ម្នាក់ៗរង់ចាំដោយក្តីរន្ធត់ចិត្ត ព្រោះស្តែងពេក…

ខេត្តបាត់ដំបង ៖ មន្ត្រី​កងរាជអាវុធហត្ថ​បាន​រាយការណ៍​ថា យុវជន​ម្នាក់​បាន​រអិល​ជើង​ធ្លាក់​ពីលើ​គ្រឹះ​សសរស្ពាន​រថភ្លើង​ចូល​ក្នុង​ទឹកស្ទឹង​សង្កែ បណ្ដាល​ឲ្យ​លង់​ស្លាប់ កាលពី​រសៀល​ថ្ងៃ​ទី​១១ កញ្ញា នៅ​ចំណុច​ស្ពានដែក (​ផ្លូវ​រថភ្លើង​) ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ហើយ​ត្រូវ​សាច់ញាតិ​រាវរក​ឃើញ​សព ​ក្រោយ​បាត់​ខ្លួន​មួយ​យប់​នៅ​ក្នុង​ទឹកស្ទឹង ។

របាយការណ៍​មន្ត្រី​កងរាជអាវុធហត្ថ​ដដែល​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ហង់ សា​អៀង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ។

សេចក្ដីរាយការណ៍​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​គឺ​ស្ថិត​ក្នុង​ចំណោម​មិត្តភក្ដិ​ប៉ុន្មាន​នាក់​ទៀត បាន​នាំ​គ្នា​ទៅ​លេង​លើ​ស្ពាន​រថភ្លើង​ខាងលើ​នេះ តែ​មិនដឹង​យ៉ាងម៉េច ​ស្រាប់តែ​រអិល​ជើង​ធ្លាក់​ពីលើ​គ្រឹះ​សសរស្ពាន​កណ្ដាលស្ទឹង​សង្កែ ខណៈ​មេឃ​កំពុង​រលឹម​ចូល​ទឹកស្ទឹង​ចំ​កន្លែង​ទឹក​ជ្រៅ​ បណ្ដាល​ឱ្យ​លង់​ស្លាប់​តែ​ម្ដង ។

មន្ត្រី​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​កើតហេតុ​ភ្លាម សាច់ញាតិ និង​មិត្តភក្ដិ​បាន​ព្យាយាម​ចុះ​រាវរក​តែ​រក​មិនឃើញ​ទេ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា នាំ​គ្នា​ចុះ​រាវរក​ម្ដងទៀត ទើប​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​នោះ ។

តាម​ការ​បំភ្លឺ​ពី​សាក្សី​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​យុវជន​រង​គ្រោះ​ជាមួយ​មិត្តភក្ដិ​ប៉ុន្មាន​នាក់​ទៀត បាន​នាំ​គ្នា​ទៅ​ស្ទូច ត្រី​នៅ​ម្ដុំ​ស្ពានដែក​ផ្លូវ​រថភ្លើង​នោះ ។ ពួក​គេ​បាន​នាំ​គ្នា​ទៅ​អង្គុយ​លើ​គ្រឹះ​សសរស្ពាន​ចំ​កណ្ដាលស្ទឹង តែ​បន្តិច​ក្រោយមក ខណៈ​ពេល​មេឃ​កំពុង​រលឹម​ផង ស្រាប់តែ​គេ​ឃើញ​យុវជន​ម្នាក់​រអិល​ជើង​ធ្លាក់​ពី​គ្រឹះ​សសរស្ពាន​ ចូល​ទៅ​ក្នុង​ទឹកស្ទឹង​ចំ​កន្លែង​ជ្រៅ ដែល​ទឹក​កំពុង​ហូរ​ បណ្ដាល​ឲ្យ​បាត់​ខ្លួន​ភ្លាម​ៗ​តែ​ម្ដង។

សាក្សី​បាន​បញ្ជាក់​ថា គ្រានោះ​ គេ​ឃើញ​មិត្តភក្ដិ​បាន​ចុះ​មុជ​រាវរក​ជន​រង​គ្រោះ​នៅ​ក្នុង​ទឹក​ដែរ តែ​មិន​ប្រទះ​ឡើយ បើ​ទោះជា​ក្រុម​គ្រួសារ​ជា​ច្រើន​នាក់​មក​ជួយ​រាវរក​ក្ដី លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា ទើប​ក្រុម​គ្រួសារ​ចុះ​រាវរក​ឃើញ​សព​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ។

សមត្ថកិច្ច​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ​ដើម្បី​សួរនាំ និង​ពិនិត្យ​សាកសព​ភ្លាម​ៗ​ដែរ បន្ទាប់​ពី​ក្រុម​គ្រួសារ​ស្វែងរក​ឃើញ ។ មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា បើ​តាម​ការ​ពិនិត្យ និង​ការ​បំភ្លឺ​នានា​ពី​សាក្សី ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​មែន ៕