខែ​កីឡាករ​មិន​ឱ្យ​​ចាញ់​ក្លឹប​ដទៃ

បើ​តាម​លោក ខូវ ឆាយ ​អ្នក​ចាត់ការ​ទូទៅ​របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​ថា​នៅ​រដូវ​កាល​ក្រោយ​នេះ ​ក្លឹប​របស់​លោក​នឹង​តំឡើង​ប្រាក់​ខែ​ដល់​កីឡាករ​ឱ្យ​មាន​សភាព​សមរម្យ​អាច​ទទួល​យក​បាន មិន​ឱ្យ​ដាច់​ឆ្ងាយ​ពី​កីឡាករ​លេង​នៅ​ក្លឹប​ដទៃ​ទេ។

 

ក្លឹប​ក្រសួង​ការពារ​ជាតិ ត្រៀម​តំឡើង​ប្រាក់​ខែ​កីឡាករ​មិន​ឱ្យ​​ចាញ់​ក្លឹប​ដទៃខូវ ឆាយ ​អ្នក​ចាត់ការ​ទូទៅ​របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ

 

ក្រោយ​ពី​ជោគជ័យ​គួរ​ឱ្យ​កត់​សម្គាល់​នៅ​រដូវ​កាល​២០១៦​នេះ ​ក្លឹប​ក្រសួង​ការពារ​ជាតិ​បាន​ត្រៀម​ផែនការ​ជា​ច្រើន​សម្រាប់​រដូវ​កាល​ក្រោយ ដោយ​មាន​ទាំង​ជួសជុល​ទីលាន​ស្ដាត​ចាស់ ​និង​តំឡើង​ប្រាក់​ខែ​ដល់​កីឡាករ​ផង​ដែរ។ រឿង​ជួសជុល​ស្ដាត​ចាស់ ​ក្រសួង​ការពារ​ជាតិ​បាន​ត្រៀម​ប្រាក់​រហូត​ដល់​ទៅ​ជាង​១០​ម៉ឺន​ដុល្លារ​ឯ​ណោះ ដើម្បី​ធ្វើ​ស្មៅ​ធម្មជាតិ​ថ្មី និង​បំពាក់​ភ្លើង​បំភ្លឺ​ផង​ដែរ។

 

ចំណែក​ឯ​រឿង​តំឡើង​ប្រាក់​ខែ​ដល់​កីឡាករ​វិញ ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ខូវ ឆាយ ​គឺ​កីឡាករ​ដែល​​តែងតែ​ជាប់​ជម្រើស​១១​នាក់​ដំបូង​របស់​ទ័ព ​និង​កីឡាករ​ជាប់​ជម្រើស​ជាតិ ​នឹង​មាន​ការ​តំឡើង​ប្រាក់​ខែ​ទ្វេ​ដង។ ចំពោះ​កីឡាករ​ផ្សេង​ៗ​ទៀត​ក្នុង​ក្រុម ក៏​មាន​ការ​តំឡើង​ប្រាក់​ខែ​ដូច​គ្នា ប៉ុន្តែ​គ្រាន់​តែ​មិន​ដល់​ថ្នាក់​ទ្វេ​ដង​នោះ​ទេ។

 

ក្លឹប​ក្រសួង​ការពារ​ជាតិ ត្រៀម​តំឡើង​ប្រាក់​ខែ​កីឡាករ​មិន​ឱ្យ​​ចាញ់​ក្លឹប​ដទៃ

 

មូលហេតុ​នៃ​ការ​តំឡើង​ប្រាក់​ខែ​នេះ​ដែរ អ្នក​ចាត់ការ​ខាង​លើ​បាន​បន្ថែម​ថា​មក​ពី​កីឡាករ​ប្រកប​អាជីព​នៅ​ក្លឹប​ក្រសួង​ការពារ​ជាតិ​មាន​ប្រាក់​ខែ​ទាប​ជាង​ក្លឹប​ផ្សេង​ៗ​ទៀត​ដូចជា បឹង​កេត​អង្គរ ភ្នំពេញ​ក្រោន ​និង​ណាហ្គាវើល​ជា​ដើម។ ដូច្នេះ​នៅ​រដូវ​កាល​ក្រោយ ពួកគេ​អាច​នឹង​មាន​ប្រាក់​ខែ​សមរម្យ​ទៅ​តាម​សមត្ថភាព​ហើយ៕

 

អត្ថបទ៖ មុន្នី រម្យ