អាជ្ញាធរ​មិន​ទាន់​កំណត់​ថា​ម្ចាស់​អត្តសញ្ញាណប័ណ្ណ​ជិត​៥០​នាក់​នៅ​ស្រុក​កោះធំ​ជា​ជនជាតិ​អ្វី​ឡើយ

អាជ្ញាធរ​ខេត្ត​កណ្ដាល​នៅ​មិន​ទាន់​កំណត់​ថាម្ចាស់​អត្តសញ្ញាណប័ណ្ណ​ជិត៥០នាក់ នៅ​ស្រុក​កោះ​ធំ ថា ជា​ជនជាតិ​អ្វី​នោះ​ទេ

ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក អ៊ាវ ចំរើន ឲ្យ​អាស៊ីសេរី​ដឹង​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​វ័ត្សអាប់ (WhatsApp) នៅ​រសៀល​ថ្ងៃ​ទី១២ កញ្ញា ថា ក្រុម​ការងារស៊ើបអង្កេត​លើ​ករណី​ដែល​សង្ស័យ​ថា ម្ចាស់​អត្តសញ្ញាណប័ណ្ណ​ជិត​៥០​សន្លឹក គ្មាន​សញ្ជាតិ​ខ្មែរ​ពិត​ប្រាកដ​នោះ នៅ​មិន​ទាន់​បញ្ចប់​ការ​ស្រាវជ្រាវ​របស់​ខ្លួន​នៅ​ឡើយ​ទេ

កាល​ពី​ដើម​ខែ​កញ្ញា​នេះ អធិការ​នគរបាល​ស្រុក​កោះធំ លោក ឈឿន ប៊ុនឆន បាន​​រក​ឃើញ​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​គំរូ​ថ្មី ដែល​មាន​ភាព​ប្រក្រតី​ជិត​៥០​សន្លឹក ដែល​សង្ស័យ​ថា ម្ចាស់​អត្តសញ្ញាណប័ណ្ណ​ទាំង​នេះ មិន​មែន​ជា​ជនជាតិ​ខ្មែរ។

ក្រោយ​មាន​ការ​សង្ស័យ លោក​បាន​ប្រគល់​អត្តសញ្ញាណប័ណ្ណ​ទាំង​នោះ ទៅ​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល ដើម្បី​បង្កើត​ក្រុម​អធិការ​កិច្ច​ចុះ​ពិនិត្យ​លើ​ភាព​មិន​ប្រក្រតី​នេះ។

យោង​តាម​ច្បាប់​សញ្ជាតិ​ខ្មែរ កំណត់ថា ជន​បរទេស​រស់​នៅ​កម្ពុជា ពុំ​មាន​សិទ្ធិ​កាន់​កាប់ និង​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទេ លុះ​ត្រា​បុគ្គល​នោះ ទទួល​បាន​សញ្ជាតិ​ខ្មែរ​ផ្លូវ​ការ​តាមរយៈ​សញ្ជាតូបនីយកម្ម​ ដែល​មាន​ការ​ទទួល​ស្គាល់​ដោយ​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ។

ក្នុង​ករណី​ដែល​ពុំ​មាន​ការ​ទទួល​ស្គាល់​ដោយ​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ​ទេ បុគ្គល​ដែល​កាន់​កាប់ និង​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ដល់ ១០​ឆ្នាំ។ ចំណែក​មន្ត្រី​ខ្មែរ​ដែល​ចេញ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ដល់​ជន​បរទេស ក៏​ត្រូវ​ផ្ដន្ទាទោស​ដូចគ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។