គណបក្សសង្គ្រោះជាតិ​​​ថា ​​​អាចនឹង​​​មាន​​​មហាបាតុកម្ម ​​​​​​បន្ទាប់ពី​​​លោក កឹម ​​​​​​សុខា ​​​ត្រូវបាន​​​ផ្តន្ទាទោស

កាលពីម្សិលមិញ ថ្នាក់ដឹកនាំគណបក្សប្រឆាំងបានអំពាវនាវឲ្យអ្នកគាំទ្រពិចារណាធ្វើមហាបាតុកម្ម បន្ទាប់ពីការផ្តន្ទាទោសលោក  កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃសុក្រឲ្យជាប់ពន្ធនាគារ ខណៈដែលអ្នកនាំពាក្យរដ្ឋាភិបាលបានព្រមានថា អ្នកដែលព្យាយាមធ្វើតាមការអំពាវនាវនោះនឹង “ប្រឈមផលវិបាកធ្ងន់ធ្ងរ”។ ថ្លែងតាមវីដេអូខន់ហ្វឺរិនទៅកាន់សកម្មជនយុវជនគណបក្សសង្គ្រោះជាតិប្រហែល៣០០នាក់មកពីខេត្តកណ្តាលនៅទីស្នាក់ការកណ្តាលគណបក្សក្នុងរាជធានីភ្នំពេញ លោក សម រង្ស៊ី បានសួរអ្នកគាំទ្រថា តើបងប្អូនត្រៀមខ្លួនចេញមកតវ៉ាតាមផ្លូវដើម្បីទាមទារយុត្តិធម៌ហើយ ឬនៅ។ លោក សម រង្ស៊ីដែលរស់នៅក្នុងភាពនិរទេសនៅក្នុងប្រទេសបារាំងដើម្បីគេចពីទោសជាប់ពន្ធនាគារនោះបានមានប្រសាសន៍ថា “ប្រសិនបើបងប្អូនគិតថា វាជារឿងត្រឹមត្រូវ យើងត្រូវរៀបចំមហាបាតុកម្មដូចឆ្នាំ២០១៣និងដើមឆ្នាំ២០១៤។ លោកបានសួរថា “តើបងប្អូនត្រៀមខ្លួនចូលរួមមហាបាតុកម្មដើម្បីទាមទារយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរហើយ ឬនៅ?។ តើបងប្អូនយល់ព្រមទេ?  ត្រង់ចំណុចនេះ សកម្មជនយុវជនបានស្រែកថា “យល់ព្រម !”។ នៅក្នុងការលើកឡើងកាលពីព្រឹកនោះ លោក កឹម សុខា ដែលមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ បើទោះជាលោកត្រូវបានផ្តន្ទាទោសកាលពីថ្ងៃសុក្រឲ្យជាប់ពន្ធនាគាររយៈពេល៥ខែពីបទបដិសេធមិនបង្ហាញខ្លួនតុលាការនោះ បានវាយប្រហាររដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាមុនពេលមានការលើកឡើងពីមហាបាតុកម្មផងដែរ។ លោក កឹម សុខា បានមានប្រសាសន៍ថា “ក្រុមផ្តាច់ការក្នុងអតីតកាលនៅជាមួយខ្មែរក្រហមរហូតមកដល់ពេលនេះអ្នកទាំងនោះមាននិន្នាការដូចខ្មែរក្រហមដែរ។ សោកនាដកម្មនេះមិនទាន់បញ្ចប់ទេ។ ភាពអយុត្តិធម៌ធ្ងន់ធ្ងរណាស់ក្នុងពេលបច្ចុប្បន្ននេះ”។ លោក កឹម សុខា បានអំពាវនាវដល់អ្នកគាំទ្រគណបក្សប្រឆាំង និងប្រជាពលរដ្ឋសកម្មក្នុងសង្គមជាច្រើនទៀតឲ្យរួមគ្នាប្រឆាំង នឹងតុលាការក្នុងប្រទេសកម្ពុជា។ លោក កឹម សុខា បានមានប្រសាសន៍ថា “ខ្ញុំនិងលោកប្រធាន សម រង្ស៊ី ដែលជាដៃគូស្លាប់រស់ជាមួយខ្ញុំក្នុងការសង្គ្រោះជាតិ មានផែនការ ប្រសិនបើប្រព័ន្ធតុលាការនៅតែផ្តល់ភាពអយុត្តិធម៌ដល់យើងទាំងអស់គ្នា”។ លោកបន្ថែមថា “សកម្មជនដីធ្លី អ្នកការពារសិទ្ធិមនុស្ស អ្នកការពារបរិស្ថាន និងក្រុមមន្ត្រីគណបក្សប្រឆាំង យើងនឹងពិចារណាប្រើប្រាស់សិទ្ធិយើងដើម្បីធ្វើមហាបាតុកម្មនៅទូទាំងប្រទេស និងនៅក្នុងរាជធានីភ្នំពេញ”។ មិនទាន់មានផែនការច្បាស់លាស់ត្រូវបានដាក់ចេញដោយប្រធានគណបក្សនៅឡើយទេ។ លោក កឹម សុខា បានបដិសេធមិននិយាយជាមួយអ្នកយកព័ត៌មាននៅទីស្នាក់ការកណ្តាលគណបក្សឡើយ ហើយលោក សម រង្ស៊ី មិនបានឆ្លើយតបចំពោះសំណើតាមអីុម៉េលដើម្បីសុំអត្ថាធិប្បាយទេ។ បន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៣ដ៏ចម្រូងចម្រាសមក  គណបក្សប្រឆាំងបានដឹកនាំការតវ៉ារាប់ខែ ដោយទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែងក្នុងអ្វីដែលសាធារណជនជាច្រើនបង្ហាញពីការមិនពេញចិត្តជាមួយគណបក្សប្រជាជនកម្ពុជាកាន់អំណាច ក្នុងរយៈពេលយ៉ាងតិច១៥ឆ្នាំ។ […]

The post គណបក្សសង្គ្រោះជាតិ​​​ថា ​​​អាចនឹង​​​មាន​​​មហាបាតុកម្ម ​​​​​​បន្ទាប់ពី​​​លោក កឹម ​​​​​​សុខា ​​​ត្រូវបាន​​​ផ្តន្ទាទោស appeared first on The Cambodia Daily.