ឈ្មួញ​បន្ថោក​តម្លៃស្រូវ ប្រជាកសិករអំពាវនាវរកអន្តរាគមន៍

ឈ្មួញ​បន្ថោក​តម្លៃស្រូវ ប្រជាកសិករអំពាវនាវរកអន្តរាគមន៍



ខេត្តបន្ទាយមានជ័យ ៖ ឈ្មួញ​បន្ថោក​តម្លៃ​ស្រូវ កសិករខ្មែរនៅ​តែ​លក់​សងបំណុល​គេ ព្រោះ​គ្មាន​ជម្រើស​! នៅ​ឆ្នាំ​២០១៦​នេះ ប្រជា​កសិករ​ជួប​នូវ​កង្វល់​មួយ​គឺ​ឈ្មួញ​ប្រមូល​ទិញ​ស្រូវ​ក្នុង​តម្លៃ​ថោក ហើយ​មិនដឹង​ថា ​ស្វែងរក​ជំនួយ​បែប​ណា​ទេ ក្រៅ​តែ​ពី​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន មេត្តា​ជួយ​រក​ទីផ្សារ និង​សុំ​ឲ្យ​តម្លៃ​ស្រូវ​ដើមរដូវ​ឆ្នាំ​នេះ​ដូច​ឆ្នាំ​២០១៥​ដែរ ។

ប្រជា​កសិករ​បាន​ត្អូញត្អែរ​ថា នៅ​ខេត្តបន្ទាយមានជ័យ​ក្នុង​ឆ្នាំ​២០១៦​នេះ ឈ្មួញ​ទិញ​ស្រូវ​ថោក​ជាង​ឆ្នាំ​២០១៥ គឺ​ឲ្យ​តម្លៃ​ឡើង​ចុះ​តាមតែ​មាត់ ដូច​ជា​ប្រភេទ​ស្រូវ​សែន​ក្រអូប​នៅ​អំឡុង​ដើមខែ​កញ្ញា​នេះ ឈ្មួញ​ទិញ​១​តោន​៩.០០០​បាត​(​ប្រាក់​ថៃ​) ហើយ​មក​ដល់​ថ្ងៃ​ទី​១១ ខែកញ្ញា ឈ្មួញ​ទម្លាក់​ថ្លៃ​មក​នៅ​ត្រឹមតែ​៧.០០០​បាត​ក្នុង​១​តោន ។

ប្រជា​កសិករ​រំឭក​ថា ស្រូវ​សែន​ក្រអូប​នេះ​កាល​ឆ្នាំ​២០១៥ លក់​បាន​ពី​១០.០០០​បាត​ទៅ​១២.០០០​បាត​ក្នុង​១​តោន ។ ពួក​គាត់​បាន​សំណូម​ដល់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សូម​ជួយ​រក​ទីផ្សារ​ស្រូវ​និង​កំណត់​តម្លៃ​ស្រូវ​ឲ្យ​បាន​ច្បាស់លាស់​ផង កុំ​ឲ្យ​ឈ្មួញ​កំណត់​តម្លៃ​តាមតែ​មាត់​របស់​គេ​តទៅ​ទៀត និង​ធ្វើ​ឱ្យ​ប្រជា​កសិករ​កាន់តែ​អស់សង្ឃឹម​ក្នុង​ការ​ប្រកប​របរ​ធ្វើស្រែ​ចម្ការ​ផង​ដែរ ។

លោក ឆាន់ ម៉ា​ន​ហេង សមាជិក​សភាពាណិជ្ជកម្ម​ខេត្ត​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​អង្ករ​នៅ​ខេត្ត​ជាយ​ដែន​ឆ្នាំ​នេះ​មាន​តម្លៃ​ថោក ព្រោះតែ​ឈ្មួញ​សម្រុក​នាំ​អង្ករ​ពី​ប្រទេស​វៀតណាម ចូល​មក​លក់​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ។

លោក សួន បវរ អភិបាលខេត្ត មានប្រសាសន៍​ទាក់ទង​នឹង​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​នេះ​ថា អាជ្ញាធរ​ខេត្ត​និង​មន្ទីរ​ជំនាញ បាន​ស្វះស្វែង​ធ្វើ​ទំនាក់ទំនង​រក​ទីផ្សារ​ពី​ប្រទេស​ជិតខាង​ដើម្បី​ឲ្យ​ស្រូវ​អង្ករ​បាន​ថ្លៃ​ប្រសើរ​ឡើង​វិញ​សម្រាប់​ប្រជា​កសិករ តែ​លទ្ធផល​បែប​ណា​នោះ​មិន​ទាន់​ដឹង​ថា អាច​ឆ្លើយ​តប​យ៉ាងណា​នៅឡើយ​ទេ ។

ជាក់ស្តែង​ប្រជា​កសិករ​នៅ​ខេត្តបាត់ដំបង​បានអោយ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​១១ កញ្ញា ២០១៦​នេះ តម្លៃ​ស្រូវ​១​តោន​៧,០០០​បាត(២០០ដុល្លារ)​!!! ម្តេច​ក៏​ថោក​ម្ល៉េះ? ហេតុ​អ្វី​ខ្ញុំ នៅ​តែ​លក់? កុំ​ដៀល​ថា ខ្ញុំ​ល្ងង់ នេះ​មក​ពី​ខ្ញុំ​គ្មាន​ជម្រើស ខ្ញុំ​បាន​ខ្ចី​លុយ​គេ និង​យក​ជី​គេ​មក​ប្រើប្រាស់​មុន ដើម្បី​ចំណាយ​ក្នុង​ការ​ធ្វើស្រែ​ឲ្យ​បាន​ល្អ ឥឡូវ​ដល់​ថ្ងៃ​កំណត់​ហើយ ខ្ញុំ​មិន​លក់​មិន​បាន​ទេ ណាមួយ​ដល់​វេលា​ភ្ជួរ​រាស់​សារ​ថ្មី ហើយ​ភ្លៀង​ធ្លាក់​មិន​បើក​ថ្ងៃ​ឲ្យ​ខ្ញុំ​ហាល​ស្រូវ​ទៀត​។ ពេល​ស្រែ​ខ្ញុំ​លិច​ទឹក ខ្ញុំ​ទៅ​បង្ហូរទឹក​ចេញ​ទាំងថ្ងៃទាំងយប់ ពេល​ស្រែ​អត់​ទឹក ខ្ញុំ​ខំ​បរ​គោ​យន្ត​ទៅ​ដេកចាំ​នៅ​វាលស្រែ​ដើម្បី​បូមទឹក​ចូល​... ល​ទ្ឋ​ផល​ពេល​នេះ​ស្រូវ​មួយ​កន្លែង​ត្រូវ​ងាប់​ដោយសារ​ខ្វះ​ទឹក​មួយ​ន្លែ​ង​ ទៀត​ប្រមូល​ផល​មិន​បាន​ច្រើន ដូច​ការ​រំពឹង​ទុក​សោះ​ព្រោះ ត្រូវ​ទឹកភ្លៀង​ខ្លាំង​ពេក ឥឡូវ​ខ្ញុំ​ដឹកស្រូវ​មួយ​គោ​យ​ន្តម​ក​ចាំ​លក់​នៅ​មាត់​ផ្លូវ​ឃើញ​ថា មិន​ត្រឹមតែ​ខ្ញុំ​ទេ​ដែល​បង្ខំចិត្ត​លក់​ស្រូវ​ទាំង​តម្លៃ​ថោក គឺ​មាន​គោ​យន្ត​គេ​រាប់​សិប​គ្រឿង​កំពុង​ចាំ​លក់​ស្រូវ​ដែរ​...​ ខ្ញុំ​ចាំ​ឈ្មួញ​មក​ទិញ​យូរ​រហូត​មេឃ​ចាប់ផ្តើម​ងងឹត​ទើប​ពួក​គាត់​មក​ទិញ តែ​ខ្ញុំ​ត្រូវ​រង​ចាំ​ដល់​វេន​ខ្ញុំ​រហូត​ដល់​ម៉ោង​៩និង១០នាទី យប់​ទើបបាន​លក់​។ ខ្ញុំ​ខាត​ច្រើន​ណាស់ គឺ​ខាត​ទាំង​លុយ​និង​កម្លាំង ខ្ញុំ​បារ​ម្ម​ណ៍​ថា បើ​ស្រូវ​នៅ​តែ​ថោក​ដូចនេះ​ទៀត​ មិនដឹង​ជីវភាព​ខ្ញុំ​នៅ​តែ​ក្រីក្រ​ដុនដាប​ដល់​ពេល​ណា​ទេ​... ប្រហែលជា​ខ្ញុំ​ត្រូវ​បង្ខំចិត្ត​ឈប់​ធ្វើស្រែ បែរ​ចំណាកស្រុក​ដូច​គេ​ទៅ​ធ្វើការ​ជា​កម្មករ​នៅ​ប្រទេស​គេ​ហើយ​ទើប​មាន​លុយ​ នឹង​គេ​ខ្លះ​។

អ្វី​ដែល​ខ្ញុំ​រំពឹង​ទុក​ក៏​ដូច​ប្រជា​កសិករ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជាគ្មាន​អ្វី ក្រៅពី​សំណូមពរយ៉ា​ង​ទ​ទួ​ច​ សុំ​ឲ្យ​រដ្ឋាភិបាល​ ក្រសួង​ពាក់ព័ន្ធ អង្គការ​សង្គម​ស៊ី​វិល​ មេត្តាជួយ​អន្តរាគមន៍​ និងយកចិត្តទុកដាក់​ជួយ​រៀបចំ​តម្លៃ​ស្រូវ​ឲ្យ​មាន​ទីផ្សារ ​មាន​តម្លៃ​សមរម្យ​កុំ​ឲ្យ​មានការ​បន្ថោក​តម្លៃ​ពី​ឈ្មួញ​ហួសហេតុ​ពេក ​។

ជាមួយគ្នានេះដែរប្រភព​ព័ត៌មាន​ពី​អ្នក​រកស៊ី​ទិញ​ស្រូវ ដឹក​យក​ទៅ​លក់​ឱ្យ​ឈ្មួញ​វៀតណាម នៅ​តំបន់​អ្នក​លឿង បានឱ្យ​ដឹង​ថា នៅ​២០១៦នេះ​តម្លៃ​ស្រូវ​របស់​កសិករ​ឡើង​ខ្ពស់​បំផុត​បាន​ត្រឹមតែ​៨៦០​ ទៅ​៨៧០​រៀល​ ប៉ុណ្ណោះ ក្នុង​១​គីឡូក្រាម​ (១តោនស្រូវលក់បានប្រហែល២១៦ដុល្លារ)។

ឈ្មួញ​អ្នក​រកស៊ី​ទិញ​ស្រូវ​លក់​បាន​បញ្ជាក់​បន្ត​ថា បើ​ទិញ​នៅ​ខេត្តបាត់ដំបង ពោធិ៍សាត់ ១​គីឡូក្រាម​ស្រូវ​ទិញ​ចូល​ខ្ពស់​បំផុត​បាន​ត្រឹមតែ​៦៩០​រៀល ។ សម្រាប់​លក់​ចេញ​ឱ្យ​វៀតណាម បើ​ស្រូវ​សើម​១​គីឡូក្រាម​បាន​ថ្លៃ​៨៦០ បើ​ស្រូវ​ស្ងួត​បាន​ថ្លៃ​ត្រឹមតែ​៨៧០​រៀល​ប៉ុ​ណ្នោះ ។

ឈ្មួញ​បានឱ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ស្រូវ​របស់​កសិករ​មិន​អាច​ឡើងថ្លៃ​ខ្ពស់​បាន​នោះ ដោយសារ​ការ​ដឹក​ជញ្ជូន​ស្រូវ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ត្រូវ​ជួប​ការ​ខាតបង់​តាម​ផ្លូវ​ជា​ច្រើន​កន្លែង​ពេក សុទ្ធតែ​កុងត្រូលជជុះ​ដុះ​ម​មិះ បើ​រាប់​ត្រួស​ៗ​មាន​ចំនួន​១០​កន្លែង សរុប​ជា​ទឹកប្រាក់​អស់​ចាប់ពី​២០​ទៅ​៣០​ម៉ឺន​រៀល ក្នុង​រថយន្ត​១​គ្រឿង ។

ចំណែកឯ​ប្រជា​កសិករ​រស់នៅ​ក្នុង​ឃុំ​កំពង់​ប្រាសាទ ស្រុក​ពាម​ជរ ក៏​ដូច​ជា​ប្រជា​កសិករ​រស់នៅ​ក្នុង​ខេត្តព្រៃវែង​ទាំងមូលបាន​ត្អូញត្អែ​ថា ធ្វើស្រែ​ក្នុង​១​ឆ្នាំ​ៗ ​គ្រាន់តែ​ដោះបំណុល​ឱ្យទៅ​ឈ្មួញ​ថ្លៃ​ជី ថ្នាំ​បាញ់​ស្រូវ និង​ពូជ របស់​ពួក​ឈ្មួញ​វា​មាន​តម្លៃ​ខ្ពស់ រីឯ​ភោគផល​ដែល​កសិករ​ទទួល​បាន​ដូច​ជា​ស្រូវ ពោត សណ្តែក មាន​តម្លៃ​ថោក អត់​មាន​តុល្យភាព​នឹង​គ្នា​ទេ ដូច​អត់​បាន​ចំណេញ​សោះ ។

ប្រជា​កសិករ​ដែលកំពុង​មមាញឹក​ប្រមូល​ផល​ស្រូវ នៅ​ក្នុង​ឃុំ​កំពង់​ប្រាសាទ ស្រុក​ពាម​ជរឱ្យ​ដឹង​ថា ស្រូវ​ពួក​គាត់​លក់​បាន​តែ៧៥០​ទៅ​៧៦០​រៀល ក្នុង​១​គីឡូក្រាម​ប៉ុណ្ណោះ ។ បើ​ដឹក​យក​ទៅ​លក់​នៅ​ព្រំដែន លក់​បាន​ថ្លៃ​៨៦០​ទៅ​៨៧០​រៀល ។ ពួក​គាត់​ឱ្យ​ដឹង​ថា មូលហេតុ​ស្រូវ​ពួក​គាត់​មិន​បាន​ថ្លៃ ដោយសារ​ទូក​វៀតណាម ដែល​ឡើង​មក​ទិញ​ស្រូវ​ពី​កសិករ គេ​មិន​ហ៊ាន​ឱ្យ​តម្លៃ​ខ្ពស់​ទេ ដោយសារ​ឡើង​មក ក្នុង​ទូក​១ ចំណុះ​១០០​តោន ត្រូវ​បង់​ឱ្យ​សមត្ថកិច្ច​វៀតណាម​ចំនួន​៣​លាន​៧​សែន​ដុ​ង ។ បង់​ឱ្យ​ខាង​ខ្មែរ​មាន​គយ ប៉ូលិស​ព្រំដែន កាំកុងត្រូល សាលាខេត្ត សរុប​អស់​៥​លាន​ដុ​ង​ទៀត ។ សរុប​ទាំង​ខ្មែរ ទាំង​ខាង​វៀតណាម ទូក​១​ត្រូវ​បង់អស់​៨​លាន​៧​សែន​ដុ​ង​ទៅ​ហើយ ៕