រឿងអាស្រូវ​ពុករលួយ​ដ៏​ធំ​របស់​ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ត្រូវបាន​បើក​កកាយ​

លោក គង់ ផល្លា​គុណ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​នោះ ឥឡូវ​កំពុង​ប្រឈម​នឹង​រឿងអាស្រូវ​ពុករលួយ​ដ៏​ធំ​មួយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ រឿងអាស្រូវ​ពុករលួយ​របស់លោក គង់ ផល្លា​គុណ នៅពេលនេះ​គឺ​ការឃុបឃិត​ជាមួយ​អនុប្រធាន​របស់ខ្លួន​ម្នាក់ ហើយ​ដោះលែង​ថ្នាំសម្រើប​៩​វ៉ាលិស​ធំៗ​ទម្ងន់​២៤១​គីឡូក្រាម ដើម្បី​ជា​ថ្នូរ​នឹង​ប្រាក់​រាប់ម៉ឺន​ដុល្លារ​។ បញ្ហា​នេះ​គេ​ចាំមើល​ចំណាត់ការ​របស់លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ចំពោះ​មន្ត្រី​ពុករលួយ​ដូចជា លោក គង់ ផល្លា​គុណ ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ដើម្បី​ជាការ​ព្រមាន​។

​ប្រភពពី​មន្ត្រី​គយ​តូចតាច​នៅ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កន្លងមក​ភ្នាក់ងារ​គយ​នៅ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប ចាប់បាន​ថ្នាំសម្រើប​ចំនួន​៩​វ៉ាលិស​ធំៗ ប៉ុន្តែ​កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៦ ទើប​បែក​រឿង​លោក គង់ ផល្លា​គុណ និង​អនុប្រធាន​ម្នាក់​លួ​យ​ប្រគល់​ថ្នាំសម្រើប​នោះ​ទៅ​ឲ្យ​ម្ចាស់​វិញ​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ក្នុង​ខេត្តសៀមរាប ក៏ដូចជា​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ព្រោះ​តាម​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក គង់ ផល្លា​គុណ ប្រគល់​ថ្នាំសម្រើប​ឲ្យ​ឈ្មួញ​វិញ​ជា​ថ្នូរ​នឹង​លុយរាប់​ម៉ឺន​ដុល្លារ​។ បញ្ហា​នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ផងដែរ ព្រោះ​ការដែល​លោក គង់ ផល្លា​គុណ ប្រគល់​ថ្នាំសម្រើប​ឲ្យ​ឈ្មួញ​ដើម្បី​ជា​ថ្នូរ​នឹង​លុយរាប់​ម៉ឺន​ដុល្លារ គឺជា​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត​តែម្តង​។

តាម​ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ការដែល​លោក គង់ ផល្លា​គុណ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺអាច​មានការ​ឃុបឃិត​ជាមួយ​ប្រធាន​សាខាគយ​ខេត្តសៀមរាប ក៏ដូចជា​គយ​ចល័ត​នៅតាម​ផ្លូវ​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ លើស​នេះ​ទៅទៀត​កន្លងមក​ក្នុងនាម​ជា​ប្រធានការិយាល័យ​គយ​ច្រក​ព្រលានយន្តហោះ​សៀមរាប លោក គង់ ផល្លា​គុណ បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ដូចជា ថ្នាំសម្រើប ថ្នាំពេទ្យ គ្រឿងសម្អាង ទូរស័ព្ទ​ទំនើបៗ និង​សម្លៀកបំពាក់​ថ្លៃៗ​ជាដើម ដើម​ជា​ថ្នូរ​នឹង​ទទួល​សំណូក​យ៉ាង​សុខ​ស្រួល​។ ដូច្នេះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មិនត្រូវ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់លោក គង់ ផល្លា​គុណ និង​បក្ខពួក​មួយ​ក្ដាប់​តូច​នោះទេ ព្រោះ​ពួកគេ​ធ្វើ​ឲ្យ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​ស្ថាប័នគយ​ត្រូវ​បរាជ័យ​ទាំងស្រុង​៕

chanroth-817

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា wat-1209ppp 440px-siem_reap_airport