ពលរដ្ឋ​រិះគន់​រឿង​ផ្លូវ​មុខ​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ ធ្វើ​ហើយ​ឆាប់​ខូច​ទៅវិញ​

ប្រជាពលរដ្ឋ​នៅ​ក្រុងព្រះសីហនុ បាន​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពិនិត្យមើល​គុណភាព​ផ្លូវ​នៅមុខ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ខ្លះ​ផង ព្រោះ​អី​ផ្លូវ​នេះ​ធ្វើ​មិនទាន់បាន​២​ខែ​ផង​ក៏​រង​ការខូចខាត​ទៅវិញ​។ មន្ត្រីរាជការ​ក្នុង​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ​មួយចំនួន បាន​លើកឡើងថា ដោយសារ​ក្រុមហ៊ុន​ម៉ៅ​ការធ្វើ​ផ្លូវខុស​ស្តង់ដារ​បច្ចេកទេស​ទើប​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ខូច​ទៅវិញ​។ ជាងនេះទៅទៀត​មានការ​សង្ស័យថា លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ជាប់​ពាក់ព័ន្ធ​ទៅនឹង​អំពើពុករលួយ ឬ​មិន​យកចិត្តទុកដាក់​ពិនិត្យ​គុណភាព​ពេល​ក្រុមហ៊ុន​កំពុង​ធ្វើ​ផ្លូវ ទើប​ផ្លូវ​គ្មាន​គុណភាព​ដើម្បី​ប្រើប្រាស់​យូរអង្វែង​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ផ្លូវ​ខាងមុខ​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ ធ្វើ​រួចរាល់​មិនទាន់បាន​២​ខែ​ផង​ក៏​ខូចខាត​ជាច្រើន​កន្លែង​ប្រេះ​ស្រុត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ជិះ​ម៉ូតូ​អាច​ដួល​នៅពេល​បើក​ឆ្លងកាត់​កន្លែង​ផ្លូវ​ខូច​។ ទាក់ទង​នឹង​បញ្ហា​នេះ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ លោក ណុប ហេង បានត្រឹមតែ​សន្យា​ជួសជុល​កន្លែង​ខូច​ឡើងវិញ ហើយ​ទទួលស្គាល់ថា​ក្រុមហ៊ុន​ម៉ៅការ​ធ្វើ​ផ្លូវ​នេះ​លាយ​សាច់​កៅស៊ូ​មិនត្រូវ​លក្ខណៈ​បច្ចេកទេស​។ ទោះជា​យ៉ាងណា​ប្រភព​ខ្លះ​សង្ស័យថា មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អំពើពុករលួយ​របស់​ថ្នាក់ដឹកនាំ​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ ទើប​ក្រុមហ៊ុន​ម៉ៅការ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ស្របតាម​បទដ្ឋាន​បច្ចេកទេស ដូច្នេះហើយ​ផ្លូវ​ធ្វើ​រួច​ប្រើប្រាស់​មិនទាន់បាន​២​ខែ​ផង​ក៏​ខូច​ទៅវិញ​ជាច្រើន​កន្លែង​។

​មន្ត្រីរាជការ​ក្នុង​ខេត្ត​ព្រះសីហនុ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ផ្លូវ​ដែល​ធ្វើ​ហើយ​រង​ការខូចខាត​ភ្លាមៗ​នោះ មាន​ប្រវែង​ប្រមាណ​៥០០០​ម៉ែត្រ ដូច្នេះ​រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​យ៉ាងច្រើន​សម្រាប់​ជួសជុល​ឡើងវិញ ក្នុងខណៈដែល​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ ខ្វះ​ការទទួលខុសត្រូវ​ក្នុងតួនាទី​របស់ខ្លួន​។ បញ្ហា​នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ការសាងសង់​ផ្លូវ​ក្នុង​ក្រុងព្រះសីហនុ ក៏ដូចជា​តាម​បណ្ដា​ខេត្ត​នានា ត្រូវគេ​ដឹងថា​ពុំមាន​គុណភាព​ដោយសារតែ​មន្ត្រី​ជំនាញ និង​ក្រុមហ៊ុន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​។ ជាក់ស្ដែង​ផ្លូវ​មុខ​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ ធ្វើ​រួច​ប្រើប្រាស់​មិនទាន់បាន​២​ខែ​ស្រួលបួល​ផង ក៏​រង​ការខូចខាត​ប្រមាណ​៥០០០​ម៉ែត្រ ហើយ​រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​បន្ថែមទៀត​ពីលើ​ថវិកា​សាងសង់​ផ្លូវ​នេះ​៕

photo_2016-01-27_13-10-5041

លោក ស៊ុន ​ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន img_20160911_110132 img_20160911_110122