តារា​បង្ហាញ​ម៉ូ​ដ​អូស្ត្រាលី​រង​ការ​រិះគន់​លើ​ការ​ឃោសនា «​ឈុត​ក្នុង​» បែប​អាសអាភាស

ឈុត​ក្នុង​ស្ត្រី​ផលិតផល​របស់​ស្លាក​សញ្ញា​អូស្ត្រាលី​មួយ ត្រូវ​ហាម​ឃោសនា​ក្រោយ​ពី​ទស្សនិកជន​រិះគន់​ថា មាន​លក្ខណៈ​ដូច​ក្នុង «​ភាពយន្ត​អាសអាភាស​» ។ ទោះ​ជាយ៉ាង​ណា​ក្តី តារា​ដែល​បង្ហាញ​ម៉ូ​ដ​ឈុត​ក្នុង​នោះ ជំទាស់ ដោយ​អះអាង​ថា នាង​ចង់​បង្ហាញ​ឱ្យ​ស្ត្រី​ទូទៅ​មាន​ជំនឿ​ចិត្ត​លើ​ឈុត​របស់​ខ្លួន ។ ការ​ឃោសនា​ឈុត​ក្នុង «Bra N things» ដែល​តារា​បង្ហាញ​ម៉ូ​ដ Simone Holtznagel ជា​អ្នក​ដើរ​បង្ហាញ​ត្រូវ​ទស្សនិកជន​ជា​ច្រើន​រិះគន់​ថា ជា​រឿង​មិន​សមរម្យ ព្រោះ​ឃោសនា​បង្ហាញ​តាម​ទូរទស្សន៍​មាន​មនុស្ស​គ្រប់​វ័យ​ទាំង​ក្មេង និង​ចាស់​ទស្សនា ។

ទស្សនិកជន​ម្នាក់​រិះគន់​ថា «​នេះ​ជាទី​សាធារណៈ​មាន​ទាំង​កុមារ និង​ក្រុម​គ្រួសារ ហេតុ​អ្វី​បានជា​យើង​មក​ជួប​ព្រឹត្តិការណ៍​បែប​នេះ ។ ឥរិយាបថ​នោះ​ប្រៀប​ដូច​ជា​រឿង​អាសអាភាស​មួយ​ដែល​បង្ហាញ​នៅ​ទី​សាធារណៈ​» ។ បន្ទាប់​ពី​រង​ការ​រិះគន់​មក ឈុត​ក្នុង​នោះ​ត្រូវ​ហាម​ឃោសនា ធ្វើ​ឱ្យ​តារា​បង្ហាញ​ម៉ូ​ដ Simone Holfznagel ខឹង​យ៉ាង​ខ្លាំង​ចំពោះ​ការ​រិះគន់​របស់​មហាជន ៕